ដោយ ខែ សុណង
2014-10-21
RFA

រោងចក្រដេរសំលៀកបំពាក់ នីស៊ីគូ (Nishiku) ដែលបាក់ស្រុតពិតាន និងអគាររោងចក្រស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។ RFA/Uon Chhin
កម្មការិនីរោងចក្រដេរសំលៀកបំពាក់ នីស៊ីគូ (Nishiku) ចំនួន ៧នាក់ បានរងរបួសស្រាលក្នុងហេតុការណ៍បាក់ស្រុតពិតាន និងអាគាររោងចក្រស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ តុលា ក្នុងពេលកម្មករប្រមាណ ៨០០នាក់ កំពុងបំពេញការងារ។
អាជ្ញាធរមានសមត្ថកិច្ចនៃឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានហៅការបាក់ស្រុតពិតាន និងអាគាររោងចក្រក្នុងពេលកម្មករបំពេញការងារថា បណ្ដាលមកពីការសាងសង់ខ្វះបច្ចេកទេស។
នាយប៉ុស្តិ៍នគរបាលឃុំពត់សរ លោក នួន វណ្ណរ៉ា មានប្រសាសន៍នៅរសៀលថ្ងៃទី២១ តុលា ថា បន្ទាប់ពីបានចុះត្រួតពិនិត្យក្នុងហេតុការណ៍នេះដោយក្រុមកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី មន្ត្រីក្រសួង និងមន្ទីរការងារ បានរកឃើញថា កម្មការិនី ៧នាក់ ដែលជាបុគ្គលិកផ្នែកដេរបានរងរបួសស្រាលនៅពេលពួកគេកំពុងបំពេញការងារ។ លោកថា ទាំងមនុស្សនិងម៉ាស៊ីនដេរបានធ្លាក់ចូលក្នុងទឹក ដោយសារបាក់បេតុងក្រាលពីលើអាងស្តុកទឹកដែលនៅខាងក្រោមអគារនោះ ព្រោះតែការសាងសង់ខុសបច្ចេកទេសហើយឲ្យកម្មករអង្គុយធ្វើការពីលើកម្រាលថ្មនោះ។
លោក នួន វណ្ណរ៉ា៖ «ដំបូង វាបណ្ដាលមកពីស្រុតពិតាន ឬបាក់ពិតានមក បានអាហ្នឹងទៅគ្រឹបទៅ ពិតានអាគារខាងត្បូងនោះ។ ដល់ពេលបាក់ហើយបានស្រុតអាហ្នឹងគ្រឹបតែម្ដងទៅ។ អាហ្នឹងវាចាក់ប្លង់សេ គ្រាន់តែប្លង់សេលើអាង តែវាអត់មានដែក ដល់មានដែកសរសៃអីរែងទៅបានវាជាប់ អ៊ីចឹងថាសំណង់នេះវាខុសស្ដង់ដារ។ វាសំណាងល្អដែលជញ្ជាំងវាអត់បាក់ស្រុតពីលើ អត់មានថាគ្រោះថ្នាក់ ហ្នឹងឲ្យធ្ងន់ធ្ងរបាក់ដៃបាក់ជើងអីទេ វារាងរលាត់ជង្គង់អីតិចតួចមិនខានទេ»។
កម្មការិនី នួន បូរ៉ាត់ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានថ្លែងថា នេះជាលើកដំបូងហើយដែលកើតមានហេតុការណ៍បែបនេះនៅក្នុងរោងចក្រ។ គាត់បន្តថា នៅម៉ោងប្រមាណ ១០ព្រឹកក្នុងពេលកម្មករកំពុងបំពេញការងារនោះ ស្រាប់តែពិតានអាគាររោងចក្របានបាក់ ទើបបណ្ដាលឲ្យមានភាពច្រួលច្របល់រួចក៏បានបាក់ស្រុតអាគារទៅទៀត។
កម្មការិនី នួន បូរ៉ាត់៖ «ខ្ញុំកំពុងអង្គុយធ្វើការនោះ ក៏លឺសូរសំឡេងបាក់ពិតានហ្នឹង បាក់សូរព្រូអ៊ីចឹងទៅ ក៏កម្មករផ្អើល ធ្លាក់កម្ទេចមក ក៏កម្មករផ្អើលទៅ បាក់អាក្រោមនោះស្រុតទៅទៀតទៅ។ មានអ្នកខ្លះយំផលអីផង គាត់ភ័យខ្លាំងនោះ រត់ចេញអស់ទៅ។ កន្លែងក្រុមអ៊ី (E) បាក់មុនគេ មានកម្មករពីរនាក់ធ្លាក់ចូលទៅក្នុងហ្នឹង តែបានកម្មករគ្នាយើងហ្នឹងទាញដៃគាត់ឡើងមកវិញទៀតមក គាត់របួសជើង។ ពេលហ្នឹងជ្រួលច្របល់ឆ្វេចឆ្វាចរត់ចេញមកអស់ហើយ ភ្លេចយកទូរស័ព្ទដៃ កាបូបលុយអីភ្លេចក្នុងរោងចក្រហ្នឹង»។
កម្មការិនីទាំង ៧នាក់ ដែលរងរបួសនិងមានកម្មការិនីមានផ្ទៃពោះម្នាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី។ ថ្វីត្បិតតែមានការអះអាងពីប៉ូលិសថា ពួកគេរងរបួសស្រាល ក៏ប៉ុន្តែគ្រូពេទ្យបានឆ្លុះថតកាំរស្មីអ៊ិច ឲ្យពួកគេ។
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ក៏បានចុះទៅដល់មន្ទីរពេទ្យនោះដែរ និងបានជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុននេះ។
ជាលទ្ធផលនៃកិច្ចប្រជុំរវាងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី មន្ត្រីក្រសួង និងមន្ទីរការងារ និងភាគីរោងចក្រ បានសម្រេចឲ្យកម្មករផ្អាកការងារមួយរយៈ ដោយឲ្យក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ត្រួតពិនិត្យ រួចសាងសង់ឲ្យរួចរាល់សិន ទើបតម្រូវឲ្យកម្មករចូលធ្វើការវិញ និងរក្សាបើកប្រាក់ខែឲ្យកម្មករជារៀងរាល់ខែធម្មតា។
ទោះជាយ៉ាងណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលបញ្ហានេះ បានបន្ទោសខាងរោងចក្រនិងអ្នកពាក់ព័ន្ធថា មានការធ្វេសប្រហែសចំពោះគុណភាពសំណង់។ លោកស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ត្រួតពិនិត្យសំណង់អាគាររោងចក្រទាំងនោះ ជៀសវាងកើតឡើងបញ្ហាម្ដងហើយម្ដងទៀត។
ការបាក់ស្រុតអាគាររោងចក្រគឺមិនមែនជាលើកទី១ទេ ហើយកន្លងមកក្រោយពីកើតមានហេតុការណ៍រួច មន្ត្រីការងារដែលបានចុះសិក្សារកឃើញថា ការសាងសង់អាគាររោងចក្រមិនគោរពស្តង់ដារ និងបានសាងសង់ឡើងខុសបច្ចេកទេសជាដើម៕
អត្ថបទដែលទាក់ទង
- ពលករនៅកំពង់ឆ្នាំងដែលចាញ់បោកមេខ្យល់ស្នើសាលាឧទ្ធរណ៍ពន្លឿននីតិវិធី
- ក្រុមសហជីពកម្មករនៅខ្វែងគំនិតគ្នាការកំណត់ប្រាក់ឈ្នួលរបស់កម្មករ
- មូលហេតុដែលធ្វើឲ្យពលរដ្ឋខេត្តព្រៃវែងចំណាកស្រុកច្រើន
- ពលករវៀតណាមខុសច្បាប់៤នាក់សុំធ្វើអត្តសញ្ញាណប័ណ្ណនៅរតនគិរី
- ពលករខ្មែរប្រមាណ១ម៉ឺននាក់បំពេញបែបបទស្របច្បាប់ដើម្បីទៅធ្វើការនៅថៃ
- កម្ពុជានិងកូរ៉េរៀបចំកម្មវិធីចិត្តតែមួយដើម្បីពង្រឹងទំនាក់ទំនងប្រជាជន
- ក្រសួងការងារជួបប្រជុំសហជីពនិងតំណាងរោងចក្រពិភាក្សាពីប្រាក់ខែគោល
- ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដាក់បញ្ជាដល់បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីចូលធ្វើការវិញ
- ពលរដ្ឋនៅប៉ៃលិនបារម្ភពីសកម្មភាពមេខ្យល់សម្រុកនាំមនុស្សទៅកាប់ឈើគ្រញូងនៅថៃ