ជន​ជាតិ​ដើម​ភាគ​តិច​តវ៉ា​មុខ​តុលាការ​ខេត្ត​រតនគិរី​រឿង​ជម្លោះ​ដី​ធ្លី​

ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ជនជាតិដើមភាគតិចខេត្ត​រតនគិរីមកអាដហុក តវ៉ារឿងតុលាការនាំខ្លួនក្នុងជម្លោះដីធ្លី (រូបដោយ៖ អាដហុក ខេត្តរតនគិរី)

ជន​ជាតិ​ដើម​ភាគ​តិច ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​​ជា​មួយ​ក្រុម​ហ៊ុន ខូវ គឹម​ឡេង ​នៅ​ភូមិ​ប៉ាអរ​ ឃុំកិៈចុង ស្រុក​បរកែវ ខេត្ត​រតន​គិរី​ ប្រមាណ​២៥​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​រតនគិរី ដោយ​សារ​តុលាការ​ ​កោះ​ហៅ​អ្នក​ភូមិ​៣​នាក់​មក​បំ​ភ្លឺ​រឿង​ជម្លោះ​ដី​ធ្លី​តាម​បណ្ដឹង​របស់​ភាគី​ក្រុម​ហ៊ុន​។

តំណាង​អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​ម្នាក់​ លោក ក្វាស​ សយ ​ប្រាប់​VOD​នៅថ្ងៃ​ចន្ទ​នេះ​ថា ​ការ​តវ៉ា​របស់​ក្រុម​អ្នក​ភូមិនា​ពេល​នេះ​គឺ​ដើម្បី​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ ​និង​តាម​ដាន​ការ​សាក​សួរ​របស់​តុលាការ​ចំពោះ​អ្នក​ភូមិ​ចំនួន​៣​នាក់​ដែល​តុលាការ​បានកោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​នេះ ​កុំ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​ពួក​គេ។

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ លោក ក្វាស ឌឿន មាន​ប្រសាសន៍​ថា​ ​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ទាំង​អស់​ ​សុំ​ស្នើ​ដល់​ស្ថាប័ន​តុលាការ​ ​និង​អង្គការ​ពាក់ព័ន្ធ​នា​នា​ ​ជួយ​រក​យុត្តិធម៌​ជូន​អ្នក​ភូមិ​ប៉ាអរ ​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​រំលោភ​យក​ដី​របស់​ភាគី​ក្រុម​ហ៊ុន ខូវ គឺមឡេង​ ។ ​លោក​ថា ពល​រដ្ឋ​បាន​រស់​នៅ​លើ​ដី​នោះ​យូរ​មក​ហើយ​ ​ដូច​នេះ​អ្នក​ភូមិ​ដាច់​ខាត​មិន​ព្រម​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុម​ហ៊ុន​នោះ​ទេ​ ហើយ​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​ទី​បញ្ចប់​។

អ្នក​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា​ ​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​ប៉ាអរ​នេះ គឺ​ជា​រឿង​រ៉ាំ​រ៉ៃ​ ​ដែល​សមាគម​អាដ​ហុក​បាន​តាម​ដាន​ ​និង​ជួយ​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់​ ​ដូច​ជា​ការ​ជួយ​រក​មេ​ធាវី​ដើម្បី​ជួយ​តវ៉ា​ក្ដី​ឲ្យ​ពួក​គាត់ ​។ ​លោក​ថា ទំនាស់​នេះ​កើត​ឡើង​ដោយ​សារខាង​ក្រុម​ហ៊ុន​បាន​ទិញ​ដី​នៅ​ភូមិ​ផ្សេង​ ​ហើយ​វាត​ទី​​មក​យក​ដល់​ដី​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ប៉ាអរ​នេះ​។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ VOD​មិនទាន់​​អាច​សុំ​ការអធិប្បាយ​​ពី​​ក្រុម​ហ៊ុន​ ខូវ គឺម​ឡេង និង​ចៅក្រមតុលាការ​ខេត្ត​រតនគិរី​ លោក​ស្រី​ ជ័យ មាលា នៅ​ឡើយ​ទេ​។

បើ​តាមប្រជា​ពល​រដ្ឋ​ឲ្យ​ដឹង​ថា​ ជម្លោះ​ដីធ្លី​របស់​អ្នក​ភូមិ​ប៉ាអរ​ និង​ក្រុម​ហ៊ុន​ ខូវ គឹមឡេង​ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​ ប៉ុន្តែ​ការ​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​រវាង​ក្រុម​អ្នក​ភូមិ​ និងភាគី​ក្រុម​ហ៊ុន​គឹបាន​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​២០១០​រហូត​មក​ ដែល​ជម្លោះ​នេះ​ប៉ះ​ពាល់​ដល់​អ្នក​ភូមិ​ប្រមាណ​៣២​គ្រួសារ​ ដែល​អះអាង​ថា​ បានរស់​នៅ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ៕

សូមសរសេរមកកាន់លោក ប្រែង សត្យាភិរក្ស  phireak1988.kth@gmail.com

What Next?

Recent Articles