ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី20 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបព្រះបដិមាមុនពេលត្រូវបានវាយបំផ្លាញ (រូបថត៖ បូ សាវី)
អាជ្ញាធរជាតិអប្សរាឲ្យដឹងថា ខ្លួននឹងធ្វើបុណ្យពុទ្ធសាសនាមួយក្នុងការតម្កល់បដិមានៅប៉មកណ្ដាលនៃប្រាសាទបាយ័នវិញ ដើម្បីទុកជាទីគោរពសក្ការៈ។
យោងតាមលិខិតជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៩ខែតុលា ដែល VOD ទទួលបាននៅថ្ងៃចន្ទនេះឲ្យដឹងថា បដិមានៅប៉មកណ្ដាលនៃប្រាសាទអង្គរធំ ដែលស្ត្រីទេសចរជនជាតិហូឡង់ម្នាក់បានវាយបំផ្លាញ កាលពីរំលងអាធ្រាត្រថ្ងៃទី១០ ខែតុលានោះ ក្រុមជំនាញអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា បានជួសជុល និងផ្គុំឡើងវិញរួចរាល់ជាស្ថាពរហើយ។ លិខិតបានបន្ដថា អាជ្ញាធរនេះនឹងរៀបចំពិធីនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែតុលាខាងមុខនេះ ដើម្បីតម្កល់រូបសំណាកនោះវិញសម្រាប់ប្រជាពលរដ្ឋទូទៅគោរពបូជា។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ រូបបដិមានៅប៉មកណ្ដាលនៃប្រាសាទបាយ័នត្រូវបានជនមិនស្គាល់មុខវាយបំផ្លាញ។ ក្នុងហេតុការណ៍នោះ អាជ្ញាធរជាតិអប្សរាបានចាប់ខ្លួនស្ត្រីជនជាតិហូល្លង់ម្នាក់ដើម្បីសួរនាំ ប៉ុន្ដែស្ត្រីរូបនោះត្រូវបានដោះលែងវិញ ដោយរកមិនឃើញមានជាប់ពាក់ព័ន្ធនឹងការបំផ្លាញបដិមានោះ។ ពេលស្ត្រីរូបនោះទៅដល់ប្រទេសញូវហ្សេឡែន ទីស្នាក់នៅអចិន្ត្រៃរបស់គាត់វិញ គាត់បានសារភាពថា គាត់ជាអ្នកបំផ្លាញបដិមានៅក្នុងប្រាសាទបាយ័ននោះ។ រហូតមកដល់ពេលនេះ ស្ថាប័ននេះ មិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ណាមួយ លើស្ដ្រីរូបនោះនៅឡើយទេ ដោយរង់ចាំការផ្ដល់យោបល់ពីថ្នាក់ដឹកនាំស្ថាប័ននេះជាមុនសិន៕

រូបបដិមាក្រោយពេលវាយបំផ្លាញដោយស្ត្រីជនជាតិ ញូវហ្សេឡែន
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com