ដោយ ទីន ហ្សាការីយ៉ា
2014-10-21
RFA
(ពីឆ្វេង)៖ ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និងប្រធានក្រុមក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ថ្លែងនៅក្នុងសន្និសីទកាសែតអំពីសារាចររបស់ប្រធានរដ្ឋសភា លោក ហេង សំរិន នាទីស្នាក់ការនៃអង្គការខុមហ្វ្រែល កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។ RFA/Morm Moniroth
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមការងារតាមដានអំពីការកែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះ ជាជំហានមួយសម្រាប់ឲ្យកម្ពុជា មានស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យពិតប្រាកដ។ តែយ៉ាងនេះក្ដី មន្រ្តីអង្គការសង្គមស៊ីវិលពន្យល់ថា ការរៀបចំច្បាប់ឲ្យស្ថាប័ន គ.ជ.ប ឯករាជ្យពិតប្រាដ ឬយ៉ាងណានោះ អាស្រ័យលើឆន្ទៈគណបក្សជាប់ឆ្នោតទាំងពីរ។
រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមតាមដានបន្តមកជួបតំណាងគណបក្សជាប់ឆ្នោតទាំងពីរ និងអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតនានានោះ គឺជារឿងដែលចាប់អារម្មណ៍បំផុតសម្រាប់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា។
នៅខណៈក្រុមការងារជប៉ុន មកជួបតំណាងគណបក្សទាំងពីរនេះ ក្រុមអ្នកធ្វើការទាក់ទងនឹងការបោះឆ្នោតទាមទារឲ្យគណបក្សទាំងពីរបើកចំហក្នុងការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលក្រុមបច្ចេកទេសគណបក្សទាំងពីរកំពុងធ្វើនោះ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) និងតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬ អឺរ៉ា (ERA) លោក គល់ បញ្ញា មានប្រសាសន៍ថា វត្តមានក្រុមការងាររបស់ជប៉ុន នៅកម្ពុជា ក្នុងការជួយធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោតនេះ ជារឿងសំខាន់មួយដើម្បីឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះជាស្ថាប័នឯករាជ្យបាន។ លោក គល់ បញ្ញា បញ្ជាក់ថា ក្រុមការងារនៃគណបក្សទាំង២ កំពុងតែធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ មិនបានបើកចំហឲ្យអង្គការសង្គមស៊ីវិលចូលរួមនៅឡើយទេ៖ «សំឡេង»។
តំណាងគណបក្សទាំងពីរបានតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចប់ហើយ តែនៅកំពុងពិភាក្សាលើចំណុចមិនត្រូវរ៉ូវគ្នាមួយចំនួន។ តំណាងគណបក្សសង្រ្គោះជាតិអះអាងថា គណបក្សទាំងពីរចង់ឲ្យធ្វើសេក្ដីព្រាងច្បាប់នេះឲ្យចប់នៅមុនដាច់ឆ្នាំ២០១៤។
តំណាងគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន លើកឡើងថា សេចក្ដីព្រាងច្បាប់បឋមនេះនៅមានចំណុចខ្វែងគំនិតមួយចំនួននៅត្រង់ជំពូកទី៣ជាដើម៖ «ចំណុចខ្លះដែលមិនទាន់បានស្រុះស្រួលគ្នា ចំណុចទាំងហ្នឹងដូចជាការជ្រើសរើសអគ្គលេខាធិការហ្នឹង មានការពិគ្រោះគ្នាថា តើត្រូវយករូបមន្តណាដើម្បីធានាឲ្យអគ្គលេខាធិការហ្នឹងឲ្យបានពេញលេញរបស់ខ្លួន ក្នុងនាមជាជំនួយការរបស់គណៈកម្មាធិការ។ ទី២ ធ្វើម៉េចឲ្យអគ្គលេខាធិការនិងមន្រ្តីនៅក្រោមឱវាតមានការទទួលខុសត្រូវ ហើយនិងក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែម្ដង»។
រដ្ឋាភិបាលជប៉ុន បញ្ជូនក្រុមតាមដានអំពីការកែទម្រង់ការបោះឆ្នោតមកកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២១ តុលា និងថ្ងៃទី២២ តុលា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី២០ តុលា បញ្ជាក់ថា ក្រុមតាមដានជប៉ុន ដែលដឹកនាំដោយប្រធាននាយកដ្ឋានផែនការជំនួយតាមប្រទេសទី១ អគ្គនាយករដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការបរទេសជប៉ុន លោក តាដាយូគិ មីយ៉ាស៊ីតា (Tadayuki Miyashita) នឹងធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្ទាបស្ទង់ដែលបានធ្វើ កាលពីខែឧសភា កន្លងទៅ ជូនសមាជិកនៃការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ បន្ទាប់មកនឹងពិភាក្សាគ្នាអំពីលទ្ធផលប្រតិបត្តិការក្នុងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ជាមួយភាគីពាក់ព័ន្ធនានា រួមមានអាជ្ញាធរពាក់ព័ន្ធនឹងការងារបោះឆ្នោត ដៃគូអភិវឌ្ឍន៍បរទេស និងសង្គមស៊ីវិល។
ក្រុមតាមដានជប៉ុននេះ នឹងជួបតំណាងក្រុមការងារគណបក្សទាំងពីរ និងជួបដាច់ដោយទៀតរវាងមេដឹកនាំគណបក្សទាំងពីរ នៅថ្ងៃទី២២ តុលា នាវិមានរដ្ឋសភា ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។
លោក គល់ បញ្ញា បញ្ជាក់ថា គណបក្សទាំងពីរត្រូវតែទទួលយកអនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬ អឺរ៉ា ដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ដែលគណបក្សទាំងពីរកំពុងធ្វើនោះ ដូចជាការជ្រើសរើសសមាសភាព គ.ជ.ប ចេញពីគណបក្សនយោបាយម្ខាង ៤នាក់នោះ ត្រូវធ្វើដោយចំហ និងច្បាស់លាស់ ព្រមទាំងករណីផ្សេងៗទៀត៖ «សំឡេង»។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា កត្តាចម្បងនៃសេចក្ដីព្រាងច្បាប់នេះ ត្រូវកំណត់ឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះឯករាជ្យដាច់ចេញពីគណបក្សនយោបាយឲ្យបានពិតប្រាកដ ហើយត្រូវដាក់ទោសទណ្ឌចំពោះមន្រ្តីស្ថាប័ននេះដែលប្រព្រឹត្តខុស៖ «គណបក្សទាំងពីរត្រូវតែជំរុញដើម្បីឲ្យច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតនៅកម្ពុជានេះ ឲ្យបានឆាប់រហ័ស»។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សំណើរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ គណបក្សទាំងពីរកំពុងតែពិចារណាថាតើត្រូវបញ្ចូល ឬទទួលយកអនុសាសន៍ណាខ្លះ? លោកបញ្ជាក់ថា ជាគោលការណ៍របស់គណបក្សសង្រ្គោះជាតិ ចង់បានស្ថាប័ន គ.ជ.ប ថ្មីនោះ ជាស្ថាប័នឯករាជ្យពិតប្រាកដ៖ «សំឡេង»។
រីឯខាងតំណាងគណបក្សប្រជាជនកម្ពុជាវិញ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងដើម្បីសុំសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី២១ ខែតុលា។
អតីតនាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ លោក សាម អ៊ីន មានប្រសាសន៍ថា ការកែទម្រង់ការបោះឆ្នោតឲ្យមានលក្ខណៈប្រសើរ ហើយស្ថាប័ន គ.ជ.ប ឯករាជ្យនោះ អាស្រ័យលើឆន្ទៈរបស់គណបក្សទាំងពីរ ថាតើចង់ឲ្យមានការបោះឆ្នោតដោយយុត្តិធម៌ សេរី និងត្រឹមត្រូវពិតប្រាកដដែរ ឬទេ៖ «សំឡេង»។
ក្រុមស្រាវជ្រាវជប៉ុនបានបានមកជួបតំណាងគណបក្សទាំងពីរនៅមុនពេលគណបក្សទាំងពីរមិនទាន់ចរចា ដើម្បីបញ្ចប់វិបត្តិនយោបាយមកម៉្លេះ។ ភាគីជប៉ុនបានសន្យាថា ជប៉ុននឹងជួយកែទម្រង់ការបោះឆ្នោតនៅក្រោយគណបក្សទាំងពីរបានឯកភាពគ្នាលើរឿងនយោបាយ ក៏ប៉ុន្តែគេមិនដឹងនៅឡើយទេ ថាតើជប៉ុននឹងអាចជួយដល់កំណែទម្រង់ការបោះឆ្នោតនេះបានកម្រិតណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិគ្រោងធ្វើពិធីរំលឹកខួបកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស
- បក្សទាំងពីរចង់ធ្វើសេចក្ដីព្រាងច្បាប់បឋមស្ដីពីស្ថាប័នគ.ជ.បឲ្យចប់មុនដាច់ឆ្នាំ២០១៤
- ព្រះសង្ឃឯករាជ្យមួយអង្គនៅបាត់ដំបងត្រូវដកតំណែងដោយសារចូលរួមការងារនយោបាយ
- អូស្ត្រាលីចំណាយលុយជាង១ពាន់លានដុល្លារក្នុង១ឆ្នាំៗលើជនភៀសខ្លួន
- កម្ពុជានិងថៃប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់
- សហព័ន្ធនិស្សិតរិះគន់តំណាងរាស្ត្រទាំង១២៣រូបថាមិនយកចិត្តទុកដាក់បម្រើពលរដ្ឋ
- បាតុកម្មការពារប្រជាធិបតេយ្យនៅហុងកុងមិនជះឥទ្ធិពលអាក្រក់ដល់កម្ពុជា
- សហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឲ្យអាមេរិកដាក់គំនាបលើវៀតណាមឲ្យគោរពសិទ្ធិមនុស្ស
- ពលរដ្ឋដាក់ញត្តិតាមស្ថាប័នមួយចំនួនប្រឆាំងការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី