ដោយ៖ បាន វិទ្យា
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កម្មកររោងចក្រស៊ីនតាយ តវ៉ានៅមុខក្រសួងការងារ (រូបថត៖ បាន វិទ្យា)
កម្មករប្រមាណ២០០នាក់នៅរោងចក្រកាត់ដេរខោស៊ីងតាយ (Xing Tai) ស្ថិតក្នុងភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកសែនសុខ ដាក់ញតិទៅក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីស្ថាប័នមួយនេះទាមទារលក្ខខណ្ឌការងារជាង៣០ចំណុច។
លក្ខខណ្ឌការងារមួយចំនួនរួមមានលុយបាយថ្ងៃត្រង់ លុយ៥%ដែលរោងចក្រមិនទាន់ទូទាត់ លុយព្រីមចំនួន៥ដុល្លារបន្ថែមលើលុយដែលមានស្រាប់ លុយលើកទឹកចិត្តចំនួន១៥ដុល្លារក្នុងរយៈពេល១ខែ ប្តូរពេទ្យប្រចាំការនៅក្នុងរោងចក្រ មិនត្រូវរើសអើងសហជីព និងបញ្ចប់កិច្ចសន្យាសហជីព និងស្នើសុំឲ្យរោងចក្រមានរថយន្តពេទ្យសង្គ្រោះប្រចាំការ ដើម្បីងាយស្រួលដឹកជញ្ជូនកម្មករទៅមន្ទីរពេទ្យពេលមានគ្រោះថ្នាក់ជាដើម។
កម្មការិនីផ្នែកដេរ អ្នកស្រី ញឹម សុភ័ក្រ ប្រាប់ VOD នៅថ្ងៃពុធនេះថាភាគីរោងចក្របានរំលោភសិទិ្ធកម្មករ ដោយសារពេលខ្លះបណ្តេញកម្មករ ដោយគ្មានហេតុផលច្បាស់លាស់។ អ្នកស្រីបន្តថាកម្មករទាមទារលក្ខខណ្ឌការងារឲ្យបានសមស្រប ដើម្បីជួយសម្រួលនូវបញ្ហាប្រឈមផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃ។
កម្មការីនីម្នាក់ទៀត កញ្ញា ជីម ស្រី លើកឡើងថាកម្មករភាគច្រើនចង់ឲ្យភាគីរោងចក្រដោះស្រាយលក្ខខណ្ឌការងារ៣ចំណុចសំខាន់ ដូចជាលុយបាយថ្ងៃត្រង់ លុយស្នាក់នៅ និងលុយធ្វើដំណើរជាដើម ដើម្បីជួយផ្គត់ផ្គង់ជីវភាព ដោយសារតម្លៃផ្ទះ និងទឹកបច្ចុប្បន្នឡើងថ្លៃទាំងអស់។ កញ្ញាបន្ថែមថាកម្មករមិនចង់ធ្វើកូដកម្មទេ ដោយសារកន្លងមកកម្មករជួបបញ្ហាការងារ ហើយមិនទទួលបានសិទ្ធិការងារគ្រប់គ្រាន់ ដូចនេះភាគីរោងចក្រគួរតែស្វែងរកដំណោះស្រាយជូនកម្មករឲ្យបានឆាប់ៗ បើមិនដូច្នោះទេ កម្មករនឹងបន្តធ្វើកូដកម្មរហូតទទួលដំណោះស្រាយ។
ប្រធានសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិកខ្មែរ លោក មុំ សារ៉ន មានប្រសាសន៍ថា ការស្វែងរកអន្តរាគមន៍ពីក្រសួងការងារនេះ គឺដើម្បីជំរុញការពារពីការរំលោភសិទិ្ធ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។ លោកបន្តថាគណៈកម្មករដោះស្រាយកូដកម្ម-បាតុកម្មនៃក្រសួងការងារ សន្យាថានឹងដោះស្រាយបញ្ហាកង្វល់របស់កម្មករ ប៉ុន្តែត្រូវចំណាយពេលក្នុងការសម្របសម្រួលជាមួយភាគីរោងចក្រ។
អគ្គលេខាធិការងនៃគណៈកម្មការដោះស្រាយកូដកម្ម-បាតុកម្ម លោក វង្ស សុវណ្ណ មានប្រសាសន៍ថា ការស្វែងរកដំណោះស្រាយជូនកម្មករមានការលំបាកបន្តិច ពីព្រោះថារាល់ការទាមទារភាគច្រើនជាអត្ថប្រយោជន៍របស់កម្មករជាជាងសិទិ្ធការងារ ប៉ុន្តែលោកថាក្រសួងនឹងខិតខំព្យាយាមស្វែងរកដំណោះស្រាយ។ លោកបន្ថែមថាមន្ត្រីទទួលបន្ទុកវិវាទការងារនឹងធ្វើចំណាត់ការតាមនីតិវិធីចំពោះបញ្ហានេះ ហើយនឹងធ្វើការសម្របសម្រួលជាមួយភាគីរោងចក្រ។
VOD មិនអាចសុំការអត្ថាធិប្បាយពីភាគីរោងចក្រ ដើម្បីបកស្រាយជុំវិញបញ្ហានេះបាននៅឡើយ។
គួរបញ្ជាក់ថា កម្មកររោងចក្រស៊ីងតាយបានធ្វើកូដកម្មអស់រយៈពេល៧ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៤ ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យសមស្រប ប៉ុន្តែកម្មករអះអាងភាគីរោងចក្រតែងតែព្រងើយកន្តើយក្នុងការរកដំណោះស្រាយ៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com