ដោយ៖ អុិត សូធឿត
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា និងក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សនេះ នឹងជួបជាមួយអ្នកជំនាញការបោះឆ្នោតជប៉ុន នៅព្រឹកថ្ងៃពុធនេះ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ជំនួបនេះនឹងធ្វើឡើងនៅម៉ោង១០កន្លះ ព្រឹកថ្ងៃពុធនេះ នៅឯវិមានរដ្ឋសភា ។ លោកថា អ្នកជំនាញការជប៉ុននឹងបង្ហាញរបាយការណ៍ស្ដីពីការរកឃើញរបស់ខ្លួនដែលបានធ្វើការសិក្សាស្ដីពីការបោះឆ្នោត និងភាពមិនប្រក្រតីនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ។
កាលពីខែសីហាកន្លងទៅ មន្ត្រីគណៈប្រតិភូជប៉ុនដឹកនាំដោយលោក Azuma KOSHIISHI អនុប្រធានព្រឹទ្ធសភា ជួបជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរួចម្ដងហើយ និងបានសន្យាផ្តល់ជំនួយបច្ចេកទេស និងអ្នកជំនាញខាងកិច្ចការបោះឆ្នោតមកកាន់កម្ពុជា ហើយប្រទេសនេះ នឹងបន្តឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា ៕
សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com