​​ខាត់ សុឃីម ស្វាមី​ឈប់​ឲ្យ​ថត​កុន​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ខាត់ សុឃីម និង​ស្វាមី​នាពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)

​​​ផ្ទុយ​ពី​ការ​យល់​ឃើញ​ថា ​​មក​ពី​រវល់​ទើប​មិន​ទទួល​យក​ការ​សម្ដែង​កុន ​ខាត់ សុឃីម ​បែរ​ជា​អះ​អាង​ថា ​​ការ​បោះ​បង់​អាជីព​មួយ​នេះ គឺ​​ព្រោះ​តែ​​ស្វាមី​​រារាំង​ទៅ​វិញ​។ អ្នក​នាង​ប្រាប់​ថា ជំហរ​ស្វាមី​ប្រហែល​មិន​អាច​ផ្លាស់​ប្ដូរ​នោះ​ទេ ​​ក្នុង​ពេល​ដែល​អ្នក​នាង​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​​តាម​។

​ខាត់ សុឃីម និយាយ​ថា មិន​ដែល​​​​មាន​បំណង​ចង់​បោះ​បង់​ការ​សម្ដែង​​នោះ​ទេ ​បើ​ទោះ​ជា​​​​​ខ្សែ​ជីវិត​សិល្បៈ​​របស់​អ្នក​នាង​ឈាន​ដល់​ចំណុច​​កប់​ពពក ដែល​​អាច​និយាយ​យ៉ាង​ខ្លី​ថា ​មិន​ត្រូវ​ការ​ ​ប្រជាប្រិយភាព​ពី​ការ​សម្ដែង​​ក៏​​បាន ​។ ​ភាព​យន្ត ជា​​​​ការងារ​ដែល​ជួយ​ឲ្យ​អ្នក​នាង ទទួល​បាន​នូវ​បទ​ពិសោធន៍​ និង​បាន​ជួប​ជុំ​​តារា​ចាស់​ក្មេង​​ជា​ច្រើនកែ​កុន​​ភាព​​អផ្សុក។ ​បើទោះមិន​មាន​​​​ជំនាញ​ ប៉ុន្តែ​អ្នក​នាង​ប្រាប់​ថា អាច​សម្ដែង​បាន​ល្អ​​មិន​ថា​ជា​តួ​អង្គ​អ្នក​បម្រើ​ តួ​អង្គ​ចេក​​ចូច ​តួ​ម្ដាយ​​ស្លូត ឬ​តួ​ម្ដាយ​ពូកែ​កល​ល្បិច​​នោះ​ទេ​។ ជាក់​ស្ដែង​អ្នក​នាង​ទទួល​បាន​​ជោគជ័យ​រួច​មក​ហើយ ​តាម​រយៈខ្សែ​រឿង​​សម្រាប់​បញ្ចាំង​រោង​កុន និង​រឿង​ភាគ​របស់​ទូរទស្សន៍​នា​ពេល​កន្លង​មក​។

​តារា​ចម្រៀង​ដែល​មាន​សណ្ដាន​សិល្បៈ​​រូប​នេះ ​និយាយ​ថា «​រឿង​កុន​ ខ្ញុំ​​ចង់​សម្ដែង​ណាស់ ប៉ុន្តែ​មក​ពី​​ផាណូ​(ប្ដី)គាត់​ហាម​​ឈប់​ឲ្យ​ខ្ញុះ​​ថត ​ទើបខ្ញុំ​​មិន​ដែល​ទទួល​ទាល់​តែ​សោះ ក្នុង​រយៈ​ពេល​នេះ​!»។ ហេតុ​ផល​ដែល​លោក​ផាណូ​ជា​ស្វាមី ​បិទ​ផ្លូវ​មិន​​ឲ្យ​ទទួល​​​​សម្ដែង​មិន​មែន​មក​ពី​ប្រច័ណ្ឌ ឬ​បារម្ភ​ខ្លាច​អ្នក​នាង​នឿយហត់​​នោះ​ទេ។  ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ ​ស្វាមី​អ្នក​នាង​មិន​ចង់​ឲ្យ​អ្នក​នាង​​​បន្សំ​ខ្លួន​ក្នុង​នាម​ជា​នារី​​​ចាស់​ទុំ ដែល​តម្រូវ​ដោយ​ខ្សែ​រឿង​។ ​ខាត់ សុឃីម ​​បញ្ជាក់​ថា ខ្សែ​រឿង​ដែល​បាន​ទាក់​ទង ​តម្រូវ​ឲ្យ​អ្នក​នាង​សម្ដែង​តែ​ជា​តួ​ម្ដាយ និង​ជា​តួ​ចាស់​ទុំ​ប៉ុណ្ណោះ ​​ទើប​ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​នាង​ទទួល​ការ​ជំទាស់​ពី​ស្វាមី​​។

អ្នក​នាង​​ពោល​ដោយ​អស់​សំណើច​ថា «​ប្ដី​ខ្ញុំ​​​មិន​ចូល​ចិត្ត​ឲ្យ​ខ្ញុំ​ធ្វើ​ខ្លួន​​បែប​​មនុស្ស​ចាស់​នោះ​ទេ គឺ​​ឲ្យ​តែ​​លែង​ខ្លួន និង​ស្លៀក​ពាក់​បែប​​​សម័យៗ អញ្ចឹង​​គាត់​អត់​ឲ្យ​ខ្ញុំ​សម្ដែង​ទេ នៅ​ពេល​ឮ​ថា​​ដើរ​តួ​ម្ដាយ ឬ​តួ​​​​អង្គ​បែប​​​ចំណាស់​​ៗ​អី​ហ្នឹង​!»។ ​​ការ​​​ហាម​ប្រាម​នេះ ​មិន​មែន​​ជា​ការ​រើស​អើងរបស់​ស្វាមី​នោះ​ទេ ប៉ុន្តែ​មក​ពី​​លោក​ផាណូ ​​ចង់​ឃើញអ្នក​នាង​​​តែង​កាយ​ជានារី​​​​​ស្រស់ស្អាត និង​​មើល​ទៅ​ក្មេង​ជាង​វ័យ​ជា​ប្រចាំ ទើប​​​ឈប់​ឲ្យ​ថត​កុន​តែ​ម្ដង​។ ​​យ៉ាង​ហោច​មាន​ខ្សែ​រឿង​ចំនួន​៥ ដែល​អ្នក​នាង​​ធ្វើ​ឲ្យ​របូត​ពី​ដៃ  ក្នុង​អំឡុង​​​ប្រមាណ​ជា​៣​ឆ្នាំ​ដែល​អ្នក​នាង​មិន​​ទទួល​យក​ការ​​​សម្ដែង​នេះ​ ​​ខណៈដែល​ខ្សែ​រឿង​​នីមួយ​ៗ ​សុទ្ធ​តែ​បាន​ទទួល​តំណែង​ជា​តួ​អង្គ​ម្ដាយ ដែល​ជា​តួ​សំខាន់​ក្នុង​រឿង ​និង​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​។ នេះ​ជា​ការ​អះ​អាង​ដោយ​ផ្ទាល់​មាត់ របស់​តារា​ចម្រៀង​ដែល​សស្រាក់​សស្រាំ​ជា​ថ្មី​ក្នុង​អាជីព​ពិធីការិនី​ដែល​ធ្លាប់​បោះ​បង់ ។

អ្នក​នាង​និយាយ​ថា «​​​​​រឿង​​ពេល​អត់​ចោទ​ទេ ព្រោះ​ទោះ​ជា​ខ្ញុំ​រវល់​ចេញ​ច្រៀង ឬ​រវល់​រឿង​សម្អាង ក៏​អាច​​ឲ្យ​ថ្ងៃ​​ផលិតករ​បាន​ដែរ ប៉ុន្តែ​​​បញ្ហា​ដែល​ថត​​មិន​បាន គឺ​ប្ដី​តែ​ម្ដង ព្រោះ​​គាត់​ហ្នឹង​សូម្បី​តែ​ខ្ញុំ​ស្លៀក​ពាក់​ខោអាវ​អី​​មើល​ទៅ​រាង​ចាស់​បន្ដិច​ក៏​​បន្ទោស​ដែរ ​អញ្ចឹង​កុំ​ឲ្យ​ឈ្លោះ​គ្នា​គឺ​​កុំ​ថត! ​​​ម្យ៉ាង​​ខ្ញុំ​ឥឡូវ​កំពុង​​ចាស់​ផង ​ បើ​​ឲ្យ​ទៅ​​ធ្វើ​តួ​ម្ដាយ​អី​ទៀត គឺ​ប្រាកដ​ជា​​​​​​កញ្ចាស់​ង៉ោង​​ស្លាប់​ហើយ ទើប​សុខ​ចិត្ត​តាម​ប្ដី​!»។ អ្នក​នាង​ប្រាប់​ថា​លោក​ផាណូ​ចូល​ចិត្ត​ឲ្យ​អ្នក​នាង​ឈោង​ចាប់​អាជីព​ចម្រៀង និង​ពិធីការិនី​ប៉ុណ្ណោះ ដោយ​សារ​តែ​អាជីព​ទាំង​ពីរ អាច​ជួយ​ឲ្យ​អ្នក​នាង​តែង​ខ្លួន​ស្អាត​ៗ ហើយ​ស៊ី​វិល័យ​​ជួយ​លើក​សម្រស់​មួយ​ផ្នែក​។ ​អ្នក​នាង​នឹង​អាច​បោះ​បង់​ការ​សម្ដែង​​មិន​មាន​កំណត់ ដរាប​ណា​លោក​ផាណូ​នៅ​​មិន​កែ​ប្រែ​ជំហរ​។

​​​មិន​ខុស​ពី​ការ​លើក​ឡើងរបស់​ ខាត់ សុឃីម ​​លោក​ផាណូ បញ្ជាក់​ថា ​​ហេតុ​ផល​ដែល​លោក​​ស្នើ​មិន​ឲ្យ​ភរិយា​ថត​កុន​​​​​ក្រោយ​រៀប​ការ​ គឺ​បណ្ដាល​មក​ពី​ខ្សែ​រឿង​ដែល​ទាក់​ទង​​​​គឺ​​ឲ្យ​តែ​​អ្នក​នាង​ថត​ជា​តួ​ម្ដាយ ក្នុង​ពេល​ដែល​​​ខាត់ សុឃីម នៅ​សម​ជា​មួយ​នឹង​ភាព​ស៊ីវិល័យ​នៅ​ឡើយ​។ លោក​និយាយ​បែប​​កំប្លែង​​ថា «​​​​​​គាត់(ភរិយា)​នៅ​ស្លៀក​ពាក់​ក្មេង​នៅ​​​ស្អាត​នៅ​ឡើយ ឲ្យ​ទៅ​សម្ដែង​​តួ​​​ចាស់ តួ​សក់​ស្កូវ​អញ្ចឹង​​ទៀត​មិន​កើត​ទេ ​ស្ដាយ​សម្រស់​ណាស់ ចាំ​ចាស់​បន្តិច​ទៀត​ចាំ​ឲ្យ​គាត់​ថត​​ក៏​មិន​អី​ដែរ!»។ ​​​យ៉ាង​ណា​ក៏​ដោយ​ការ​សម្ដែង​ជា​តួ​ម្ដាយ​នៅ​ក្នុង​ស្ពត​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់ លោក​ថា​មិន​បាន​ហាម​ឃាត់​នោះ​ទេ ដោយ​សារ​តែ​ការងារ​នោះ​ចំណាយ​ពេល​តិច ទទួល​កម្រៃ​ច្រើន ហើយ​អាច​ពង្រីក​កេរ្តិ៍​ឈ្មោះ​បាន​រហ័ស​៕

សូម​សរសេរ​មក​កាន់​លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

2 Responses to "​​ខាត់ សុឃីម ស្វាមី​ឈប់​ឲ្យ​ថត​កុន​"

  1. Khmer says:

    Nothing surprise.

  2. Old Man says:

    មានបានចេះតែវ៉ៃឬក បើរហាមវិញស្អីក៍ថត,ចង់ថតស្រាតក៍អូខេដែរ។ជិនណាស់។