បណ្ណាល័យកាហ្វេជាកន្លែងបង្កើតគំនិតថ្មីនៃការ​និពន្ធ និងបណ្តុះទម្លាប់​អានសៀវភៅ​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃអង្គារ ទី21 តុលា 2014
http://vodhotnews.com

បណ្ណាល័យកាហ្វេ​ដែល​នឹងក្លាយ​ជាកន្លែងបង្កើត​គំនិត​ថ្មី និង​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការអាន​សៀវភៅ​ នឹង​ត្រូវ​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​នៅ​ខែ​វិច្ឆិកាឆ្នាំ២០១៤​ខាងមុខនេះ ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពិសេស​​យុវជន​ចាប់​ផ្តើម​​បណ្តុះ​ទម្លាប់​នៃ​ការ​អាន។

បណ្ណាល័យ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​ខ្មែរ​ចំនួន៧នាក់តាមរយៈ​ការ​ចូលរួម​ថវិកា​ផ្ទាល់​ខ្លួន​ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​លេខ៤៤០(ខាងលិចផ្សារទូល​ទំពូង)ក្នុងភូមិ២​ សង្កាត់​ទូលទំពូង​២ ខណ្ឌ​ចំការ​មន។​បណ្ណាល័យ​មួយនេះ​ខុសពី​បណ្ណា​ល័យ​​នៅ​តាម​សាលា​រៀនផ្សេងៗ​ ដោយ​សារ​តែ​មាន​ការ​បម្រើ​សេវា​លក់​អាហារ និង​ភេសជ្ជៈ​នៅទីនោះ ដើម្បី​យក​ថវិកា​ខ្លះ​ទៅ​ជួយ​ផ្គត់​ផ្គង់​សេវាបណ្ណាល័យ។

អ្នកស្រី ធីម សុខា ស្ថាបនិកម្នាក់​នៃ​បណ្ណាល័យ​កាហ្វេ មានប្រសាសន៍ថា​យុវជន​៧នាក់​បាន​ចំណាយ​​ថវិកាផ្ទាល់​ខ្លួន​​ទៅ​លើ​ការ​ជួល​ទី​តាំង​ ការទិញ​សម្ភារៈប្រើ​ប្រាស់​ក្នុង​បណ្ណា​ល័យ​ផ្សេងៗជាដើម។ អ្នកស្រីបញ្ជាក់​ថា​ការ​អាន​របស់​កូន​ខ្មែរ​នៅ​មានចំណុច​ខ្វះ​ខាត​នៅឡើយ​ ស្រប​ពេល​ដែល​បច្ចេ​កវិទ្យា​ជឿន​លឿន​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ថយចុះ​នៃ​ការ​អាន​សៀវភៅ។​អ្នកស្រី​មាន​ប្រសាសន៍​​ថា​«យើង​ចង់​ឲ្យ​ប្រទេស​យើង​ អ្នកគ្រប់​គ្នាចាប់​ផ្តើម​ដោយ​ការ​អាន។​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ចាប់​ផ្តើម​បណ្តុះ​កូន​ស្រលាញ់​​ការ​អាន​»។​

អ្នកស្រី ធីម សុខា ឲ្យ​ដឹង​ទៀត​ថាបណ្ណាល័យ​នេះ​នឹង​លើកកម្ពស់​ផ្នែ​កនិពន្ធ​ តាមរយៈ​ការ​ប្រមូល​ផ្តុំ​អ្នក​​និពន្ធ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ចែក​រំលែ​កបទពិសោធន៍ និង​ស្នាដៃ​ល្អ​ៗរបស់​អ្នក​និពន្ធ​ទាំងនោះ​​ដល់​អ្នក​អា​ន​។

នៅក្នុង​បណ្ណាល័យ​ មាន​ការ​​ដាក់​តាំង​សៀវ​ភៅ​ផ្សេងៗ​សម្រាប់​ការ​អាន​ដូច​ជាសៀវភៅ​ប្រលោម​លោក សៀវភៅ​រឿង​ព្រេង ចំណេះ​ដឹង​ទូទៅ​ សៀវភៅ​បរទេស​មួយចំនួន​។ មិនតែប៉ុណ្ណោះ ក៏​មាន​​ការ​ដាក់​តាំង​រូប​ភា​ព​​អ្នក​និពន្ធ​សៀវភៅ និងអ្នក​និពន្ធ​បទចម្រៀងផ្សេងៗ។

អ្នកស្រី ធីម សុខា អំពាវនាវឲ្យ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ ​អង្គការ​សង្គមស៊ីវិល ជួ​យគាំទ្រ​សេវារបស់​បណ្ណាល័យឲ្យ​ដំណើរ​ការ​ទៅ​ថ្ងៃ​ខាងមុខ ដើម្បី​​ជួយ​កូន​ខ្មែរ​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ។អ្នកស្រីបន្តថា នៅពេល​អនាគត​ ក្រុមស្ថាបនិកមានគម្រោង​យក​ថវិកា​ដែល​ជាចំណូល​ពី​ការ​លក់​អាហារ និងភេសជ្ជៈ​ចំនួន​១៥ភាគរយ​ ទៅ​ជួយ​សហគមន៍​ក្រី​ក្រ​នៅ​តាម​បណ្តា​ខេត្តនានា​ តាមរយៈ​ការ​​បង្កើត​ជា​បណ្ណាល័យ​ខា្នត​តូច​។

បណ្ណាល័យ​កាហ្វេនេះ​ ចាប់​បើក​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៩យប់​ជារៀង​រាល់ថ្ងៃ និង​បើក​ឲ្យ​មាន​ការចូល​រួម​អាន​ដោ​​យ​មិន​គិតថ្លៃ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "បណ្ណាល័យកាហ្វេជាកន្លែងបង្កើតគំនិតថ្មីនៃការ​និពន្ធ និងបណ្តុះទម្លាប់​អានសៀវភៅ​"

  1. people says:

    very good idea ‘we all cambodian people support this library,all young generation must spent time in the library reading more and more.GOD bless all cambodian people’

  2. srey mom says:

    I support this Bannalaicafe … I am waiting the launch come in soon.