Tue, 21 October 2014
ឈឹម ស្រីនាង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: អ្នករស់នៅទីក្រុងតែងតែប្រាថ្នាចង់ចេញទៅទទួលទានអាហារក្បែរមាត់ទឹកម្ដងម្កាល ដើម្បីលម្ហែកាយឲ្យស្រស់ស្រាយអារម្មណ៍ ក៏ដូចជាបានភ្លក្សរសជាតិម្ហូបប្លែកមាត់ពីការញ៉ាំបាយផ្ទះផងដែរ។
សម្រាប់អ្នកដែលមិនមានពេលធ្វើដំណើរទៅណាឆ្ងាយ នៅក្រុងតាខ្មៅក៏មានកន្លែងទទួលទានលក្ខណៈក្យូសបណ្ដែតទឹកស្រះដ៏ស្រឡះភ្នែកផងដែរ។ នោះគឺហាង ប៉ាលីណាឃីម ដែលជាអាហារដ្ឋាន និងកន្លែងកម្សាន្តនៅលើដីឡូត៍ មានក្យូសលើស្រះទឹក និងថែមទាំងអាចជិះកូនក្បូនលេងកម្សាន្តលើផ្ទៃទឹកដ៏តូចហ៊ុមព័ទ្ធដោយតូបប្រក់ស្លឹកផងដែរ។
ហាងលក្ខណៈគ្រួសារនេះមានល្បីម្ហូបដូចជា ក្រួចអាំងអំបិលម្ទេស កង្កែបអាំងអំបិលម្ទេសកង្កែបឆាក្ដៅត្រកួនចុចនំបុ័ង និងស៊ុបអន្ទង់។
សម្រាប់ម្ហូបចម្អិនពីកង្កែបវិញមានការលក់ដាច់ជាងគេនៅហាងប៉ាលីណាឃីម។ កង្កែបអាំងអំបិលម្ទេសដែលមានរសជាតិហឹរជាប់មាត់នោះ អាចជាគ្រឿងក្លែម ឬទទួលទានជាមួយបាយក៏បាន។
កង្កែបនេះគេចម្អិនដោយពន្លាត់ ស្បែកប្រឡាក់អំបិល និងម្ទេស ហើយអាំងលើចន្ទាសប្រើកម្ដៅភ្លើងធ្យូងតិចៗរយៈពេល១៥នាទី នោះជាការស្រេច។ កង្កែបអាំងអំបិលម្ទេសមួយចានមានតម្លៃ១៥០០០រៀល។
ហាង ប៉ាលីណាឃីម ស្ថិតនៅផ្លូវជាតិលេខ២ ហួសវត្តក្រពើហាចម្ងាយ២០០ម៉ែត្រ និងបត់ឆ្វេងត្រង់ស្លាកផ្ទះសំណាក់សុខា ទូរស័ព្ទ០១២ ៣៤៥ ៨១៤ និង០៨៩ ៩៣០ ៣០៤៕
