ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋមួយចំនួននៅខេត្តក្រចេះ ចោទអាជ្ញាធរខេត្តថា តម្រូវឲ្យពួកគេបង់ប្រាក់រហូតដល់៥០ភាគរយនៃតម្លៃដី ដែលពួកគេកំពុងរស់នៅជិត៣០ឆ្នាំមកនេះ មុនចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ឲ្យ។
តំណាងពលរដ្ឋម្នាក់ លោក លី ម៉េងហាង ឲ្យ VOD ដឹងថាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញមន្ត្រីខេត្តបានកោះប្រជុំពួកគាត់២៤គ្រួសារ ដែលកំពុងរស់នៅជាប់សាលាក្រុងក្រចេះ ដើម្បីបញ្ជាក់ពីការធ្វើប័ណ្ណកម្មសិទ្ធិដី។
ក្នុងកិច្ចប្រជុំនោះ អភិបាលរងខេត្ត លោក ជាក់ ម៉េងហាង បានស្នើឲ្យពលរដ្ឋត្រូវបង់ប្រាក់ឲ្យសាលាខេត្ត រហូតដល់ទៅទៅ៥០ភាគរយនៃតម្លៃដី ដែលពួកគេកំពុងរស់នៅ ដែលអ្នកភូមិមិនអាចទទួលយកបាន។ លោកមានប្រសាសន៍ថា «ដំបូងឡើងគាត់និយាយថា អាចនឹង៥០ភាគរយម្នាក់ ឧទាហរណ៍ថាដីហ្នឹង១០ម៉ែត្រគាត់ឲ្យតែ៥ម៉ែត្រទេ បានន័យថា ៥ម៉ែត្រទៀតត្រូវប្រគល់លុយជូនទៅរដ្ឋ»។
លោក លី ម៉េងហាង ឲ្យដឹងទៀតថា ដីដែលពួកគេកំពុងរស់នៅនោះ មានក្បាលពី៧ទៅ៨ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ ដែលអាចមានតម្លៃជិត១ម៉ឺនដុល្លារ ឬលើសពីនេះ។
អភិបាលរងខេត្តក្រចេះ លោក ជាក់ ម៉េងហាង ទទួលស្គាល់ថា លោកពិតជាបានស្នើឲ្យពលរដ្ឋ បង់ប្រាក់តាមការស្ម័គ្រចិត្តប៉ុណ្ណោះ ដើម្បីស្នើទៅស្ថាប័នពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិដីនេះ មិនមែនកំណត់តម្លៃដាច់ខាតណាមួយដូចការចោទប្រកាន់ទេ។ លោកបន្ថែមថា «ប្រសិនគាត់បដិភាគថា បន្តិចបន្តួច ឧទាហរណ៍ថា ១ឡូត៍ទៅ ៤០០-៥០០៛ អាហ្នឹងគណៈកម្មការអត់មានកំណត់ទេថា ខ្ញុំធ្វើសំណើថា បើប្រជាជនចង់បានប្រជាជនពេញច្បាប់សុំឲ្យថ្នាក់លើ យើងធ្វើសំណើទៅថា្នក់លើហ្នឹង សុំការអនុញ្ញាតថា ប្រសិនប្រជាជនព្រមបង់អ៊ីចឹង ព្រមកាត់សារពើភណ្ឌហ្នឹងឲ្យទៅគាត់ជាកម្មសិទ្ធិពេញច្បាប់អត់ មានតែប៉ុណ្ណឹងទេ អត់មានបង្ខិតបង្ខំទេ អ្នកដែលនិយាយថា៥០ភាគរយអីហ្នឹងគឺខុសហើយ គឺនិយាយអត់ត្រឹមត្រូវទេ»។
មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ ពន្យល់ថា បើពិនិត្យទៅឃើញថា ពលរដ្ឋ២៤គ្រួសារនោះពិតជាបានរស់នៅតំបន់នោះច្រើនឆ្នាំដូចការអះអាងមែន ពលរដ្ឋជាម្ចាស់ភោគៈស្របច្បាប់ ហើយពលរដ្ឋត្រូវមានកាតព្វកិច្ចបង់ពន្ធចូលរដ្ឋតាចច្បាប់កំណត់ សម្រាប់ដីស្រែមួយម៉ែត្រការ៉េត្រឹម១០០រៀល ចំណែកដីក្នុងក្រុងអាចដល់២០០០រៀលក្នុងមួយម៉ែត្រការ៉េ បើអាជ្ញាធរទារលើសពីនោះ លោកថាជារឿងពុករលួយ។
តាមអ្នកភូមិអះអាងថា កាលពីឆ្នាំ១៩៧៩ពួកគេ២៤គ្រួសារនេះ បានមករស់នៅក្នុងភូមិស្រែស្តៅ ឃុំឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ លុះដល់ឆ្នាំ១៩៩៧អាជ្ញាធរបានយកដី នៅទីតាំងនោះធ្វើជាសាលាស្រុក ដោយតម្រូវឲ្យពួកគាត់មករស់នៅកន្លែងថ្មី ក្នុងភូមិឃុំដដែលរហូតបច្ចុប្បន្ននេះ។
តំណាងអ្នកភូមិព្រមានថា បើអាជ្ញាធរខេត្តនៅតែតម្រូវឲ្យពួកគេបង់ប្រាក់ ជាថ្នូរនឹងការចេញប័ណ្ណកម្មសិទ្ធិដែលពួកគេរស់ជាង៣០ឆ្នាំមកនេះ ពួកគេនឹងឡើងមកតវ៉ាដល់ផ្ទះនាយករដ្ឋមន្ត្រីដើម្បីរកយុត្តិធម៌៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
