កម្មករ​រោងចក្រ​រាប់​ពាន់​នាក់​ព្រមាន​បិទ​ផ្លូវ​ជាតិ​លេខ​៤

ដោយ អ៊ួន ឈិន
2014-10-22
RFA

រោងចក្រ​ហ្គ្រេនធ្វីន ៦២០

កម្មករ​រោងចក្រ​ហ្គ្រេនធ្វីន (Grand Twin) ប្រមាណ​១​ពាន់​នាក់ តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​​​ចំនួន ១៦​ចំណុច នៅ​មុខ​រោងចក្រ ថ្ងៃ​ទី ២២ តុលា ២០១៤។ RFA/Uon Chhin

កម្មករ​រាប់ពាន់​នាក់​នៃ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​មួយ​នៅ​រាជធានី​ភ្នំពេញ ព្រមាន​ថា នឹង​បិទ​ផ្លូវ​ជាតិ​លេខ ៤ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដកម្ម​ចំនួន ៣​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ។

កម្មករ​ប្រមាណ ១​ពាន់​នាក់​ក្នុង​ចំណោម​កម្មករ​ជាង ៥​ពាន់​នាក់​នៃ​រោងចក្រ ហ្គ្រែន ធ្វិនហ្ស៍ (Grand Twins) ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​ដើរ​ដង្ហែ​ចេញ​ពី​មុខ​រោងចក្រ មក​ឈរ​តវ៉ា​នៅ​មាត់​ផ្លូវ​ប្រសព្វ​នឹង​​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា ដែល​ជា​ថ្ងៃ​ទី​៣ នៃ​កូដកម្ម​របស់​ពួក​គេ។

កម្មករ​បាន​ព្រម​ត្រឡប់​ទៅ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​វិញ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​សំណើ​និង​ការ​សន្យា​តាម​ទូរស័ព្ទ​ពី​មន្ត្រី​អាជ្ញាធរ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ថា​នឹង​ឲ្យ​ភាគី​រោងចក្រ​ឈប់​ចាក់​មេក្រូ​និង​ធុងបាស​រំខាន​ដល់​ការ​តវ៉ា​ទាមទារ​របស់​កម្មករ។

ដោយ​ខាង​រោងចក្រ​នៅ​តែ​ចាក់​មេក្រូ​រំខាន អនុ​ប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា លោក ឃិន ណាំហោ បាន​ព្រមាន និង​ប្រកាស​ដល់​កម្មករ​ទាំង​អស់​ឲ្យ​ចូល​រួម​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​សុក្រ ទី​២៤ តុលា៖ «សំឡេង»។

ការ​ទាមទារ​របស់​កម្មករ​មាន ១៦​ចំណុច ក្នុង​នោះ​ពួក​គេ​សុំ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​សិទ្ធិ​កម្មករ បញ្ឈប់​ការ​រើសអើង​សហជីព និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​រំឭក​អតីត​ការងារ​របស់​កម្មករ ព្រោះ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​ពី ឃ្យូ.អឹម.អាយ (QMI) មក​ជា ហ្គ្រែន ធ្វិនហ្ស៍ វិញ ដោយ​មិន​បាន​បញ្ជាក់​ពី​ការ​ទូរទាត់​អតីភាព​ការងារ​និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​ឡើយ។

តំណាង​កម្មករ​ដែល​តវ៉ា លោកស្រី ចេងនី វរល័ក្ខ បញ្ជាក់​ពី​មូល​ហេតុ​ដែល​នាំ​មាន​កូដកម្ម៖ «សំឡេង»។

លោក ឌិន លីមទី អះអាង​ថា លោក​រងគ្រោះ​ដោយ​ការ​រើសអើង​សហជីព ៖ «…» ។

វិទ្យុ​អាស៊ីសេរី បាន​សុំ​ចូល​ជួប​ភាគី​រោងចក្រ​ឲ្យ​​បំភ្លឺ​រាល់​បញ្ហា​ទាក់ទង​នឹង​ការ​តវ់ា​របស់​កម្មករ ប៉ុន្តែ​ក្រុម​សន្តិសុខ​ដែល​ការពារ​ច្រក​ចូល​រោងចក្រ​បាន​ទាញ​ទ្វារ​បិទ​យ៉ាង​រហ័ស។

រោងចក្រ ហ្គ្រែន ធ្វិនហ្ស៍ លក់​ផលិតផល​ទៅ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ល្បី​ឈ្មោះ​មួយ​ គឺ​ក្រុមហ៊ុន អាឌីដាស (Adidas)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles