​ការសិក្សា​បង្ហាញ​ថាអំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់

ដោយ៖​ ទូច សុខា​
ថ្ងៃពុធ ទី22 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបដោយ​៖ ទូច សុខា)

​លទ្ធផល​​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្នាក់​ជាតិ​មួយ​​បង្ហាញ​ថា​កុមារ​កម្ពុជា​​​ច្រើន​ជាង៧៥ភាគរយ ​បានទទួល​រង​នូវ​​អំពើ​ហិង្សា​លើ​ផ្លូវ​កាយ ផ្លូវចិត្ត និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​យ៉ាង​តិច១​ដង ​មុន​ពេល​ពួក​គេ​មាន​អាយុ​១៨​ឆ្នាំ​ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​បាន​និយាយ​រឿង​ទាំង​នេះ​​ប្រាប់​នរណា​ម្នាក់​ឡើយ។

នេះ​បើ​យោង​តាម​ការ​សិក្សា​មួយដែល​ត្រូវបាន​ធ្វើ​ឡើង​ចាប់​ពី​ខែ​កុម្ភៈដល់​មីនាឆ្នាំ២០​១៣ ទៅ​លើ​កុមារ​កុមារី​ និង​​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​​ពី​អាយុ​១៣-១៧​ឆ្នាំ​ ចំនួន​២៣៧៦​នាក់ក្នុង​នោះ​ស្រ្តីចំនួន​១១២១​នាក់។ ការសិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​​ក្រសួង​កិច្ចការ​នារី ក្រសួង​សង្គម​​កិច្ច ក្រសួង​ផែន​ការ ដោយ​​សហការ​ជាមួយ​​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និង​ដៃ​គូអភិវឌ្ឍន៍​មួយ​ចំនួន​ទៀត ក្រោម​ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដោយ​អង្គការ ​UNICEFប្រចាំកម្ពុជា និង​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ និង​កិច្ច​បង្ការ​របស់​សហរដ្ឋ​អាមេរិក​ (CDC)។

លទ្ធផលការសិក្សា​បង្ហាញថាកុមារី៥២,៧% និង​កុមារា​៥៤,២%​បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​ផ្លូវ​កាយ។

ចំណែកកុមារី២០%​ និង​កុមារា​២៥%​បាន​ទទួល​រង​នៅ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត។​ លទ្ធផល​បង្ហាញ​ទៀត​ថា​ក្មេង​ប្រុស៥,៦% និង​ក្មេង​ស្រី​៤,៤%​ដែល​មាន​អាយុ​ពី​១៨ទៅ​២៤​​ឆ្នាំ​ព្រមទាំង​កុមារី​៦,៤% និង​កុមារា​៥,២%​ដែល​មាន​អាយុ​​១៣ទៅ​១៧ឆ្នាំ ​ ​ធ្លាប់​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កាល​ពី​កុមារភាព។ កុមារីចំនួន៤៩,៤% និង​កុមារា​៧៩,៤% ​​មិន​ដែល​យក​រឿង​នេះទៅ​ប្រាប់​នរណា​ផ្សេង​ឡើយ។ ​តាម​លទ្ធ​ផល​នៃ​ការ​ស្រាវជ្រាវ​ដដែល​បាន​បង្ហាញទៀត​​ថា​​ឪពុក ម្តាយ គ្រូ​បង្រៀន មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​​ ឬ​សមាជិក​ក្នុង​សហគមន៍​ជា​អ្នក​ដែល​​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កុមារ។  ​

រដ្ឋមន្រ្តី​ក្រសួង​កិច្ច​ការ​នារី​ លោក​ស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍​​ថារដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារដែល​​នៅ​តែ​ជាប​ញ្ហា​ព្រួយបារម្ភ​នៅឡើយ។ លោក​ស្រី​បញ្ជាក់​ថា «​អ្វី​ដែល​យើង​ខ្ញុំ​បាន​រៀប​ចំ​ថ្ងៃ​នេះ​ ជា​កម្មវីធី​មួយ​ដែល​បង្ហាញពី​ឆន្ទៈ​ពិត​ប្រាកដ​របស់រាជ​រដ្ឋា​ភិ​បាល ក៏​ដូច​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់ បង្ក្រាប ធ្វើ​យ៉ាង​ណា​ឲ្យ​អំពើ​ហិង្សា​លើ​កុមារ​ហ្នឹង​មាន​ការ​ថយ​ចុះ។ យើង​ឃើញ​ហើយ​ថា​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវមិន​ល្អ​ទាំង​អស់​នោះ​ទេ យើង​​ឃើញ​ហើយ យើង​ទទួល​ស្គាល់​ ហ្នឹង​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​​​ក្នុង​ការ​ទទួល​ស្គាល់ និង​មាន​​តម្លា​ភាព​ទៅ​លើ​ប្រជាជន​»

រដ្ឋមន្ត្រី​ក្រសួង​សង្គម​​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​​សម្បទា លោក វង សូត​ មានប្រសាសន៍ថា​ឪពុក​ម្តាយ​​ខ្លះ​​​មិន​មាន​ចេតនា​ណាមួយ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​លើ​កូន​របស់​ខ្លួន​នោះ​ទេ តែលោក​ថាការ​អប់​រំ​ខ្លះ​​មាន​លក្ខណៈ​​​ស្លូត​បូត និង​ខ្លះ​មាន​លក្ខ​ណៈ​កាច​បន្តិច ទើប​បាន​ក្លាយទៅ​ជា​ហិង្សា​លើក្មេង ហើយនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រពៃ​ណី​​ការ​អប់​រំ​កូន​ចៅ​របស់​ប្រជាជន​ខ្មែរ ដែល​ខុស​ពី​ប្រជាជន​អឺ​រ៉ុប។ លោក​បន្ថែម​ថា «​ក្មេង​កើត​ឡើង​​វា​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​តាំង​ពី​តូចភាគ​ច្រើន អញ្ចឹង​ឪពុក​ម្តាយ​តែង​តែ​រក​វិធី​អប់​រំ​កូន​​តាម​ទំនៀម​ទម្លាប់​​របស់​គាត់​ចឹង ដូច​ជា​ស្តី​ថាឬ​ណែ​នាំ​ដោយ​ស្លូត​បូតក៏​មាន ឬ​កាច​បន្តិច​​ក៏​មាន​។កន្លែងហ្នឹង​ហើយ​ដែល​ធ្វើ​​ឲ្យ​មាន​ការ​យល់​ដឹង​ថ្មី​សម្រាប់​ប្រជាពល​រដ្ឋ​ទូ​ទៅ​ថាខ្លួន​ធ្វើ​ទៅ​លើ​កូន​នេះ​ គឺ​ជា​ការ​ខុស​ឆ្គង​មួយ​ទៅ​លើ​ច្បាប់ ទោះ​ជា​ទំនៀម​ទម្លាប់​យើងនេះ​ចឹង​ តែ​ការ​ប្រព្រឹត្ត​របស់​យើង​វា​ហួស​បន្តិច»

តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​​ធិការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​អំពើ​ហិង្សា​លើ​កុ​មារ លោក​ស្រីMarta Santos Pais​ មាន​ប្រសាសន៍តាម​អ្នក​បក​ប្រែ​​ថារាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ មិន​ត្រូវទុក​​ច្បាប់​តែ​នៅ​លើ​ក្រដាសនោះ​ទេ និង​ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​ចូល​រួម​ពី​ភាគី​ដែល​ពាក់​ព័ន្ធទាំង​អស់។

គួរបញ្ជាក់​ថា​ការស្រាវជ្រាវ​បង្ហាញ​ថាអំពើ​ហិង្សា​លើ​កុមារ​បាន​ធ្វើ​ឲ្យ​ខាត​សេដ្ឋ​កិច្ច​កម្ពុជាអប្បបរមា​​គិត​ជា​ទឹក​ប្រាក់​ចំនួន​១៦១​លាន​ដុល្លារ​អាមេរិក៕

ផ្ទាំងបដា ផ្សព្វផ្សាយពីសិទ្ធិកុមារក្នុងការអភិវឌ្ឍ

សូម​សរសេរ​មក​កាន់​ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com​​​

What Next?

Recent Articles