ស្រុត​រោងចក្រ​ទំលាក់​កម្មការនី​ក្នុង​អាង​ទឹក


2014-10-22 11:39 by
ភ្នំពេញប៉ុស្តិ៍

យ៉ាង​ហោច​ណាស់ក៏​មាន​កម្មការិនីបម្រើការ​នៅ​ក្នុង​រោងចក្រ​ Nishiku Enterprise Co., Ltd ៤​នាក់​បាន​រង​របួស​ស្រាល​និង​២​នាក់​សន្លប់​ដោយ​សារ​តែ​ស្រុត​បាក់​អគារ​​ទៅ​ក្នុង​អាង​ទឹក​ ព្រោះតែ​សំណង់​អគារ​មិន​មាន​ស្តង់ដារ​ កាល​ពីថ្ងៃ​ម្សិល​​មិញ​ស្ថិត​នៅ​ក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ​ ឃុំ​ពត់ស ស្រុក​បាទី​ខេត្ត​តាកែវ។



កម្មការិនី​រោងចក្រ ៦ នាក់​បាន​រង​របួស​ដោយ​សារ​ស្រុត​អគារ


ទិដ្ឋភាព​នៅ​ខាង​ក្នុង​អគារ​រោងចក្រ​កាត់ដេរ​ដែល​មាន​ការ​ស្រុត​ចុះ​ទៅ​ក្នុង​អាង​ទឹក ធ្វើ​ឲ្យ​កម្មការិនី​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ទិដ្ឋភាព​នៅ​ខាង​ក្នុង​អគារ​រោងចក្រ​កាត់ដេរ​ដែល​មាន​ការ​ស្រុត​ចុះ​ទៅ​ក្នុង​អាង​ទឹក ធ្វើ​ឲ្យ​កម្មការិនី​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ម៉ៃ វីរៈ


and
ភ្នំពេញប៉ុស្តិ៍

តាកែវៈ យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មការិនី​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ Nishiku Enterprise Co., Ltd ៤ នាក់​បាន​រង​របួស​ស្រាល​និង ២ នាក់​សន្លប់​ដោយ​សារ​តែ​ស្រុត​បាក់​អគារ​ទៅ​ក្នុង​អាង​ទឹក ព្រោះ​តែ​សំណង់​អគារ​មិន​មាន​ស្តង់ដារ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ស្ថិត​នៅ​ក្នុង ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់ស ស្រុក​បាទី ខេត្ត​តាកែវ។

លោក សោម ហោ អនុ​ប្រធាន​កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ២០១ ស្ថិត​ក្នុង ឃុំ​ពត់ស ដែល​បាន​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​បាក់​ស្រុត​អគារ​នោះ​បាន​កើត​ឡើង​នៅ​ព្រឹក ម៉ោង​ប្រមាណ​ជា ៩ និង ៣០ នាទី ដោយ​អគារ​ស្រុត​ចុះ​ទៅ​ក្នុង​អាង​ទឹក​មួយ​ដែល​មាន​បណ្តាយ​ប្រវែង ៤០ ម៉ែត្រ និង​ទទឹង ២០ ម៉ែត្រ ហើយ​នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​បាន​បណ្តាល​ឲ្យ​កម្មការិនី ៤ នាក់​រង​របួស​ស្រាល​ដូចជា​ខ្នង និង​ជើង និង​កម្មការិនី ២ នាក់​ទៀត​បាន​សន្លប់​ដោយ​សារ​តែ​ការ​ភ័យ​រន្ធត់។ លោក​បាន​ថ្លែង​ថា៖ «តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​នោះ​គឺ​វា​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​បច្ចេក​ទេស​សាង​សង់​ពីព្រោះ​គេ​ចាក់​បេតុង​ប៉ុន្តែ​ពុំ​មាន​ដែក»។

លោក​ថ្លែង​ឲ្យ​ដឹង​ថា កម្មការិនី ៦ នាក់​ដែល​មាន​រង​របួស​និង​សន្លប់​នោះ​មាន​ដូចជា នួន ធី អាយុ ៣៣​ឆ្នាំ សៀន សុផាន អាយុ ៣៣​ឆ្នាំ ដួង ម៉ាល័យ អាយុ ៣៣​ឆ្នាំ អឿ ពេជ្រ អាយុ ៤៦​ឆ្នាំ ឡុង ចាន់រ៉ុង អាយុ ២៤​ឆ្នាំ និង ធន ធារី អាយុ ២៩​ឆ្នាំ។

លោក ឡាយ សុខា អភិបាល ស្រុក​បាទី ដែល​ចុះ​ទៅ​កន្លែង​កើត​ហេតុ​នោះ​បាន​ថ្លែង​ថា អ្វី​ដែល​បាន​កើត​ឡើង​នេះ​គឺ​បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក​ដោយ​សារ​តែ​ខាង​រោងចក្រ​សាង​សង់​ពុំ​គោរព​ទៅ​តាម​ស្តង់ដារ ដែល​បាន​បង្ហាញ​ទៅ​អាជ្ញាធរ​ចំពោះ​ប្លង់​មេ​របស់​ខ្លួន។ លោក​ថ្លែង​ថា៖ «យើង​សុំ​ឲ្យ​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ​សំណង់​រោងចក្រ​ឡើង​វិញ​ពីព្រោះ​ភាគី​រោងចក្រ​ពុំ​បាន​អនុវត្ត​តាម​គម្រោង​ប្លង់​មេ​ទេ ទើប​បាន​ជា​មាន​បញ្ហា​ដូច​លើក​នេះ»។

និយាយ​ទាំង​នៅ​មាន​អាការ​ភិត​ភ័យ​នៅ​ឡើយ​បន្ទាប់​ពី​លូន​ចេញ​ពី​រណ្តៅ​ស្រុត​ចុះ​ជាមួយ​ម៉ាស៊ីន​ដេរ កញ្ញា ខាត់ សូរិយា ដែល​នៅ​ក្នុង​ហេតុ​ការណ៍​បាន​ថ្លែង​ថា ដំបូង​ឡើយ​កញ្ញា​បាន​ឮ​ស្នូរ​សំឡេង​ប្រឹបៗ​នៅ​ខណៈ​កញ្ញា​កំពុង​តែ​ដើរ​យក​កន្ត្រៃ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ កញ្ញា​បាន​ប្រាប់៖ «ខ្ញុំ​គ្រាន់​តែ​ឮ​ប្រឹបៗ​ខ្ញុំ​រត់​ថយ​ក្រោយ​ប៉ុន្តែ ក៏​បាក់​បេតុង​ដែល​ខ្ញុំ​កំពុង​ឈរ ខ្ញុំ​ក៏​ធ្លាក់​ទៅ​ជាមួយ​ម៉ាស៊ីន ប៉ុន្តែ​ខ្ញុំ​សំណាង ខ្ញុំ​មិន​បាន​រង​របួស​អី​ទេ ខ្ញុំ​ព្យាយាម​លូន​ចេញ​ពី​គំនរ​នោះ»។

កញ្ញា​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាក់​មក​កម្មករ​ស្រែក​យំ​ទ្រហោ​ពេញ​រោងចក្រ​និង​នាំ​គ្នា​រត់​ចេញ ក្រោយ​មក​នៅ​ពេល​ចេញ​មក​ក្រៅ​ក៏​សួរ​រក​គ្នា​ឯង ថា​តើ​បាត់​អ្នក​ណា​ខ្លះ​រួច​ក៏​វិល​ត្រឡប់​ទៅ​កន្លែង​បាក់​វិញ​ដើម្បី​ទាញ​អ្នក​ដែល​រើ​មិន​រួច​ឡើង​មក​លើ។ កញ្ញា​ថា៖ «ពួក​យើង​កំពុង​តែ​ធ្វើ​ការ​ដូច្នេះ​ពួក​យើង​រន្ធត់​បំផុត»។

កម្មការិនី​រង​របួស​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​បាទី។ ម៉ៃ វីរៈ

ដៃ​ព្យួរ​សៀរ៉ូម​ដេក​នៅ​គ្រែ​ខាង​មុខ​បន្ទប់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក ស្រុក​បាទី កញ្ញា ឡុង ចាន់រ៉ុង ដែល​រង​របួស​ធ្ងន់​ត្រង់​ខ្នង និង​ជើង​ខាង​ស្តាំ បាន​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ​បាន ២ ឆ្នាំ​បាន​ថ្លែង​ថា កញ្ញា​កំពុង​តែ​អង្គុយ​ដេរ ស្រាប់​តែ​ឮ​សំឡេង​ប្រឹប​កញ្ញា​ក៏​ធ្លាក់​ទៅ​ជាមួយ​ម៉ាស៊ីន​តែ​ម្តង ហើយ​ម៉ាស៊ីន​ផ្សេង​ក៏​បាន​វាយ​ត្រូវ​ខ្នង​និង​សង្កត់​ត្រូវ​ខ្នង ធ្វើ​ឲ្យ​កញ្ញា​សន្លប់​បាត់​ស្មារតី​តែ​ម្តង។ កញ្ញា​ថា៖ «ខ្ញុំ​វិល​មុខ ក្អួត​អង្គុយ​មិន​កើត។ ខ្ញុំ​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច​មិន​ដឹង​ថា តើ​ត្រូវ​ទៅ​ធ្វើ​ការ​កន្លែង​នោះ​វិញ​យ៉ាង​ម៉េច​នោះ​ទេ ពីព្រោះ​ខ្ញុំ​នៅ​ភ័យ»។

ដៃ​ព្យួរ​សៀ​រ៉ូម ជើង​ឆ្វេង​លាភ​ថ្នាំ​ក្រហម​លើ​មុខ​របួស​អ្នក​ស្រី អឿ ពេជ្រ និយាយ​នៅ​ពេល​ដែល​សម្រាក​ព្យាបាល​ថា នេះ​គឺជា​លើក ទី១ ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ស្រី​ក៏​ដូច​ជា​កម្មការិនី​ដទៃ​ទៀត ហេតុ​ដូច្នេះ​ហើយ​ទើប​ពុំ​មាន​កម្មករ​ណា​ចាប់​អារម្មណ៍​ទៅ​នឹង​សំឡេង​នោះ។ អ្នក​ស្រី​ថ្លែង​ថា៖ «វា​កើត​ឡើង​លឿន​ពេក គ្រាន់​តែ​ឮ​ប្រឹប​ម៉ាស៊ីន​និង​កម្មករ​ធ្លាក់​ចុះ​តែ​ម្តង។ ខ្ញុំ​ភ័យ​រន្ធត់​បំផុត តែ​សំណាង​ល្អ​ពួក​យើង​ពុំ​មាន​អ្នក​ស្លាប់»។

អ្នក​ស្រី​បាន​ថ្លែង​ថា បន្ទាប់​ពី​ស្រុត​ចុះ​ជាមួយ​ម៉ាស៊ីន​ចូល​នៅ​ក្រោម​ដែល​មាន​កម្ពស់​ជាង ១ ម៉ែត្រ​អ្នក​ស្រី​បាន​ស្រវា​វារ​ឡើង​មក​លើ​វិញ ហើយ​នៅ​ក្បែរ​អ្នក​ស្រី​ក៏​មាន​កម្មករ ២ នាក់​ទៀត​កំពុង​តែ​នាំ​គ្នា​ប្រឹង​រើ​បម្រះ​ពី​ម៉ាស៊ីន​ដើម្បី​វារ​ឡើង​មក​លើ​វិញ ដោយ​មាន​អ្នក​ខ្លះ​ឡើង​មិន​រួច​ស្រែក​ហៅ​គេ​ឲ្យ​ជួយ។ អ្នក​ស្រី​ថា៖ «ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​នៅ​កន្លែង​ដដែល បើ​ទោះ​ជា​ខ្ញុំ​ខ្លាច​ក៏​ដោយ​ពីព្រោះ​ខ្ញុំ​គ្មាន​ជម្រើស ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ខាង​រោងចក្រ​នឹង​ធ្វើ​ថ្មី​ឲ្យ​មាន​ស្តង់ដារ​ជាង​នេះ»។

នៅ​ក្នុង​រោងចក្រ​មាន​ម៉ាស៊ីន​ចំនួន ៨ ជួរ​បាន​ស្រុត​ចុះ​កំណាត់​និង​ម៉ាស៊ីន​នៅ​រាយ​ប៉ាយ​ពេញ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ពិតាន​មួយ​ចំនួន​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ចំណែក​ឯ​ស្បែក​ជើង​របស់​កម្មការិនី​ជាច្រើន​គូ​បាន​នៅ​រាយ​ប៉ាយ​នៅ​កន្លែង​នោះ​ផង​ដែរ​ចំណែក​នៅ​បរិវេណ​ខាង​ក្រៅ​មាន​មនុស្ស​ជាង ១០០ នាក់​បាន​ឈរ​ចាំ​ស្តាប់​លទ្ធផល​ដោយ​សារ​តែ​សន្តិសុខ​បាន​បិទ​ទ្វារ​ចូល​រោងចក្រ​ពុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​មើល។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​រោងចក្រ Nishiku អ្នក​ស្រី ច័ន្ទ ម៉ូនីកា បាន​ថ្លែង​នៅ​កន្លែង​កើត​ហេតុ​ថា នៅ​អគារ B ដែល​ស្រុត​ចុះ​នោះ​មាន​កម្មការិនី​ធ្វើ​ការ​ប្រមាណ​ជា ៨០០ នាក់​នៃ​ចំនួន​កម្មករ​សរុប ១៩៥០ នាក់ ប៉ុន្តែ​មាន​មនុស្ស​តែ ៤ នាក់​ប៉ុណ្ណោះ​បាន​រង​របួស​ស្រាល​និង ២ នាក់​ទៀត​បាន​សន្លប់​ដោយ​សារ​តែ​ពួក​គាត់​មាន​ការ​រន្ធត់។ អ្នក​ស្រី​ថា៖ «បន្ទាប់​ពី​កើត​ហេតុ​យើង​ឲ្យ​ប្រធាន​ក្រុម​គ្រប់​ផ្នែក​ពិនិត្យ​កម្មករ​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បាត់​ខ្លួន​នោះ​ទេ។ មូល​ហេតុ​ដែល​ស្រុត​ចុះ​នោះ​ដោយ​សារ​តែ​ជីក​អាង​ស្តុក​ទឹក​សម្រាប់​ប្រើ​ប្រាស់»។

អ្នក​ស្រី​បាន​ថ្លែង​ថា រោងចក្រ​របស់​អ្នក​ស្រី​ដេរ​សម្លៀក​បំពាក់​និង​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ដី​គោក ហើយ​នេះ​គឺ​ជា​បញ្ហា​ដែល​បាន​កើត​ឡើង​លើក ទី១ ហើយ​នៅ​ក្នុង​រោងចក្រ​នេះ។ អ្នក​ស្រី​បាន​និយាយ​ថា៖ «បន្ទាប់​ពី​មាន​បញ្ហា​ហើយ​ខ្ញុំ​ឲ្យ​កម្មករ​សម្រាក​តែ​ខ្ញុំ​មិន​ទាន់​កំណត់​ពេល​ថា តើ​ឲ្យ​ឈប់​សម្រាក​រហូត​ដល់​ពេល​ណា​នោះ​ទេ»។

លោក ធូ ហួត ប្រធាន​ការិយាល័យ​ប្រតិបត្តិ ស្រុក​បាទី បាន​ថ្លែង​ថា តាម​ការ​ពិនិត្យ​ពី​ស្ថានភាព​អ្នក​ដែល​រង​របួស​ទាំង​អស់​នោះ​គឺ​គាត់​ពុំ​ធ្ងន់​ធ្ងរ​ទេ គឺ​គ្រាន់​តែ​របួស​រលាត់​ខាង​ក្រៅ​ប៉ុណ្ណោះ គឺ​មាន​តែ​ម្នាក់​ដែល​សន្លប់​មាន​អាការ​ធ្ងន់​តម្រូវ​ឲ្យ​មាន​ការ​ថត​មើល​ខ្នង​របស់​គេ។ លោក​ថា៖ «ពួក​គាត់​សម្រាក ២ ទៅ ៣ ថ្ងៃ​គ្រាន់​បើ​ឡើង​វិញ​ហើយ»។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈ​មណ្ឌល​ច្បាប់​សម្រាប់​អប់រំ​សហគមន៍​ថ្លែង​ថា ការ​ស្រុត​ចុះ​រោងចក្រ​នេះ​គឺ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​ពីព្រោះ​ពុំ​បាន​ពិនិត្យ​មើល​គុណភាព​សំណង់​ឲ្យ​បាន​ច្បាស់​លាស់ ការ​សាងសង់​ដោយ​ពុំ​មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ។ លោក​ថា៖ «ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម​គួរ​តែ​ពិនិត្យ​មើល​អគារ​សំណង់​ឲ្យ​បាន​ច្បាស់​លាស់​នេះ​បង្ហាញ​ពី​ភាព​កម្សោយ​របស់​រដ្ឋ»។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី ខែ​ឧសភា ឆ្នាំ​២០១៣ កន្លង​មក​រោងចក្រ​មួយ​ឈ្មោះ វីងស្តារស៊ូ ស្ថិត​នៅ​ក្នុង ខេត្ត​កំពង់ស្ពឺ បាន​បាក់​រលំ​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​ស្លាប់ និង​កម្មករ​មួយ​ចំនួន​ទៀត​បាន​រង​របួស៕



What Next?

Recent Articles