ដោយ វណ្ណ វិចារ
2014-10-22
RFA

ស្ទឹងអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ រូបថតថ្ងៃទី១៥ តុលា ២០១៤ (RFA/Van Vichar)
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង នៅមិនទាន់ចេញប្រាកដប្រជានៅឡើយ។ ស្របពេលគ្នានេះ អ្នកការពារបរិស្ថាន និងប្រជាសហគមន៍កំពុងរិះរកមធ្យោបាយការពារតំបន់អារ៉ែង ឲ្យគេចផុតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដើម្បីការពារបរិស្ថានធម្មជាតិនៅតំបន់ជាយអារ៉ែង គឺជាការរៀបចំខ្លួនទទួលភ្ញៀវទេសចរ។
«សំឡេងនៃកិច្ចប្រជុំរបស់ក្រុមការងារទទួលភ្ញៀវទេសចរទៅទស្សនានៅតំបន់អារ៉ែង»៖ នេះជាកិច្ចប្រជុំរបស់ក្រុមចលនាមាតាធម្មជាតិកាលពីចុងសប្តាហ៍មុន ដើម្បីរៀបចំផែនការសកម្មភាពទទួលភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់អារ៉ែង។ នៅដើមខែវិច្ឆកា ខាងមុខ ភ្ញៀវទេសចរបរទេសនិងខ្មែរយ៉ាងហោចណាស់ ១៥នាក់ នឹងទៅដើរលេងក្រេបរសជាតិធម្មជាតិព្រៃភ្នំ ថតរូប ស្ទួចត្រីនៅតំបន់អារ៉ែង។ អ្នកទេសចរទាំងនោះនឹងត្រូវចាយប្រាក់ក្នុងម្នាក់ៗ ១៥០ដុល្លារ ក្នុងដំណើរកម្សាន្តរយៈពេល ៣យប់ ៤ថ្ងៃ។
អ្នករៀបចំដំណើរទស្សនាចរនេះ គឺជាប្រធានចលនាមាតាធម្មជាតិ លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាអ្នកចេញមុខការពារបរិស្ថានតំបន់អារ៉ែង។ លោករៀបរាប់ថា ប្រាក់ចំណាយរបស់អ្នកទេសចរទាំងអស់ នឹងត្រូវបែងចែកសម្រាប់ថ្លៃអាហារ ថ្លៃធ្វើដំណើរ ស្នាក់នៅរបស់អ្នកទេសចរ និងមួយផ្នែកទៀតដាក់សន្សំក្នុងសហគមន៍ទេសចរណ៍នៅតំបន់អារ៉ែង។
លោកបន្តថា តាមពិតមានអ្នកទេសចរជាច្រើនចាប់អារម្មណ៍ទៅកម្សាន្តនៅអារ៉ែង តាំងពីដើមឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែដោយសារសហគមន៍អារ៉ែង ជាប់ដៃតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ទើបខកខានមិនបានទទួលភ្ញៀវ៖ «សំឡេង»។
បើតាមគម្រោង ភ្ញៀវទេសចរទាំង ១៥នាក់នោះ នឹងត្រូវទៅកម្សាន្តកន្លែងមួយចំនួន ដូចជា៖ ឆាយតាហ៊ីង ស្ទឹងអារ៉ែង ល្អាងកង្កែបម្រេច និងដើរកម្សាន្តសិក្សាស្វែងយល់ពីជីវភាពរស់នៅ ព្រមទាំងប្រពៃណីជនជាតិភាគតិចជង។
តំបន់ឆាយតាហ៊ីង ស្ថិតពាក់កណ្តាលផ្លូវលំពីស្រុកថ្មបាំង ទៅកាន់តំបន់អារ៉ែង។ កន្លែងនេះមានអាកាសធាតុត្រជាក់ខ្លាំងពេលយប់ ចុះអ័ព្ទច្រើនពេលព្រឹក ហើយថ្ងៃបើកក្តៅខ្លាំងនៅពេលរសៀល។ អ្នកទេសចរអាចងូតទឹកលេងកម្សាន្ត មើលអន្លង់ត្រីនាគ និងមើលអន្លង់ក្រពើនៅក្បែរនោះ ហើយអាចមើលឃើញសត្វស្វា សត្វទោចនៅប្របមាត់ទឹកផងដែរ។
ឆាយតាហ៊ីង មានផ្ទាំងថ្មធំៗរាប់សិបផ្ទាំងពាសពេញផ្ទៃទឹកដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរក្នុងការងូតទឹកកម្សាន្ត។ កន្លែងនេះជាទីតាំងដែលអ្នកស្រុកតំបន់អារ៉ែងនិយមប្រមូលគ្នាទៅងូតទឹកលេងកម្សាន្តរៀងរាល់រដូវចូលឆ្នាំថ្មីប្រពៃណីជាតិ។
ចំណែកឯស្ទឹងអារ៉ែងវិញ អ្នកទេសចរណ៍អាចងូតទឹកស្ទឹង ជិះទូកលេង ស្ទួចត្រី ហែលទឹក និងដើរបេះផល្លាព្រៃតាមមាត់បឹងទៅមើលចំការអ្នកភូមិនៅក្បែរៗនោះក៏បាន។ ទឹកស្ទឹងអារ៉ែង នៅខែអស្សុជ កត្ដិក ថ្លាឈ្វេងត្រជាក់ស្រឹប មើលធ្លុះដល់បាតដី។ នៅអមមាត់ស្ទឹងមានដើមគរគី ដើមនាងនួន ដុះច្រូងតម្រៀបគ្នាជាជួរៗ ខ្លះធំខ្លះតូច បង្អួតសម្រស់គួរឲ្យគយគន់។
ក្រៅពីទឹកនិងព្រៃ នៅស្ទឹងអារ៉ែង ក៏មានសត្វស្លាបមួយចំនួនរស់នៅដែរ ដូចជា កុក ទុង កេងកង គ្រលេងគ្រលោង សារិកា។ សត្វទាំងនោះយំទ្រហឹងប្រជែងសំឡេងទឹកហូរ និងសំឡេងខ្យល់បោកបក់ដើមគគីរ។ ប៉ុន្តែអ្នកទេសចរត្រូវប្រុងប្រយ័ត្នបន្តិចនៅពេលចុះងូតទឹក ព្រោះទឹកស្ទឹងអារ៉ែង មានឈ្លើងច្រើនគួរសម។
កន្លែងកម្សាន្តបន្ទាប់ គឺល្អាងកង្កែបម្រេច។ ល្អាងនេះស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ក្នុង តំបន់អារ៉ែង មានចម្ងាយពីផ្លូវលំប្រហែលជាង ២គីឡូម៉ែត្រ។ អ្នកទេសចរណ៍ដែលចង់ទៅទស្សនាល្អាងនេះត្រូវតែជិះម៉ូតូកាត់ព្រៃ និងឆ្លងស្ពានតូចៗតាមដងអូរ ថែមទាំងត្រូវដើរឡើងជម្រាលភ្នំមួយហត់ទៀតទើបដល់គោលដៅ។
គេអាចតោងខ្សែវល្លិឡើងលើកំពូលល្អាងដើម្បីមើលទេសភាព ឬថតរូបតំបន់អារ៉ែង ទាំងមូល។ អ្នកស្រុកតំណាលថា កាលពីមុនល្អាងនេះមានម្រេចដុះច្រើន ហើយក៏សំបូរកង្កែបដែរ ទើបអ្នកភូមិហៅថាល្អាងកង្កែបម្រេច៖ «សំឡេង»។
ក្រៅពីកន្លែងកម្សាន្តទាំងនេះ អារ៉ែងក៏នៅមានទីតាំងកម្សាន្តជាច្រើនទៀតដែលអាចឲ្យភ្ញៀវទេសចរទៅទស្សនាកម្សាន្តបានដែរ។ ទីតាំងនោះរួមមាន៖ ទឹកធ្លាក់ឆាយយោង ចំការស្រល់ ពាងបូរាណ និងព្រៃអារក្សជាដើម។ អ្នកទេសចរណ៍ត្រូវចំណាយពេលវេលាយ៉ាងតិច ១សប្តាហ៍ទើបដើរអស់កន្លែង។ នៅតំបន់អារ៉ែង មិនមានសេវាទូរស័ព្ទទេ។ អ្នកដែលទៅកម្សាន្តនៅអារ៉ែង ហាក់ដូចជាដកខ្លួនចេញពីទំនាក់ទំនងសង្គមមួយរយៈដូច្នេះដែរ។
អ្នកស្រុកនៅអារ៉ែង ក៏មានសម្ដីសំដៅខុសពីពលរដ្ឋខ្មែរទូទៅ។ ភាសាទាំងនោះជាភាសាខ្មែរ តែរដឺនសំនៀងជង។ អ្នកទៅពីក្រៅស្តាប់មិនបានថាពួកគេនិយាយអ្វីឡើយ តែអ្នកភូមិគ្រប់គ្នាសុទ្ធតែអាចនិយាយសំនៀងធម្មតាៗបានទាំងអស់។
សមាជិកក្រុមចលនាមាតាធម្មជាតិដែលមានបទពិសោធន៍ជាមគ្គុទេសន៍ទេសចរណ៍នៅតំបន់អេកូទេសចរណ៍ជីផាតផងនោះ លោក ស៊ីម សំណាង មានប្រសាសន៍ថា តំបន់អារ៉ែងសំបូរកន្លែងដើរកម្សាន្តច្រើនមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតទេ។ ប៉ុន្តែប្រជាសហគមន៍នៅអារ៉ែង ត្រូវការជាចាំបាច់នូវការបណ្តុះបណ្តាលជំនាញជាច្រើនទៀតទាក់ទងនឹងការរៀបសហគមន៍អេកូទេសចរណ៍។
លោកបន្តថា ដំណាក់កាលដំបូងលោកជាអ្នកនាំភ្ញៀវ និងបង្រៀនយុវជនអារ៉ែង ឲ្យចេះពីរបៀបធ្វើជាមគ្គុទេសន៍ទេសចរ។ បន្ទាប់មកយុវជនអារ៉ែង នឹងអាចធ្វើការងារទាំងនេះដោយខ្លួនឯង៖ «សំឡេង»។
ទន្ទឹមនឹងនេះ ប្រធានសហគមន៍អារ៉ែង និងជាសមាជិកក្រុមប្រឹក្សាឃុំជំនាប់ បេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា លោក វ៉ែន វ៉ន មានប្រសាសន៍ថា សហគមន៍របស់លោកស្វាគមន៍ជានិច្ចចំពោះភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានទៅដើរកម្សាន្ត ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនមិនគាំទ្រគម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះទេ។ លោកបន្តថា លោកប្តេជ្ញាចិត្តរួចហើយថា នឹងរួមគ្នាជាមួយប្រជាពលរដ្ឋដើម្បីរក្សាបរិស្ថានធម្មជាតិនៅតំបន់អារ៉ែង៖ «សំឡេង»។
លោកមានជំនឿថា បើសិនជាមានភ្ញៀវមកទស្សនាតំបន់អារ៉ែងច្រើននោះ ធនធានធម្មជាតិនៅអារ៉ែង ក៏អាចរក្សាបានដែរ។ ទោះជាបែបណាក្តី តំបន់អារ៉ែង មិនត្រូវបានក្រសួងទេសចរណ៍ដាក់បញ្ជូលជាតំបន់កម្សាន្តដែលគួរឲ្យទាក់ទាញនោះទេ។
គេហទំព័រក្រសួងទេសចរណ៍ បានផ្សព្វផ្សាយពីតំបន់មួយចំនួន ដូចជាតាតៃ ជីផាត តំបន់ព្រៃកោងកាង កាស៊ីណូ និងសួនកម្សាន្តរបស់លោក លី យ៉ុងផាត់ នៅជាយដែនខ្មែរ-ថៃជាដើម។
តំបន់អារ៉ែងមានប្រជាពលរដ្ឋរស់នៅប្រមាណជាង ១ពាន់នាក់។ អ្នកស្រុកភាគច្រើនលើសលប់ប្រកបរបរកសិកម្ម និងស្វែងរកអនុផលព្រៃឈើ។ ដីធ្លីនៅតំបន់អារ៉ែង ជាដីធ្លីដែលមានជីជាតិ ងាយស្រួលប្រកបរបរដាំដុះ និងទទួលបានទិន្នផលច្រើន ប៉ុន្តែកសិផលទាំងនោះមិនមានមធ្យោបាយនាំចេញបានទេ ដោយសារផ្លូវពិបាកពេក។ អ្នកស្រុកធ្វើស្រែត្រឹមតែហូបមួយឆ្នាំៗប៉ុណ្ណោះ។ ក្រៅពីធ្វើស្រែ អ្នកភូមិមានទម្លាប់ដើរព្រៃ ចៀរជ័ររ៉ុង ជ័រទឹក រកឃ្មុំ បោចវល្លិ រកត្រី និងអារឈើជាដើម។
ប្រធានចលនាមាតាធម្មជាតិ លោក អាអេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន បញ្ជាក់ថា លោកចង់ឲ្យពលរដ្ឋខ្មែរទៅទស្សនាតំបន់អារ៉ែង ដើម្បីរួមគ្នាប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង៖ «សំឡេង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការចំនួន៦ប្ដឹងទៅគណៈកម្មការសិទ្ធិមនុស្សម៉ាឡេស៊ីរឿងទំនប់វារីអគ្គិសនីដនសាហុង
- សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ស្នើឲ្យអាជ្ញាធរអប្សរាពង្រឹងកម្លាំងការពារប្រាសាទបុរាណ
- ក្រសួងទេសចរណ៍បើកយុទ្ធនាការសម្អាតឆ្នេរនិងកោះ
- អាជ្ញាធរអប្សរាបិទមិនឲ្យអ្នកទេសចរចូលទស្សនាតួប៉មកណ្ដាលប្រាសាទបាយ័នបណ្ដោះអាសន្ន
- មន្ត្រីអភិរក្សនៅប៉ៃលិនចោទក្រុមហ៊ុនមរតកជីមរុករកត្បូងនិងរ៉ែមាសខុសច្បាប់
- អ្នកភូមិនៅបាត់ដំបងអះអាងថាក្រុមហ៊ុនចិនសង់ទំនប់វារីអគ្គិសនីគាស់ចំរ៉ែមាស
- សហគមន៍អារ៉ែងត្រៀមសុំឲ្យនាយករដ្ឋមន្ត្រីបញ្ជាក់ពីការលុបគម្រោងទំនប់វារីអគ្គិសនី
- ពលរដ្ឋនៅតែប្រកាន់ជំហរប្រឆាំងនឹងគម្រោងសង់ទំនប់វារីអគ្គិសនីតំបន់អារ៉ែង
- ក្រុមស្រាវជ្រាវចេញរបាយការណ៍ផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២