ដោយ យន់ សាមៀន
2014-10-20
RFA

១២-មីនា-២០១៤៖ ច្រកទន្លេហ៊ូសាហុង (Hou Sahong) ដែលប្រទេសឡាវ គ្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ RFA/Yeang Socheametta
អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិចំនួន៦ ដាក់បណ្ដឹងទៅគណៈកម្មការសិទ្ធិមនុស្សរបស់ម៉ាឡេស៊ី (Malaysia) ឈ្មោះ ស៊ូហាក់កាម (SUHAKAM) ស្នើសុំឱ្យស៊ើបអង្កេតផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម ដែលអាចបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវ។
ពាក្យបណ្ដឹងដែលដាក់កាលពីថ្ងៃច័ន្ទ ទី២០ តុលា តំណាងឲ្យពលរដ្ឋសហគមន៍នៅកម្ពុជា និងថៃ រាប់លាននាក់ ដែលអាចរងការគំរាមកំហែងបាត់បង់ត្រីជាប្រភពម្ហូបអាហារ និងប្រាក់ចំណូលរបស់ពួកគេ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណារ៉ា បញ្ជាក់ថា អង្គការសង្គមស៊ីវិលស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សស៊ូហាក់កាម ធានាថា ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជាក្រុមហ៊ុនម៉ាឡេស៊ី ឈ្មោះ មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ (Mega First Corporation Berhad) ត្រូវគោរពលក្ខខណ្ឌសិទ្ធិមនុស្សអន្តរជាតិ រួមទាំងត្រូវផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដល់សហគមន៍ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់នេះ។
លោក តឹក វណ្ណារ៉ា អះអាងថា គណៈកម្មការសិទ្ធិមនុស្សស៊ូហាក់កាម បានទទួលយកពាក្យបណ្ដឹងរួចហើយ ប៉ុន្តែគ្រោងនឹងពិភាក្សាផ្ទៃក្នុងជាមុន រួចហើយនឹងចុះទៅស៊ើបអង្កេតលើគម្រោងសាងសង់ទំនប់នេះ។
រីឯតំណាងក្រុមហ៊ុន មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ ក៏បានទទួលយកញត្តិពីក្រុមអង្គការសង្គមស៊ីវិលដែរ។ អង្គការទាំងនោះបានស្នើឲ្យក្រុមហ៊ុននេះ ពិចារណាពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម៖ «បណ្ដឹងយើងសង្ឃឹមថានឹងមានលទ្ធផល ពីព្រោះគណៈកម្មការសិទ្ធិមនុស្សមានលទ្ធផលជាវិជ្ជមាន គេទទួលយកពាក្យបណ្ដឹងពីតំណាងសហគមន៍។ ហើយទីពីរ គេបានសន្យា គេចុះធ្វើការស៊ើបអង្កេតទៅលើការវិវឌ្ឍដនសាហុង ដែលប្រជាជនគាត់ដាក់»។
រដ្ឋាភិបាលនៃប្រទេសឡាវ បានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនសាងសង់របស់ម៉ាឡេស៊ី ឈ្មោះ មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ កាលពីឆ្នាំ២០០៦ ដើម្បីឲ្យក្រុមហ៊ុននេះសិក្សាគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។ គម្រោងនេះ នឹងចំណាយថវិកាចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិក និងអាចផលិតថាមពលអគ្គិសនីចំនួន ២៤០មេហ្គាវ៉ាត់ (Megawatts)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គម្រោងអភិរក្សព្រៃលិចទឹកនិងសត្វស្លាបតំបន់បឹងស្នេហ៍ខេត្តព្រៃវែងក្លាយជាតំបន់ទេសចរ
- សង្គមស៊ីវិលបន្តបារម្ភពីសេចក្ដីព្រាងច្បាប់ទាក់ទងនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា
- អ្នកអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបារម្ភបាត់បង់ព្រៃឈើនិងដីអភិរក្ស
- ពលរដ្ឋមួយចំនួននៅកោះកុងបារម្ភពីគម្រោងឈ្មួញបើកសិប្បកម្មចម្រាញ់វល្លិរមៀត
- សហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យអាមេរិកដាក់គំនាបលើវៀតណាមឲ្យគោរពសិទ្ធិមនុស្ស
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាឧក្រិដ្ឋកម្មព័ត៌មានវិទ្យាគឺជាបញ្ហាប្រឈមធំបំផុតក្នុងវិស័យធនាគារ
- អង្គការចំនួន៥ជំរុញឲ្យកម្ពុជាចូលរួមជាសមាជិកភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ
- សិក្ខាសាលាលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចល្អសង្គមស៊ីវិលនៅកម្ពុជា
- ពលរដ្ឋម្នាក់នៅត្បូងឃ្មុំគ្រោងប្ដឹងមេប៉ុស្តិ៍ឃុំមួយរូបចោទពីបទគំរាមកំហែង