​បណ្ដាញ​ព្រះសង្ឃ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​បញ្ហា​គាបសង្កត់​ក្នុង​វត្ត​២​នៅ​បាត់ដំបង​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កិច្ចប្រជុំស្តីពីបណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ស្នើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នៅក្នុង​វត្ត​ដំណាក់​បេង និង​វត្តភ្នំ​ខ្ពស់ (រូបដោយ៖ វិទ្យា)

​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ស្នើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នៅក្នុង​វត្ត​ដំណាក់​បេង និង​អន្តរាគមន៍​បញ្ឃប់​ការរំលោភបំពា​ន​មកលើ​វត្តភ្នំ​ខ្ពស់​ដែល​ត្រូវ​គេ​អះអាង​ថា​ចៅអធិការ​វត្ត​ត្រូវបាន​បញ្ឈប់​ព្រោះ​រឿង​នយោបាយ។​

​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​នៅក្នុង​សន្និសីទ្ធ​សារព័ត៌មាន​នៅ​ភោជនីយដ្ឋាន​បៃតង នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ទង្វើ​របស់​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ព្រះ​តេជគុណ​អះអាងថា​បានរួម​ដៃ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ជា​បញ្ហា​ខុសឆ្គង​។ ព្រះ​តេជគុណ​បន្តថា ព្រះអង្គ ភួង មុន្នី ដែល​ជា​លេខា​របស់​មេគុណ​ខេត្ត និង​មាន​តួនាទី​ថ្មី​ក្នុង​ការចាត់ចែង​ព្រះសង្ឃ​ក្នុង​ខេត្ត​បាត់ដំបង បាន​ទទួល​សំណូក​ពី​ព្រះចៅអធិការ​វត្ត​ដំណាក់​បេង​គឺ​ព្រះ​តេជគុណ សន ពៅ ជា​រៀងរាល់​ខែ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​ព្រះ​ចៅអិការវ​ត្តអង្គ​នេះ ធ្វើ​ជំនួញ​នៅក្នុង​វត្ត​លើ​វត្ថុ​ដែល​ពុទ្ធបរិស័ទ​ប្រគេន និង​ធ្វើ​ការបណ្តេញចេញ​ភិក្ខុ ពត ជី​វ័ន្ត ដោយ​គ្មាន​មូលហេតុ​សម​ហេតុផល​ឡើយ​។​

VOD មិនអាច​ទាក់ទង​ព្រះ​តេជ​គុណ ព្រះអង្គ ភួង មុន្នី ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ ដោយ​ទុរសព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល ។​

​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ឲ្យដឹង​ទៀតថា ព្រះចៅអធិការ​វត្ត​ភ្នំ​ខ្ពស់ ព្រះ​តេជគុណ ឃឹម សំអឿន ត្រូវបាន​គេ​ដកតំណែង​ចេញ ដោយ​ព្រះអង្គ​ធ្វើ​សកម្មភាព​ជួយ​សង្គម​ដូច​ជា​ការ​ជីក​ស្រះ និង​ជួយ​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​ដែល​ជួប​បញ្ហា​ទឹក​ជំនន់ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​សង្ឃ​ខេត្ត បែរ​ជា​ព្រមាន​ព្រះអង្គ​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ចែក​អំណោយ និង​ជីក​ស្រះ បើ​មិន​អញ្ចឹង​ទេ​នឹង​ត្រូវ​ដកតំណែង​ចេញ។​

​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ថង ណារិ​ទិ្ធ មាន​សង្ឃដីកា​ថា នេះ​ជា​សកម្មភាព​អសីលធម៌​របស់​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ​ខេត្ត ដោយ​ប្រើ​អាជ្ញាធរ​គាបសង្កត់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ហេតុនេះព្រះអង្គ​ស្នើ​នាយករដ្ឋមន្ត្រី​ពិចារណា​ពី​ការដោះស្រាយ​បញ្ហា​នេះ ។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា «​ឈប់​ប្រើ​អាជ្ញាធរ​ទៅ​គាបសង្កត់ តាមរយៈ​មន្ត្រី​សង្ឃ អាជ្ញាធរ​ដែនដី​សូម​ឲ្យ​សម្តេច​បញ្ឃប់​ការធ្វើបាប​ដល់​ព្រះសង្ឃត​ទៅ​ទៀត​»​

​សមាជិក​សកម្ម​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ណាំ ចាន់ថេន អះអាងថា សកម្មភាព​ដកតំណែង និង​ការបណ្តេញចេញ ជា​ការ​រំលោភសិទិ្ធ​ព្រះសង្ឃ​ធ្ងន់ធ្ងរ ពីព្រោះ​ថា​សកម្មភាព​កន្ល​ង​មក​ជា​សកម្មភាព​ម​នុស្ស​ធម៌ និង​មិន​មាន​ពាក់ព័ន្ធ​នយោបាយ ឬ​និន្នាការ​ទៅ​បក្ស​ណា​នោះ​ទេ ប៉ុន្តែ​ចំពោះ​រាជរដ្ឋាភិបាល​កាន់​អំណាច​បច្ចុប្បន្ន ចោទ​ព្រះអង្គ​ជា​អ្នកនយោបាយ​ធ្វើការ​ឲ្យ​បក្សប្រឆាំង ។​

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុន្នី មានប្រសាសន៍ថា ចំពោះ​បញ្ហា​នេះក្រសួង​បាន​បញ្ជា​ឲ្យ​មន្ទីរ​ធម្មការ​ខេត្ត​ធ្វើ​របាយការណ៍​ជាបន្ទាន់​មក​ក្រសួង ដើម្បី​ពិនិត្យ​មើល​តាម​ផ្លូវច្បាប់ ថា​មាន​ការខុសឆ្គង​ត្រង់​ចំណុច​ណាមួយ ហើយ​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ ដោយ​មាន​នីតិវិធី​ដាក់​បញ្ជា ឬ​ចុះទៅពិនិត្យ​ជាក់ស្តែង ។

​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ លើកឡើងថា ប្រសិនបើ​មិន​មាន​ការដោះស្រាយ​ពី​បញ្ហា​នេះ​ថា បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ នឹង​ធ្វើ​ធម្ម​យាត្រា​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​ខុសឆ្គង​ផ្សេងៗ​របស់​ព្រះសង្ឃ ធ្វើ​កូដកម្ម​ក្នុង​វត្ត​ភ្នំ​ខ្ពស់ និង​ដាក់​ញ្ញតិ​ទៅ​ក្រសួង​ធម្មកា និង​សាសនា​ដោះស្រាយ​ពី​បញ្ហា​នេះ​។​

​ព្រះចៅអធិការ​វត្ត​ភ្នំ​ខ្ពស់ ព្រះ​តេជគុណ ឃឹម សំអឿន ត្រូវបាន​ដក​តំណែង​ចេញ​នៅ​ថ្ងៃទី​១៩ ខែតុលា ដែល​ជំនួស​ដោយ​ព្រះ​ចៅអធិការ​ថ្មី ព្រះ​តេជគុណ ដួង សុខុម​។ ចំណែក​ភិក្ខុ ពត ជី​វ័ន្ត ត្រូវ​បាន​បណ្តេញ​ពី​វត្ត​ដំណាក់​បេង នៅ​អំឡុង​ខែ​ឧសភា ហើយ​ព្រះអង្គ​ទាំង​ពីរ​រង​ការ​ចោទ​ពី​ការធ្វើសកម្មភាព​ក្រោមរូបភាព​នយោបាយ​។​

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles