ឥរិយាបថ​អ្នកនាំពាក្យ​មួយចំនួន កំពុង​បំផ្លាញ​ប្រជាប្រិយភាព​របស់​បក្ស​ដឹកនាំ​រដ្ឋាភិបាល​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកជំនាញ​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​លើកឡើងថា អ្នកនាំពាក្យ​នៅតាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ពេល​បច្ចុប្បន្ន​មិន​ទាន់​បំពេញ​តួ​នាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ ជា​ហេតុ​ធ្វើ​ឲ្យ​សាធារណៈ​ជន​មិន​ពេញចិត្ត ជា​ផ្នែក​មួយ​នាំ​ឲ្យ​ខូច​ប្រជាប្រិយភាព​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​។​

​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សារព័ត៌មាន លើកឡើងថា បច្ចុប្បន្ន​ស្ថាប័នរដ្ឋ​មិនទាន់​បើកទូលាយ​សារព័ត៌មាន​ឲ្យ​សាធារណៈជន​បាន​ដឹង​ទេ​។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន​ក៏បាន​រិះគន់​លើ​ឥរិយាបថ​អ្នកនាំពាក្យ​តាម​ស្ថាប័ន​រដ្ឋ​មួយចំនួន ដែល​តែង​ប្រើ​ពាក្យ​ប្រមាថ ឬ​ពាក្យ​មិន​សមរម្យ​មកលើ​អ្នកសារព័ត៌មាន​នៅ​ពេល​ដែល​ពួក​គេ​សាកសួរ​។​

​នៅ​ពេល​ថ្មីៗ​នេះ អ្នកសារព័ត៌មាន VOD  បាន​សាកសួ​រលោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ករណី​តំណាងរាស្ត្រ​គណបក្សប្រឆាំង អញ្ជើញ​ឲ្យ​នាយករដ្ឋមន្ត្រី​បំភ្លឺ អំពី​វៀតណាម​រំលោភ​យក​ដី​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី​។ ពេលនោះ​លោក ផៃ ស៊ីផា​ន បាន​ប្រើ​ពាក្យ​មិន​សមរម្យ ហើយ​ឲ្យ​អ្នកសារព័ត៌មា​នទៅ​រក​មើល​បញ្ជា​ផ្ទៃក្នុង​ជំនួស​ការ​សួរ​លោក​។ លោក​ថា «​ប្រហែល​តំណាង​រាង​រាស្ត្រ​ហ្នឹង ទើប​មកពី​ស្រុក​ក្រៅ បាន​វា​អត់​ដឹង​សាច់​រឿង​ហ្នឹង អា​នេះ​ខ្ញុំ​មិន​ប្រឆាំង​អី​លោក​ទេ ខ្ញុំ​គាំទ្រ​លោក​សួរ​ហ្នឹង អាហ្នឹង​ជា​ផលប្រយោជន៍​របស់​រាស្ត្រ​ហើយ ប៉ុន្តែ​រឿង​អន្តរជាតិ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជ​ន៍​ជាតិ​ហ្នឹង លោក​ត្រូវ​ធ្វើ​ឲ្យបាន​ត្រឹមត្រូវ ពីព្រោះ​ការងារ​នេះ ជា​ការងារ​របស់​រដ្ឋ មិនមែន​ការងារ​ឯកជន ការងារ​អី​ទេ​។ (​សំនួរ​របស់​អ្នកសារព័ត៌មាន​៖ ឯកឧត្តម អ៊ីចឹង​សុំ​សួរ​មួយ​តិច​ទៀត អ៊ីចឹង​ករណីនេះ លោក​នាយករដ្ឋមន្ត្រី​ហ្នឹង មិន​អាច​បំភ្លឺ​បន្ត​ជា​ថ្មី​បានទេ​? ព្រោះ​ករណីនេះ​!) ប្រហែល​ជា​ឆ្កួត​ហើយ អ្ហែង​អត់​ចេះ​ស្តាប់​ភាសា​ខ្មែរ​ទេ​!  អ្ហែង​មើល​បទបញ្ជាផ្ទៃក្នុង ឲ្យ​គាត់​សរសេរ​មក អ្នកសម្រេច​មិនមែន​ខ្ញុំ មិនមែន​ណា​ទេ អ្នកសម្រេចចិត្ត​គឺ​ខុទ្ទកាល័យ​របស់​លោក ណែ​ស​! ស្តាប់​បាន​ហេស​? គាត់​អញ្ជើញ​យក្ស​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ធ្វើតាម​នីតិវិធី  ស្តាប់​ខ្មែរ​បាន​ហេស បាន​ហើយ បាន​ហើយ ចប់​ទៅ​!»​។​

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​ផ្នែក​សារព័ត៌មាន​លោក មឿន ឈាន​ណា​រិទ្ធិ លើកឡើងថា ប្រតិកម្ម​របស់​អ្នកនាំពាក្យ​មិន​ត្រឹមត្រូវ នាំ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ស្ថាប័ន​។ លោក​បញ្ជាក់ថា «​កាលណា​យើង​ប្រតិកម្ម​ដោយ​គំរោះគំរើយ ប្រតិកម្ម​ដោយ​ខ្វះ​វិចារ​ញាណ  ដោយ​មិន​បាន​ថ្លឹងថ្លែង​ភ្លាមៗ ជា​ការខាតបង់ គេ​មើល​មក​ប៉ះ​ទាំង​វិជ្ជាជីវៈ ប៉ះ​ទាំង​ប្រជាប្រិយភាព​ផង​»​។​

ចំណែក​អ្នកនាំពាក្យ​រដ្ឋសភា​វិញ​លោក ឈាង វុន ពេលខ្លះ​ផ្តល់ព័ត៌មាន ពេលខ្លះ​មិន​ផ្តល់ ពេលខ្លះ​បន្ទោស​អ្នកសារព័ត៌មាន​ថា សួរ​លោក​ញឹក​ពេក មិន​មាន​ពេល​បោក​ខោ​អាវ​ជាដើម​។​

​ក្នុង​ចំណោម​ក្រសួង​ទាំង​២៥​របស់​រដ្ឋាភិបាល ក្រសួង​ភាគច្រើន​មិន​មាន​អ្នកនាំពាក្យ ហើយក៏​មិន​មាន​គេហទំព័រ​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ដែរ​។ ជាក់ស្តែង​ក្រសួង​ព័ត៌មាន មិន​មាន​អ្នកនាំពាក្យ ចំណែក​រដ្ឋមន្ត្រី​លោក ខៀវ កាញារិទ្ធ ក៏​កម្រ​លើក​ទូរ​សព្ទ​ផ្តល់​ព័ត៌មាន​ដែរ ពេល​ខ្លះ​គេ​ឲ្យឈ្មោះ​ថា ក្រសួង​មិន​មាន​ព័ត៌មាន​។​

​ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ ប្រធាន​ស្ថាប័ន​នេះ​លោក ឱម យ៉ិនទៀង បញ្ជាក់ថា លោក​មិន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ខណៈ​លោក កែវ រ៉េមី អ្នកនាំពាក្យ​កម្រ​លើក​ទូរ​សព្ទ​ហើយ​បើ​លើក​ក៏​មិនសូវ​និយាយ​ដែរ​។

លោក សេក បរិសុទ្ធ ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា ពន្យល់ថា អ្នកនាំពាក្យ​ត្រូវមាន​សមត្ថភាព​មួយចំនួន​ដូចជា ដឹង​ពី​តម្រូវការ​អ្នកត្រូវការ​ព័ត៌មាន  យល់​ដឹង​ព័ត៌មាន​ឲ្យបាន​ទូលាយ  មានចំណេះដឹង​ខ្លះ​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន និង​ពិសេស​គឺ​មាន​សីលធម៌​។​

​ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១១ នៃ​សិទ្ធិ​ដឹង​សកលលោក​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​កន្លងទៅនេះ អង្គការ​ចំនួន​៣០ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ដោយ​លើកឡើងថា បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិនទាន់​មាន​វប្បធម៌​បើកចំហ​ព័ត៌មាន​ទូលំទូលាយ ហើយ​រដ្ឋាភិបាល​នៅ​មាន​ភាពខ្វះខាត ឬ​ស្ទាក់ស្ទើរ​ក្នុង​ការបើកចំហ ឬ ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ ដោយ​មូលហេតុ​មួយចំនួន រួម​មាន​កង្វះខាត​ធនធាន សមត្ថភាព​មាន​កម្រិត និង​ភាព​មិន​ច្បាស់លាស់​អំពី​អ្វី​ដែល​ចាត់ទុកថា​ជា​ព័ត៌មាន​សម្ងាត់​ជាដើម​។​

ពេល​បើក​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥​លើកដំបូង​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ក្រោមឱ​វាទយកចិត្ត​ទុកដាក់​ធ្វើការ បើកចំហ​ព័ត៌មាន​ឲ្យបាន​ទូលាយ​ជាមួយ​ប្រជាពល​រដ្ឋ ដើម្បី​ឲ្យ​សម្រេច​គោលដៅ​កំណែទម្រង់​ស៊ីជម្រៅ​របស់លោក​។​

លោក មឿន ឈាន​ណា​រិទ្ធ បាន​លើកឡើង​ថា ជា​ការប្រសើរ​ដែល​កន្ល​ង​មក ក្រសួង​ព័ត៌មាន​បាន​បណ្តុះបណ្តាល​អ្នកនាំពាក្យ​ជា​បន្តបន្ទាប់ តែ​លោក​ថា សមត្ថភាព និង​ចំនួន​អ្នកនាំពាក្យ​នៅមានកម្រិត​ទាប​នៅឡើយ​។ លោក​ចង់​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ រួម​ទាំង​ថ្នាក់​ឃុំ​សង្កាត់​ផង ត្រូវមាន​អ្នកនាំពាក្យ​ដើម្បី​បើកចំហ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "ឥរិយាបថ​អ្នកនាំពាក្យ​មួយចំនួន កំពុង​បំផ្លាញ​ប្រជាប្រិយភាព​របស់​បក្ស​ដឹកនាំ​រដ្ឋាភិបាល​​"

  1. Bol says:

    រឿងនេះ យើងអាចចែកទិដ្ឋភាព ជា២ ទិដ្ឋភាពផ្សេងគ្នា។
    ទី១ ទិដ្ឋភាពដែលផ្តើមពីចេតនា និងទស្សនៈរបស់កាសែត ដែលត្រូវតែរកចំណុចដើម្បីវាប្រហារលើរដ្ឋាភិបាល។ ព្រោះ រាល់ថ្ងៃនេះ គេពុំដែលចង់លើកអ្វីពីគុណសម្បត្តិរដ្ឋាភិបាល ឬក៏ពីអ្វីជាអំពើល្អរបស់លោកនាយករដ្ឋមន្ត្រីទេ។ តែជួនកាល គឺគេតែងចិញ្ចឹមចិត្តជ្រិញពេបជ្រាយជាមួយ អ្នកនាំពាក្យមួយចំនួន ដែលយើងបានដឹងដឹង ដូចជា លោក ជុំ កុសល លោក ស្អី ដែលមេនិកាយសាសនា ហៅគាត់ថា អាជ្រឹម លោក សោម ឆាយា ជាដើម និងពីដើម ក៏គេថា គេស្អប់សយ សុភាព ទៀត។ តែយើងអាចពិចារណាបានថា ជារឿងធម្មតាទេ, តែចំរៀងណាដែលយើងមិនចូលចិត្ត គឺយើងស្អប់អ្នកចម្រៀងហើយ។
    ទី២ គឺទិ្ឋភាពបង្កឡើងពីសមត្ថភាព និងចរិតដើមរបស់បុគ្គលជាអ្នកនាំពាក្យ។ ឧទាហរណ៍ លោក ផៃ ស៊ីផាននេះ តែម្តង។ យើងក្នុងនាមជាអ្នកវិនិឆ្ឆ័យម្នាក់ដែរ យើងគិតថា ធម្មតាអ្នកនាំពាក្យ គឺត្រូវតែនិយាយអ្វីនៅក្នុងប្រយោជន៍ និងទស្សនៈរបស់បក្ស របស់ក្រសួង ស្ថាប័ន ឬរបស់មេកោយ តែម្តង។ គ្រាន់តែថា តើការបកស្រាយនោះ វាយ៉ាងម៉េច ? ទន់ភ្លន់ ឬក៏ រឹងត្អឹង និងឆ្លើយតបទៅនឹងការចង់បានរបស់អ្នកសារពត៌មាន ឬយ៉ាងណា។

    តែតាមការពិត បើនិយាយឲ្យត្រង់ ព្រោះថា ក្នុងនាមជាអ្នកមាននិន្នាការគាំទ្រគណបក្សប្រជាជន យើងពិតជាឃើញថា អ្នកនាំពាក្យសំខាន់របស់គណបក្សប្រជាជនកម្ពុជា មានបី នាក់ដែលសំខាន់ ១ លោកខៀវកញ្ញារិទ្ធិ , តែការដោះស្រាយរបស់លោកសមរម្យ ដែលហៅថា reflex , ២ លោក ស្អីនៅរដ្ឋសភានោះ​​​ , នោះពិតជាពិបាកមែន ដែលគណបក្សប្រជាជន មិនគួរឲ្យធ្វើទេ។ ទី៣ គឺលោក ផៃ ស៊ីផាននេះ ក៏គួរតែពិនិត្យដែរ ព្រោះថា គាត់និយាយពាំត្រណោតច្រើនណាស់។ នៅមានលោកបណ្ឌិតជ្រឹម មួយទៀត ក៏គួរតែពិចារណា ផងពី Style និយាយរបស់គាត់។

    សន្និដ្ឋានថា អត្ថបទនេះ គឺជាកញ្ចក់មួយសម្រាប់គណបក្សប្រជាជន យកមកពិចារណា ហើយ។