ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ផ្លូវចូលទៅកាន់តំបន់ព្រៃឈើក្នុងខេត្តរតនគិរី (រូបថតដោយ ស៊ុន ណារិន)
សង្គមស៊ីវិលមួយចំនួនដែលធ្វើការលើធនធានធម្មជាតិលើកឡើងថាការកាប់បំផ្លាញព្រៃឈើមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៤នេះ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលចាត់វិធានការលើបញ្ហាទាំងនេះ ដើម្បីធានាថាធន ធានធម្ម ជាតិទាំងនោះត្រូវបាន ថែ រក្សា ។
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នៅថ្ងៃពុធស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញកង្វល់របស់ពួក គេ អំពីការកើនឡើងនៃការកាប់ឈើខុសច្បាប់ និង ការបំផ្លាញធនធានធម្មជាតិ ដែលបណ្តាលមកពីការផ្តល់ សម្បទានដីសេដ្ឋកិច្ច។សង្គមស៊ីវិល ទាំងនោះរួមមាន វេទិកានៃអង្គ ការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មជ្ឈ មណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បណ្តាញកសាងសន្តិភាពសហគមន៍ខេត្តក្រចេះ និងបណ្តាញកសាងសន្តិភាពសហគមន៍ និងបណ្តាញសហគមន៍ព្រៃឡង់។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិលឲ្យដឹងថាពួកគេអំពាវនាវ និងស្នើពង្រឹងការអនុវត្តច្បាប់ និងធានាឲ្យបាននូវការគ្រប់គ្រងលើព្រៃឈើនៅសល់របស់កម្ពុជាប្រកបដោយនិរន្តរភាព។សេចក្តីប្រកាសបន្តថាតាំងពីឆ្នាំ២០១២ ដល់អំឡុងខែតុលា ឆ្នាំ២០១៤ ការកាប់ឈើខុសច្បាប់ និងការរត់ពន្ធឈើចំនួន៨១២ករណីដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានផ្សេងៗក្នុងស្រុក។ សេចក្តីប្រកាសបញ្ជាក់ថាក្នុងឆ្នាំ២០១៣ គម្របព្រៃឈើត្រូវបានគេរកឃើញថាបានថយចុះរហូតដល់៤៦%។
សង្គមស៊ីវិលបញ្ជាក់ថា«ចាប់តាំងពីដើមឆ្នាំ២០១២ មករាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនទ្រីភាពនូវកិច្ចសន្យាមួយ ដើម្បីប្រមូលយកឈើដកហូតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថានដោយមិនមានបញ្ជាក់ថាតើក្រុមហ៊ុននេះនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នេះរយៈពេលប៉ុន្មាន។ ម្យ៉ាងទៀត អាជ្ញាប័ណ្ណនេះមិនបានបញ្ជាក់លម្អិតអំពីបរិមាណនៃឈើដែលត្រូវប្រមូលយក និងទីកន្លែងដែលត្រូវប្រមូលយកឈើនោះឡើយ»។
នាយកប្រតិបត្តិ នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថាសង្គមស៊ីវិលមានការព្រួយបារម្ភលើការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្ន ដែលមានការកើនឡើង ក្នុងនោះមានការកាប់បំផ្លាញព្រៃឈើនៅលើដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនទទួលអាជ្ញាបណ្ណប្រមូលឈើ។ លោកបន្តថាសង្គមស៊ីវិលជំរុញឲ្យរាជរដ្ឋាភិបាលរឹតបន្តឹងបន្ថែមលើក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ ឲ្យមានការគោរពច្បាប់ និងធ្វើកិច្ចការនេះប្រកបដោយតម្លាភាព និងគណនេយ្យភាព។ លោកមានប្រសាសន៍ថា សង្គមស៊ីវិលក៏នឹងស្នើឲ្យរាជរដ្ឋាភិបាលពន្លឿនអនុក្រឹតការពារព្រៃឈើតំបន់ព្រៃឡង់ និងការដាក់បញ្ចូលតំបន់ជួរភ្នំក្រវ៉ាញជាតំបន់ទេសចរណ៍។
ថ្មីៗនេះ ក្រសួងបរិស្ថានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន១១ ក្រោមហេតុផលថាក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍទៅលើដី និងដីទាំងនោះបច្ចុប្បន្នប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។នេះជាការដកហូតដីពីក្រុមហ៊ុនចំនួន១១ ដែលបន្ថែមទៅលើក្រុមហ៊ុនចំនួន៨ដែលក្រសួងបរិស្ថានបានប្រកាសដកដីប្រមាណ១២៤៦០ហិកតាកាលពីពេលថ្មីៗនេះ ។
សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី១៦ខែតុលា ឲ្យដឹងថារដ្ឋាភិបាលសម្រេចដកហូតដីពីក្នុងខេត្តមួយចំនួនរួមមានខេត្តមណ្ឌលគិរី កំពង់ស្ពឺ ព្រះសីហនុ កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តក្រចេះ សរុបដីចំនួន៥៤៤៦៩ហិកតា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ ធ្លាប់មានប្រសាសន៍ថា ដីដែលត្រូវបានដករហូតនេះភាគច្រើនជាដីមិនមានការអភិវឌ្ឍហើយបច្ចុប្បន្នប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។លោកបន្តថាក្រសួងនឹងបន្តដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋមុនយកដីមកអភិរក្ស។
លោក សាយ សំអាល់ បញ្ជាក់ថារហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចំនួន១១១ តែបានដកមកវិញពីក្រុមហ៊ុនចំនួន២១ដែលក្នុងនោះមានដីរបស់ក្រុមហ៊ុនទ្រីភាពចំនួន២ម៉ឺនហិកតានៅភ្នំឱរ៉ាល់ផងដែរ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។
របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤ បង្ហាញថា មកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សរុបចំនួន១២១ក្រុមហ៊ុនលើផ្ទៃដីកិច្ចសន្យាសរុបចំនួន១.២៣០.៣៦៤ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧ ដែលក្នុងនោះក្រុមហ៊ុនមកពីបរទេសសរុបចំនួន៨២លើផ្ទៃដីសរុបចំនួន៦២០.៩៨៧ហិកតា៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com