កម្មករ​រោង​ចក្រ​​ Grand Twins ជាង​​៤ពាន់នាក់​​​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព និង​លក្ខខណ្ឌ​ការ​ងារ​​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មករ​រោង​ចក្រ​ Grand Twins ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រ (រូបពី៖ ប្រជាពលរដ្ឋអ្នកសារព័ត៌មាន)

កម្មករ​រោង​ចក្រ​ Grand Twins ជាង​៤​ពាន់​​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន ។

​កម្មករ​ចូល​រួម​ការ​តវ៉ា​ កញ្ញា ស៊ី​ណា ​ប្រាប់​VODឲ្យ​ដឹង​ថា ​ក្រុម​កម្មករ​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ទាមទារ​ប្រាក់​អតីភាព​ការងារ​​ ដោយ​សារ​រោងចក្រ​នេះ​បាន​ប្ដូរ​ឈ្មោះ «សុំ​សងសំណង​ដល់កម្មករ​ពេល​ដែលរោង​ចក្រ​ដូរ​ឈ្មោះ​ពី QMI មក​ Grand Twins។ កម្មករដែល​ចូល​ធ្វើ​ការ​ពី​មុនៗ​មក​ គាត់​ចង់​ឲ្យ​បាន​ទឹក​ប្រាក់​ដែល​ក្រុម​ហ៊ុន​មិន​បាន​សង​មក​ជូន​ពួក​គាត់​ ដូច​ដែល​គាត់​សន្យា​ពី​មុន​មក​។ គាត់​ (ក្រុម​ហ៊ុន) កេង​ប្រវ័ញ្ច​នូវ​ប្រាក់​កម្មករនៅ​ពេល​ដែល​គាត់​បាន​ប្តូរ​ឈ្មោះ​ពី​ QMI មក​ Grand Twins កម្មករ​ចង់​បាន​ប្រាក់​អតីតភាព​ការងារ»

កម្មករ​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ាម្នាក់​ទៀត​ កញ្ញា វណ្ណេត ឲ្យ​ដឹង​​ថា លក្ខខណ្ឌ​ការ​ងារ​មួយ​ចំនួនដែល​កម្មករ​ទាមទារ​​មាន​ដូចជា សុំ​ឲ្យដំឡើង​ប្រាក់​ថ្លៃ​បាយពេល​ថែម​ម៉ោង​នៅ​ថ្ងៃ​អាទិត្យ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ១៥​ដុល្លារ ប្រាក់​ថ្លៃ​ជួល​ផ្ទះឲ្យ​គ្រប់​១០​ដុល្លារ សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​មុន​ម៉ោង​១៥នាទី និង​​​​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ជាដើម។​​​ 

​កញ្ញា វណ្ណេត ឲ្យ​ដឹង​ទៀត​ថា​ ខាង​រោង​ចក្រ​មិន​ទាន់​បាន​បញ្ជូន​តំណាង​មក​ជួប​ចរចា​ជាមូយ​ខាង​សហជីព​នៅ​ឡើយ​ទេ ។ កញ្ញ​ថា ថ្វី​បើ​ការ​តវ៉ា​ទើប​តែ​មាននៅថ្ងៃនេះ​ តែ​ខាង​កម្មករ​បាន​បញ្ជូន​សំណើ​របស់​ខ្លួន​មក​រោង​ចក្រ​ចំនួន​២​ដងរួចមកហើយ «យើងដាក់​រឿង​ដែល​យើង​ចង់​តវ៉ា​ហ្នឹ​ងមក​រោងចក្រ​​​ពីរ​ដង​ហើយ តែ​លើក​មុន​ហ្នឹង​វា​មាន​ការ​បង្ខិត​បង្ខំ​តំណាង​របស់​ពួក​ខ្ញុំ​ហ្នឹង​ឈប់​បាត់ទៀត​ទៅ​…ខាង​សហជីព​ក្នុង​អត់​មាន​និយាយ​អី​ផង​ គ្រាន់​តែ​ចេញ​មក​ស្រែក​ឲ្យ​យើង​ចូល​ធ្វើ​ការ​វិញ»

ទោះ​ជាយ៉ាង​ណាក៏ដោយ​ ប្រធាន​ផ្នែក​រដ្ឋបាល​រោង​ចក្រ​ លោក ភួង វុទ្ធី មាន​ប្រសាសន៍​​ថា ខាង​រោង​ចក្រ​មិន​បាន​ទទួល​ឯកសារ​ណាមួយ​ពី​ភាគី​កម្មរទេ ហើយ​កម្មករ​បាន​រំសាយ​មុន​ពេល​ដែល​​ក្រុម​ការងារ​របស់​ក្រសួង​ការ​ងារ​ចុះ​មក​ដល់​នៅ​ម៉ោង​២​រសៀល ។

លោក​​បញ្ជាក់​ថា រោង​ចក្រ​មិន​បាន​បង្ខំ​ឲ្យ​កម្មករ​​ធ្វើ​ការ​ថែម​ម៉ោង​ទេ គឺ​រោង​ចក្រ​បាន​គោរព​ទៅ​តាម​ច្បាប់ស្តីពី​ការ​ងារ និង​មាន​អ្នក​កុម្ម៉ង់​(បញ្ជា)ទិញ​មក​ត្រួត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ពី​ស្ថាន​ភាព​ការ​ងារ​នៅ​ក្នុង​រោង​ចក្រទៀត​ផង​ ។

លោក ភួង វុទ្ធី យល់ថា ការតវ៉ានេះ​កើត​ឡើង​ពី​ការ​ញុះញង់​​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។ លោក​​បញ្ជាក់​​ថា « រោង​ចក្រ​នេះ​ប្រើ​កិច្ច​សន្យា​មាន​កំណត់​តាំងពី​២០០៦មក លុយ​អ្វីៗសម្រាប់​អតីត​ភាព​ការ​ងារឆ្នាំ​ហ្នឹង​ត្រូវ​បាន​គេ​ទូ​ទាត់​ដាច់​ស្រេចអស់​ហើយ លុយ​៥%​នៃ​កិច្ច​សន្យា…ចង់​និយាយាថា ឲ្យតែ​ដូរ​ឈ្មោះ​រោង​ចក្រ​បាន​លុយ តើ​កន្លែងណា​មួយ​​ដូរ​ឈ្មោះ​បាន​លុយ ព្រោះ​រោង​ចក្រ​ប្រើ​កិច្ច​សន្យា​មាន​កំណត់ លុយ​គេ​សង​យើង​រហូត​អត់​មាន​ជំពាក់​​យើង​មួយ​រៀល​ទេ»។ លោក​​ថា រោង​ចក្រ​បាន​ផ្តល់​លក្ខខណ្ឌ​ការងារ និង​អត្ថ​ប្រយោជន៍​ដល់​កម្មករ​បាន​ប្រសើរ​ជាង​ច្បាប់​កំណត់ទៅ​ទៀត ៕

សូម​សរសេរ​មក​កាន់​​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com ​

What Next?

Recent Articles