យោងតាមគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា កាលពីម្សិលមិញ ស្ថានទូតអូស្ត្រាលីបានលុបចោលជំនួបមួយ ដែលខ្លួនបានគ្រោងទុកជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃនេះដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមុន។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ កម្ពុជាបានយល់ព្រមទទួលយកជនភៀសខ្លួនក្នុងចំនួនមិនច្បាស់លាស់ដែលបច្ចុប្បន្នអូស្ត្រាលីកំពុងឃុំខ្លួននៅឆ្នេរសមុទ្រជាថ្នូរនឹងជំនួយ៤០លានដុល្លារបន្ថែមសម្រាប់រយៈពេលបួនឆ្នាំបន្ទាប់។
គណបក្សសង្គ្រោះជាតិបានចូលរួមជាមួយអ្នករិះគន់ជាច្រើននៅក្នុងប្រទេសទាំងពីរដែលចោទប្រកាន់អូស្ត្រាលីថា បានគេចវេះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការទទួលយកជនស្វែងរកសិទ្ធិជ្រកកោនតាមរយៈការព្យាយាមបញ្ជូនពួកគេមកកាន់ប្រទេសមួយដែលក្រីក្របំផុត និងមានអំពើពុករលួយបំផុតនៅក្នុងពិភពលោក។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានកិច្ចការសាធារណៈរបស់គណបក្សនេះបានមានប្រសាសន៍ថា ស្ថានទូតអូស្ត្រាលីបានអញ្ជើញគណបក្សរបស់លោកស្រីឲ្យចូលរួមក្នុងជំនួបមួយនៅថ្ងៃនេះដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ ហើយថា លោក កឹម សុខា អនុប្រធានគណបក្សគ្រោងនឹងចូលរួម។
ប៉ុន្តែ លោកស្រីបានមានប្រសាសន៍ថា កាលពីម្សិលមិញ ស្ថានទូតនេះបានលុបចោលជំនួបនេះវិញ។ លោកស្រីមានប្រសាសន៍ទៀតថា លោកស្រីមិនដឹងថា ហេតុអ្វីទេ។”យើងសោកស្តាយដែលពួកគាត់លុបវាចោល ពីព្រោះយើងចង់ដឹងថាមានអ្វីកំពុងកើតឡើង”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍យ៉ាងខ្លីថា ស្ថានទូតបានលុបចោលជំនួបនេះដោយសារតែ “គ្មានឯកសារគ្រប់គ្រាន់”។ លោកបានមានប្រសាសន៍បន្តថា ស្ថានទូតបានជូនដំណឹងមកគណបក្សលោកអំពីការលុបចោលជំនួបនេះតាមរយៈការទូរស័ព្ទទៅលើលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនអាចទាក់ទងបាន។ ចំណែកឯស្ថានទូតអូស្ត្រាលីមិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ៕សុខុម
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ថ្នាក់ដឹកនាំប្រទេសអូស្រ្តាលីពិតជាបង្កបញ្ហាមែន:
១ ប្រជាជនកម្ពុជាមួយនគរមិនព្រមទទួលជនទាំងនោះ
២ ជនភាសខ្លួនទាំងនោះក៍មិនព្រមមកនៅកម្ពុជាដែរ
៣ អ្ូស្រ្តាលីគួរទទួលពួកទាំងនោះព្រោះមានដីធំជាង លុយច្រើនជាងកម្ពុជា