Sat, 18 October 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
វ័យជាង ៧០ឆ្នាំទៅហើយ កាយសម្បទាក៏មិនប្រក្រតី (ខ្នងគម) ផងនោះ លោកតា ជឹម សារីវ៉ាន ត្រូវបានអ្នកក្នុងតំបន់វាលភួ ស្គាល់ថា ជាគ្រូបង្រៀនគ្មានប្រាក់ខែ។ ប៉ុន្តែយ៉ាងណា បរុសចំណាស់រូបនេះបានអះអាងថា លោកមិនគិតឡើយពីផលកម្រៃ តែអ្វីដែលលោកចង់បាននោះ គឺធ្វើយ៉ាងណាឲ្យតែក្មេងៗនៅក្នុងភូមិលោកតា ស្ថិតនៅតំបន់វាលភួ ត្រង់ចំណុចភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ទទួលបានចំណេះដឹងជាមូលដ្ឋាន ដើម្បីជាស្ពានចម្លងអនាគតរបស់ពួកគេ។
ភូមិសាស្រ្តត្រពាំងរូង ក៏ត្រូវបានគេដឹងថា ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តអារម្មណ៍ ខណៈតំបន់នេះក៏ជាដែនជម្រកសត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ និងមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល។
នៅក្នុងឯកសារបានបញ្ជាក់ថា៖«តំបន់ត្រពាំងរូងត្រូវបានកំណត់ជាឧទ្យានជាតិបទុមសាគរ ដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣»។
លាយឡំជាមួយសំឡេងកូនសិស្សយ៉ាងទ្រហឹងអឹងកងនោះ លោក តា ជឹម សារីវ៉ាន បានពោលរំឭកថា៖«ដ្បិតថាតំបន់នេះជាប់ជាតំបន់ទេស-ចរណ៍ដ៏ទាក់ទាញ និងមានចំណីអារម្មណ៍ជាទីគាប់ចិត្តដល់ភ្ញៀវទេសចរមកកម្សាន្តក៏ដោយ ក៏ប៉ុន្តែផ្ទុយពីអ្វីដែលភ្ញៀវទេសចរបានឃើញនោះ គឺប្រជាជន និងក្មេងៗនៅតំបន់វាលភួនេះ ចាំបាច់ត្រូវការការបណ្តុះបណ្តាលចំណេះដឹង ជាសម្ពាយ ដើម្បីអនាគតពួកគេ»។
លោកតា ជឹម សារីវ៉ាន បានឧទានសំណួរសួរថា តើធ្វើម៉េចដើម្បីឲ្យប្រជាជន និងក្មេងៗនៅតំបន់នេះទទួលបានចំណេះដឹងខ្លះៗសម្រាប់ដោះស្រាយបញ្ហាជីវិតទៅថ្ងៃអនាគតទៅ បើទីនេះគ្មានសាលា ហើយជាតំបន់ដាច់ស្រយាលនោះ?តើមានគ្រូណាមកបង្រៀន?
ឆ្លើយតបនឹងសំណួរខ្លួនឯងនេះ លោក តា ជឹម សារីវ៉ាន បានប្រាប់ថា៖«អំឡុងឆ្នាំ២០០៣ ដំបូងឡើយ ខ្ញុំក៏ស្ម័គ្រធ្វើជាគ្រូបង្រៀនអនក្ខរកម្មដែរ ក្រោយមកដោយឃើញថា ក្មេងៗនៅតំបន់នេះមានចំនួនកើនឡើងកាន់តែច្រើននោះ ហើយមិនមានសាលា និងគ្រូផងនោះ ខ្ញុំក៏ទទួលបានការឧបត្ថម្ភពីអង្គការអភិរក្សសត្វដំរី សង់សាលាឲ្យពីរបន្ទប់ ហើយឲ្យខ្ញុំជួយបង្រៀនក្មេងៗនៅតំបន់នេះរហូតដល់សព្វថ្ងៃហ្នឹងទៅ ដើម្បីអនាគតពួកគេ»។
ទាំងភាពម៉ឺងម៉ាត់ លោកគ្រូបង្រៀនគ្មានប្រាក់កម្រៃរូបនេះបាននិយាយថា៖«ខ្ញុំមិនដែលគិតចង់បានប្រាក់ឧបត្ថម្ភពីខាងអាណាព្យាបាលក្មេងៗក្នុងភូមិទេ អ្វីដែលខ្ញុំព្យាយាមទាំងជីវភាពគ្រួសារដ៏ទន់ខ្សោយ លះបង់ពេលវេលាបង្ហាត់ក្មេងៗនេះ គឺខ្ញុំចង់ឃើញក្មេងៗនៅក្នុងតំបន់នេះចៀសផុតពីភាពអវិជ្ជា»។
លោក តា ជឹម សារីវ៉ាន បានប្រាប់ថា៖«មួយថ្ងៃខ្ញុំបង្រៀនពីរពេល ពេលព្រឹកបង្រៀនក្មេងៗថ្នាក់ទីមួយ និងទីពីរ ហើយចំណែកពេលថ្ងៃ បង្រៀនថ្នាក់ទីបី ដែលទាំងពីរពេលនេះមានកូនសិស្សសរុបប្រមាណជិត១០០នាក់ឯណោះ»។
លោក តា ជឹម សារីវ៉ាន ចាត់ទុកការព្យាយាម និងលះបង់របស់លោក គ្រាន់តែជាស្ពានដ៏ខ្លី មិនអាចចម្លងក្មេងៗ ឆ្លងទៅរកចំណេះដឹងប្រកួតប្រជែងខាងក្រៅបានទូលំទូលាយនោះឡើយ។
លោកតាម្នាក់នេះពោលថា៖«នៅទីនេះ ខ្ញុំមានលទ្ធភាពបង្ហាត់ពួកគេបានត្រឹមតែថ្នាក់ទី៣ ទេ ចប់ពីនេះ បើឪពុកម្តាយគេ មានបងប្អូននៅខេត្ត ឬក៏នៅស្រុកណាគេមានសាលារៀនថ្នាក់លើៗ គេក៏បញ្ជូនកូនគេឲ្យទៅរៀនបន្តទៅ។ តែជាង១០ឆ្នាំ មិនមានក្មេងៗនៅតំបន់នេះច្រើនទេ បានបន្តទៅរៀនថ្នាក់ខ្ពស់ លើសពីថ្នាក់ទី៣ នៅទីនេះ»។
ដោយសារតែការសិក្សាបានកម្រិតទាប បូកផ្សំជាមួយជីវភាពខ្សត់ខ្សោយ លោក តា បញ្ជាក់ថា៖«បើពួកគេគ្មានលទ្ធភាពបន្តទៅលើ គ្មានជម្រើសអ្វីក្រៅពីចូលព្រៃកាប់វល្លិ និងនេសាទ ទេ សម្រាប់ពួកគេ ។ តែខ្ញុំក៏មិនចង់ឲ្យក្មេងៗដែលទទួលបានចំណេះដឹងតិចតួចពីខ្ញុំនេះ គេវិលរករបរនោះដែរ តែមិនដឹងថា ធ្វើម៉េចទេ»។
ថ្លែងពីផលពិបាកនៅតំបន់វាលភួ នេះ លោក តា ជឹម សារីវ៉ាន បានលើកឡើងទៀតថា៖«មិនត្រឹមតែមិនមានសាលារៀនត្រឹមត្រូវឲ្យក្មេងៗបានចូលរៀននោះទេ តំបន់នេះទឹកប្រើប្រាស់ប្រចាំថ្ងៃក៏ជាកង្វល់ដ៏ធំផងដែរ។ នៅទីនេះសព្វថ្ងៃ មានអណ្តូងមួយហ្នឹងប្រើបួនដប់គ្រួសារ និយាយទៅវាមិនគ្រប់គ្រាន់នោះទេ»។
ជាចុងក្រោយក្នុងនាមតំណាងឲ្យក្មេងៗលោកក៏សុំការជួយពីរាជរដ្ឋាភិបាលក្នុងការជួយសង់សាលារៀន ក៏ដូចជា មណ្ឌលសិក្សា និងផ្តល់គ្រូដើម្បីជួយបណ្តុះបណ្តាលក្មេងៗនៅក្នុងតំបន់លោក ដើម្បីឲ្យពួកគេអាចមានចំណេះដឹងផង៕
mr hun-sen(P_M) should help this community to build properly school.people appeal to all M-P to raise money or donate their salary just $20 each(just one month only) will get the properly school.i’m too poor if i have money i will donate some.please all oakgna or choumteav donate to our poor khmer to build the school ,help khmer the same race.GOD bless all cambodian people’
ពិតជាគួរអោយអស្ចារ្យ ណាស់ចំពោះវីរះភាពរបស់លោកពូ សូមសរសើរ
ម៉ាមុីកាកបាទក្រហមមេត្តាបើកព្រះនេត្រផង ម្ចាស់ថ្លៃ!កុំស្ពឹកពេក។។
This is the kind of development in Cambodia lead by Hun Sen!!
I am pity him.if i want to support him.hiw can i contact?.
គួរឱ្យសរសើរណាស់ លោកពិតជាមានឧត្តមគតិខ្ពស់ណាស់ក្នុងការជួយបង្រៀនក្មេងៗ
ឱ្យបានចេះអក្សរ ។