អង្គការ​សមាជិក ៤២ ជំរុញ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន ទ្រី ភាព

ពលរដ្ឋ​កំពុង​នាំ​គ្នា​ជញ្ជូន​ឈើ​ពី ស្រុក​សៀមប៉ាង ដើម្បី​យក​ទៅ​ដាក់​នៅ​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព។

ពលរដ្ឋ​កំពុង​នាំ​គ្នា​ជញ្ជូន​ឈើ​ពី ស្រុក​សៀមប៉ាង ដើម្បី​យក​ទៅ​ដាក់​នៅ​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ទន្ទឹម​នឹង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ទៅ​លើ​សោកនាដ​កម្ម ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​អំឡុង ២ ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​ជា​សមាជិក​ចំនួន ៤២ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់ និង​លុប​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​របស់​ក្រុម​ហ៊ុន​ឧកញ៉ា ទ្រី ភាព ពី​ស្តុក​របស់ រដ្ឋបាល​ព្រៃ​ឈើ និង​ក្រសួង​បរិស្ថាន បន្ទាប់​ពី​ឃើញ​របាយ​ការណ៍​របស់​ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​អន្តរជាតិ​បង្ហាញ​ថា ក្រុម​ហ៊ុន​មួយ​នេះ​ចំណេញ​លុយ​ជាង ២២០ លាន​ដុល្លារ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល។

លោក ស្វាយ ភឿន ជន​ជាតិ​ភាគ​តិច​គួយ តំណាង​ប្រជា​សហគមន៍​ព្រៃ​ឡង់ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​កាល​ពីថ្ងៃ​ម្សិល​មិញ​បាន​ថ្លែង​ថា ក្រុម​ហ៊ុន ទ្រី ភាព មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ពីស្តុក​របស់​រដ្ឋបាល​ព្រៃ​ឈើ​និង​ក្រសួង​បរិស្ថាន ប៉ុន្តែ​ហេតុ​អី​បាន​ជា​គល់​ឈើ​បន្សល់​ពាស​ពេញ​ព្រៃ។ លោក​បាន​ថ្លែង​ថា៖ «គេ​ថា គេ​ប្រមូល​តែ​ពី​ស្តុក​រដ្ឋបាល​ព្រៃ​ឈើ​ចុះ​ហេតុ​អី​ក៏​ឈើ​ប្រណីត​ដឹក​ចេញ​ពី​ព្រៃ​ឡង់​គ្រប់​ច្រក គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​យក​អាជ្ញាប័ណ្ណ​នេះ​ទៅ​កាប់​ឈើ​ពេញ​ព្រៃ​ហើយ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ចាប់​ទេ​ឲ្យ​តែ​លឺ​ថា ឈ្មោះ​ក្រុម​ហ៊ុន ទ្រី ភាព។ ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​របស់​ក្រុម​ហ៊ុន​មួយ​នេះ»។

លោក​ថ្លែង​ថា រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ គឺ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​កណ្តាល​ដើរ​ជួល​ពលរដ្ឋ​ឲ្យ​កាប់​ឈើ​លក់​ឲ្យ​គេ គឺ​ក្រុម​ហ៊ុន​បាន​ប្រើ​រូបភាព​ដោយ​ប្រើ​ល្បិច​ថា ជា​អាជ្ញាប័ណ្ណ​កាប់​ឈើ​ស្រប​ច្បាប់។ លោក​បាន​ថ្លែង​ថា៖ «បើ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​មួយ​នេះ​គ្មាន​អ្នក​ណា​កាប់​ព្រៃ​ទៀត​ទេ ពីព្រោះ​គ្មាន​អ្នក​ទិញ ហើយ​ឈើ​ក៏​មិន​អស់​ដែរ។ ពាក្យ​ថា អាជ្ញាប័ណ្ណ​នេះ​សូម្បី​តែ​កូន​ជន​ជាតិ​កួយ​តូចៗ​ក៏​គេ​យល់​ច្បាស់​ដែរ​គឺ​គេ​ដើរ​កាប់​ឈើ​ពេញ​ព្រៃ​ហើយ​ឆ្លើយ​ដាក់​ថា កាប់​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អី​នោះ​ទេ»។

ចំណែក​អ្នក​ស្រី មុំ សុគីម តំណាង​ប្រជា​ពលរដ្ឋ​មក​ពី ខេត្ត​ក្រចេះ ដែល​តែង​តែ​ចេញ​មុខ​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃ​ឈើ​នៅ ស្រុក​ស្នួល បាន​ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​ឈ្មួញ​ឈើ​ទាំង​អស់​ជ្រក​ក្រោម​ក្រុម​ហ៊ុន ទ្រី ភាព បើ​សិន​ជា​ដក​អាជ្ញាប័ណ្ណ​នេះ​ឥទ្ធិពល​របស់​ឈ្មួញ​ឈើ​ក៏​ថយ​ចុះ​ដែរ។ អ្នក​ស្រី​ថា៖ «ពី​មុន​គេ​ដឹក​តែ​តាម​រថយន្ត​តូចៗ​ទេ តែ​ឥឡូវ​នេះ​គេ​ដឹក​យីឌុប​តែ​ម្តង ហើយ​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏ ៥០ ឡាន​ដែរ»។

លោក តឹក សុវណ្ណារ៉ា នាយក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​ថ្លែង​ថា ករណី​នៃ​ការ​ជួញ​ដូរ​ឈើ​ប្រណីត និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ភាគ​ច្រើន​កើត​ឡើង​នៅ​ភូមិ​ភាគ​ឦសាន តំបន់​ជួរ​ភ្នំ​ក្រវាញ​នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរ​មាន​ជ័យ ពោធិ៍សាត់ កោះកុង និង​កំពង់ស្ពឺ ហើយ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក៏​បាន​បង្ហាញ​អំពី​ការ​នាំ​ចេញ​ឈើ​ប្រណីត​ទៅ ប្រទេស​ចិន ចំនួន ៥,៥ ម៉ឺន​តោន នៅ​ក្នុង​អំឡុង​ពេល ៩ ខែ​ចុង​ក្រោយ ឆ្នាំ​២០១៤។ លោក​ថា៖ «យើង​ខ្ញុំ​មាន​ក្តី​បារម្ភ​លើ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព អ៊ឹមផត អ៊ិចផត និង​ក្រុម​ហ៊ុន MDS THMODAR S.E.Z Co.,Ltd ធ្វើ​ការ​ប្រមូល​ឈើ​គ្រប់​ប្រភេទ​ពី​ស្តុក​របស់​រដ្ឋបាល​ព្រៃ​ឈើ ក្រសួង​បរិស្ថាន ដោយ​មិន​មាន​ការ​បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​កាល​បរិច្ឆេទ បរិមាណ និង​ទីតាំង នៃ​ការ​ប្រមូល​ឈើ ព្រម​ទាំង​របាយ​ការណ៍​នៃ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ប្រមូល​ទិញ​នេះ​ទេ»។

រថយន្ត​យីឌុប​របស់​ឧកញ៉ា ទ្រី ភាព កំពុង​ដឹក​ឈើ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​សៀមប៉ាង។ ហេង ជីវ័ន

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ទិន្នន័យ​របស់​អង្គការ លោក​គិត​ចាប់​ពី​ដើម ឆ្នាំ​២០១២ រហូត​ដល់ ឆ្នាំ​២០១៣ មាន​ករណី​បទ​ល្មើស និង​ការ​ជួញ​ដូរ​ឈើ​ប្រណីត​ចំនួន ៥៣៥ ករណី​ដែល​បាន​កើត​មាន​ឡើង។ បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​នៅ​ក្នុង​រយៈ​ពេល ៩ ខែ​ចុង​ក្រោយ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន ១៨៩១ ករណី​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​នៃ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា។ លោក​បាន​បន្ត​ថា៖ «យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​រឹត​បន្តឹង​ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​តម្លាភាព។ រឹត​បន្តឹង​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​រាល់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ការ​នាំ​ឈើ​ចេញ​និង​បញ្ជាក់​អំពី​ទី​តាំង តម្លៃ បរិមាណ និង​កាល​បរិច្ឆេទ​នៃ​ការ​ប្រមូល​ឈើ ដើម្បី​ធានា​បាន​នូវ​តម្លាភាព​និង​គណនេយ្យ​ភាព​និង​ឲ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​ចំពោះ​ឈើ​ដែល​រដ្ឋ​ប្រមូល​រឹប​អូស​បាន»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ជា​រួម កម្ពុជា​ជួប​សោកនាដកម្ម​ច្រើន​ដូចជា​ការ​បាត់​បង់​ទឹក​ដី ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តែ​បច្ចុប្បន្ន​គឺ​សោកនាដកម្ម​ឧក្រិដ្ឋកម្ម​ប្រឆាំង​ធម្មជាតិ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​ក្នុង​រយៈ​ពេល ១០​ឆ្នាំ ម្តង​ប្រទេស​ដែល​បាត់បង់​ព្រៃ​ឈើ​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ី​គឺ​កម្ពុជា។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​បទ ល្មើស​ព្រៃឈើ និង​ចំហ​ឲ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​ចំពោះ​ឈើ​ដែល​រឹប​អូស​បាន។ លោក​ថា៖ «ប្រទេស​ដែល​គេ​អភិវឌ្ឍន៍ ដែល​គេ​មិន​បំផ្លាញ​ព្រៃឈើ ហេតុអី​បាន​រដ្ឋាភិបាល​យក​លេស​ថា ទាល់​តែ​កាប់​ព្រៃឈើ បាន​អាច​អភិវឌ្ឍ​បាន»។

លោក ថន សារ៉ាត ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​​ ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​លុប​អាជ្ញាប័ណ្ណ​នោះ​គឺ​ត្រូវ​សរសេរ​លិខិត​ទៅ​ក្រសួង​កសិកម្ម​ហើយ​បង្ហាញ​អំពី​ប្រសិទ្ធភាព​ទប់​ស្កាត់​និង​បង្ក្រាប ក្រសួង​នឹង​ធ្វើ​ការ​ប្រជុំ​ដើម្បី​ឆ្លង​យោបល់។ តាម​ពិត​ការ​ចេញ​អាជ្ញាប័ណ្ណ​នោះ​គឺ​សម្រាប់​ពាណិជ្ជកម្ម ប៉ុន្តែ​គ្រាន់​តែ​ការ​យក​ទៅ​អនុវត្ត​នោះ​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង។ លោក​បាន​ថ្លែង​ថា៖ «គេ​យក​ទៅ​អនុវត្ត​នោះ​គឺ​ធ្វើ​ដើម្បី​តែ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន ពុំ​បាន​គិត​អំពី​អាជ្ញាប័ណ្ណ​ដែល​បាន​ផ្តល់​ឲ្យ»។

យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន MDS Import Export របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​របស់​ប្រពន្ធ​គាត់​ឈ្មោះ ម៉ៅ មុំ បាន​ប្រើ​លិខិត​អនុញ្ញាត​ឈូស​ឆាយ​អាង​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ និង​ដី​សម្បទាន​ចំនួន ៣ នៅ​ទី​ជម្រក​សត្វ​ព្រៃ ភ្នំ​សំកុស ទំហំ​ដល់​ទៅ ៣៣ ម៉ឺន​ហិកតា ដើម្បី​លាង​សម្អាត​ឈើ​ខុស​ច្បាប់ ហើយ ប្រាក់​ចំណេញ​ខុស​ច្បាប់​ពី​ប្រតិបតិ្តការ​មាន​ចំនួន​ស្មើ​នឹង ២២៧ លាន​ដុល្លារ៕


What Next?

Recent Articles

3 Responses to "អង្គការ​សមាជិក ៤២ ជំរុញ​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន ទ្រី ភាព"

  1. Vanda says:

    តាមរបាយការណ៍បញ្ជាក់ថាក្រុមហុនទ្រីភាពបានកាប់បំផ្លាញព្រៃឈើលក់ចំនេញរាប់រយលានដុល្លាហើយជិតអស់ព្រៃហើយ។ ដកបាន តែខ្ទេចអស់ហើយ។ ទ្រី ភាព ពិតជាមនុស្សឆ្លាត។ សូមសរសើរ។

  2. CountryStudent says:

    If Youn invade Cambodia by troops directly, it’s hard to win because it’s easy to be understood by Cambodian people and international community.
    So Youn installed Khmer traitor puppet to work as an aggression toll for them in Cambodia;
    Youn keep encroaching the border, its puppet does nothing;
    Youn keep sending illegal immigration to occupy Cambodia everyday, its puppet does nothing;
    Youn take concession land for some million hectares in side and near the border, its puppet does nothing;
    Youn control Ang Kor Wat, Boc Kor, Sea shore, petroleum, imported goods, so called (economy), its puppet does nothing
    Youn run Khmer millitary, its puppet does nothing;
    Youn colonize the whole Cambodia and working to swallow Cambodia completely one day, it puppet does nothing;
    Youn puppet only discourage and scare its own people to keep quiet do nothing and allow Youn to do any thing they want
    I think if Cambodia is an independent and sovereignty state, if it can’t fight the aggressor, it always can go to United Nation for help; unfortunately, Hun Sen CPP the Youn puppet will not dare to do that

    ========================

    If Hun Sen CPP change mind and become patriot, it will jeopardy their position, power, property , crony and family tree; with these kinds of low low character people, they never will

    I admire at Viet Leader and its citizen, you can not hire one of them to be traitor of their own country no matter what you give them

  3. បរិមី ព្រ:វិហារ says:

    ត្រូវចាត់ការលុបចោលទៅ រឿងកម្មករឆ្លងចូលថៃកាប់ឈើ ថៃចាញ់ស្លាប់ហូរហែរក៏មកពីមុខរបរនេះដែរ ជាមួយនេះត្រូវសើុបអង្កេតរឿងគេចពន្ធអាករ និងការបំផ្លាញព្រៃឈើ ព្រោះមិនគោរពតាមកិច្ចសន្យា ។