អ្នក​ទោស​​៧​នាក់​នៅ​ខេត្ត​រតនគិរី​ហែក​គុក​រត់​​

ដោយ៖​ សុវណ្ណ ប៊ុនថៃ និង​ ទូច សុខា​
ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រូប​អ្នក​ទោស​ទាំង​៦នាក់​ដែល​បាន​រត់​បាត់ (រូបភាព៖ សុវណ្ណ ប៊ុនថៃ)

អាជ្ញាធរ​ខេត្ត​រតនគិរីឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៣ទៀប​ភ្លឺ​​ថ្ងៃ​ទី​២៣​ ខែ​តុលានេះ​ ​អ្នក​ទោស​​ចំនួន​៧​នាក់​នៅក្នុង​ខេត្ត​នេះ​បានលួច​ហែក​គុក​​រត់គេច​ខ្លួន ។

ស្នង​ការនគរបាល​ខេត្ត​រតនគិរី​ លោក នួន​ គឿន ប្រាប់VOD ​ឲ្យ​ដឹង​ថា អ្នក​ទោស​៧នាក់​​ដែល​បាន​ហែក​គុក​រត់​គឺ​ជា​អ្នក​ទោស​គ្រឿង​ញៀន និង​​លួចម៉ូ​តូ ​​ហើយ​ពេល​នេះ​អ្នកជំនាញ​ខេត្ត​កំពុង​ធ្វើ​ការ​ជាមួយ​ប្រធាន​ពន្ធនាគារ​ និង​ព្រះ​រាជអាជ្ញារង ដើម្បី​តាម​ចាប់​ខ្លួន​អ្នក​ទោស​ទាំង​នោះ​។ លោក​​ថា សមត្ថកិច្ច​​បាន​បញ្ជូន​អត្តសញ្ញាណ​ទណ្ឌិត​ទាំង​នោះ​ទៅ​តាម​ស្រុក និង​ប៉ុស្តន៍​នគរ​បាល​ក្នុងខេត្ត​ និង​តាម​បណ្តា​ខេត្ត​​ជិត​ខាងដើម្បី​សុំ​កិច្ច​សហការណ៍ ​​និង​ជួយស្រាវជ្រាវ​ចាប់​ទណ្ឌិតទាំង​នោះ។ ​លោកបន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ មានអ្នក​ទោស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​​មក​វិញ​ហើយ និង​កំពុង​ធ្វើការ​សួរ​ចម្លើយ។​

អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​រតនគិរី​របស់​សមាគម​អាដ​ហុក លោក ឆាយ ធី​ ដែល​បាន​ចុះ​ទៅអង្កេត​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ឲ្យដឹងដែរ​ថា អ្នក​ទោស​ទាំង​​នោះ​លួច​រត់​ចេញ​ពី​គុក​​ដោយ​បាន​ប្រើ​កន្រៃ្តកាត់​ដែក​ ដើម្បី​កាត់​ចម្រឹង​បង្អួច និងប្រើ​ជណ្តើរ​សម្រាប់​ផ្លោះ​របង​គុក​​។

លោក​ ឆាយ ធី​ បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ជា​មាន​​ផែន​ការ​គិត​ទុក​ជាមុនចំពោះ​ការ​លួច​រត់​របស់​ ​អ្នក​ទោស​នេះ ហើយ​​លោក​កំពុង​​ធ្វើ​ការ​សើប​អង្គេត​លើ​រឿង​នេះ​បន្ថែម​ទៀត។ 

VOD មិន​ទាន់​អាច​សុំ​ការអធិប្បាយ​ពី​ប្រ​ធានពន្ធនាគារ​ខេត្ត​រតនគិរី លោក ទិន សុវន្នី បាន​នៅ​ឡើយ​ទេ ដោយ​លោក​​ប្រាប់​​ថាកំពុង​ជាប់​រវល់៕​

ចម្រឹងបង្អួច ដែលអ្នកទោសលួចកាត់

សូម​សរសេរ​មក​កាន់​ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles