ទាហាន​ស្រុក​លំផាត់ រារាំង​សង្គម​ស៊ីវិល​មិន​ឲ្យ​ចុះ​អង្កេត​ជម្លោះ​ដីធ្លី

ក្រុម​ទាហាន​រារាំង​ការ​ចុះ​ស៊ើប​អង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ម្សិល​មិញ។

ក្រុម​ទាហាន​រារាំង​ការ​ចុះ​ស៊ើប​អង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ម្សិល​មិញ។ រូបថត អង្គការ​អាដហុក



ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ អង្គការ​សង្គម​ស៊ីវិល បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​សឹក​រង ស្រុក​លំផាត់ ខេត្ត​រតនគិរី ថា បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថត​រូប និង​រារាំង​ពួក​គេ​នៅ​ពេល​ចុះ​អង្កេត​ជម្លោះ​ដីធ្លី រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​វៀតណាម។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក មាន​លោក ព្រហ្ម មុនី និង​អង្គការ​លីកាដូ លោក សុវណ្ណ ប៊ុនថៃ បាន​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ពី​ជម្លោះ​ដីធ្លី​មួយ រវាង​ពលរដ្ឋ ២៧ គ្រួសារ​ក្នុង ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ជាមួយ​នឹង​ក្រុម​ហ៊ុន វៀតណាម ហ័ងអាញ់ លំផាត់ លើ​ទំហំ​ផ្ទៃ​ដី​ជាង ១០០ ហិកតា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ។

លោក​បាន​បញ្ជាក់​ថា៖ «ពលរដ្ឋ​បាន​តវ៉ា​ទាមទារ​យក​ដី​នោះ​វិញ ហើយ​អង្គការ​យើង​ចុះ​អង្កេត​តែ​ត្រូវ​ទាហាន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២០ នាក់​និង​អាជ្ញាធរ​ប្រហែល ១០ នាក់​បាន​ទៅ​រារាំង ដោយ​គំរាម​កំហែង និង​ឆក់​យក​ម៉ាស៊ីន​ថត​រូប​ពីរ​គ្រឿង និង​ទូរស័ព្ទ ១ គ្រឿង»។

លោក​បន្ត​ថា ក្រុម​ទាហាន​ទាំង​នោះ​ដឹក​នាំ​ដោយ លោក ស៊ន ពល ហើយ​ឈ្មោះ ស៊ន ពល នោះ​បាន​បញ្ជា​ឲ្យ​កូន​ចៅ​លុប​រូប​ថត​ដែល​ថត​នៅ​កន្លែង​ពលរដ្ឋ​តវ៉ា​ចោល​ទាំង​អស់។

លោក ឆាយ ធី បាន​អះអាង​ថា ដី​ទាំង​នោះ​ជា​ដី​ដូន​តា​របស់​ប្រជា​ពលរដ្ឋ ហើយ​ខ្លះ បាន​កាន់​កាប់​តាំង​ពី ឆ្នាំ​១៩៧៩ មក ដោយ​ធ្វើ​ការ​ដាំ​ដុះ​លើ​ដី​នោះ។ លើស​ពី​នេះ​ដី​មួយ​ចំនួន​ត្រូវ​ក្រុម​និស្សិត​វាស់​វែង​ឲ្យ​ហើយ ប៉ុន្តែ​នៅ​តែ​ក្រុម​ហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ និង​ហ៊ុម​ព័ទ្ធ​របង​ដើម្បី​ដាំ​ដូង​ប្រេង​ទៀត។ ដោយ​សារ​តែ​ពលរដ្ឋ​ធ្វើការ​តវ៉ា​ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​កម្លាំង​ទាហាន​ដើម្បី​ទប់​ទល់​នឹង​ពលរដ្ឋ​ដោយ​បាន​កាត់​ដី​ទំនាស់​ចំនួន ៩ ហិកតា​ឲ្យ​ទាហាន​យក​ទៅ​ធ្វើ​បន្ទាយ។

លោក ធី បញ្ជាក់​ថា៖ «ទាហាន​ចោទ​យើង​ថា ទៅ​ញុះ​ញង់​ពលរដ្ឋ​ឲ្យ​តវ៉ា​តែ​មិន​ពិត​ទេ។ ពលរដ្ឋ​តវ៉ា​ទាមទារ​យក​ដី​គាត់​វិញ។ ទាហាន​ទៅ​វិញ​ទេ ដែល​ប្រើ​អំណាច និង​រារាំង​អង្គការ»។

ទោះ​បី​យ៉ាង​ណា លោក ស្រី សុផាត មេ​បញ្ជាការ​សឹក​រង ស្រុក​លំផាត់ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នោះ ដោយ​លោក​ថ្លែង​ថា មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់​នោះ បាន​ថត​សកម្មភាព​ក្រុម​ទាហាន​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ពួក​គេ​ក៏​គ្មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ផង​ដែរ។

លោក គង់ ស្រ៊ុន អភិបាល ស្រុក​លំផាត់ ក៏​បាន​ឲ្យ​ដឹង​ផង​ដែ​រថា ទាហាន​បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​ឈរ​ជើង​នៅ​តំបន់​នោះ បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ បាន​ស្នើ​សុំ​ដី​ពី​ក្រសួង​បរិស្ថាន។
1
លោក​អភិបាល​បញ្ជាក់​ថា៖ «ទាហាន​ឈរ​ជើង​នៅ​ទី​នោះ​អត់​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទេ តែ​ដើម្បី​ការពារ​សន្តិសុខ​ប៉ុណ្ណោះ។ កន្លែង​ដែល​ឈរ​ជើង​នោះ​ជា​ដី​សុំ​ពី​បរិស្ថាន​មិន​មែន​ក្រុម​ហ៊ុន​ឲ្យ​ទេ»។ លោក គង់ ស្រ៊ុន ក៏​បាន​អះអាង​ផង​ដែរ​ថា ដី​ដែល​ពលរដ្ឋ​ទាមទារ​នោះ​ជា​ដី​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន ដូនពេញ អាហ្គ្រីកូ។ ក្រោយ​មក ក្រុម​ហ៊ុន ដូ​ពេញអាហ្គ្រីកូ បាន​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន ហ័ងអាញ់ លំផាត់ ដើម្បី​ដាំ​ដូង​ប្រេង​នៅ​លើ​ផ្ទៃ​ដី​ជាង ៨ ពាន់​ហិកតា។

លោក​បន្ថែម​ថា ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ទិញ​លក់​ដី​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​ពី​ឈ្មួញ​ដី​យ៉ាង​អនាធិបតេយ្យ​ដោយ​ខុស​ច្បាប់ ហើយ​ក្រោយ​មក​បាន​ចោទ​ថា ក្រុម​ហ៊ុន​រំលោភ​យក​ដី​ពួក​គាត់​ទៅ​វិញ៕


What Next?

Recent Articles