សន ផល្លិកា ទូរស័ព្ទ​រក រតនា នៅពេល​ផឹក​ស្រវឹង

ពិធីករ​ទូរទស្សន៍​ស៊ីធីអិន​លោក រតនា។

ពិធីករ​ទូរទស្សន៍​ស៊ីធីអិន​លោក រតនា។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ការ​កាត់ផ្តាច់​សម្ព័ន្ធស្នេហ៍​ទាំង​ភាព​ចម្រូងចម្រាស​របស់​តារាចម្រៀង​នាង សន ផល្លិកា ពី វីជេ រតនា ត្រូវ​បាន​មជ្ឈដ្ឋាន​ដែល​ដឹងពី​ភាព​ស៊ីជម្រៅ​របស់​គូស្នេហ៍​មួយ​គូ​នេះ លើក​ឡើង​ថា ព្រោះ​តែ​ស្រីស្រស់ ផល្លិកា មាន​អ្នកថ្មី។ ប៉ុន្តែ​នៅពេល​នេះ មិន​ដឹង​ថា ស្នេហា​ថ្មី​នាង​យ៉ាង​ណា​នោះ​ទេ ស្រាប់តែ​មាន​ការ​បង្ហើប​មក​ថា ផល្លិកា តែង​ទូរស័ព្ទ​រក រតនា ស្ទើរ​រាល់​ថ្ងៃ។ ចំពោះ​បញ្ហា​នេះ វីជេ រតនា ក៏​ទទួល​ស្គាល់​ថា ផល្លិកា ពិតជា​ឧស្សាហ៍​ទូរស័ព្ទ​រក​លោក​មែន​។

សង្គ្រាម​ស្នេហ៍​ដ៏គគុក​រវាង​តារាចម្រៀង​ចំណូលថ្មី​របស់​ផលិតកម្ម​ហង្សមាស នាង សន ផល្លិកា និង វីជេ រតនា ជ្រកក្រោម​ដំបូល​ទូរទស្សន៍ CTN បាន​បញ្ចប់​ទៅ​ដោយ​ការ​ទម្លាយ​រឿង​អាស្រូវ​ពី​ក្រោយ​ខ្នង​ជា​ហូរហែ ដែល​ពេល​នោះ នាង សន ផល្លិកា និង​ក្រុម​គ្រួសារ បាន​គំរាម​ប្ដឹង​ទៀត​ផង បើ វីជេ រតនា មិន​ព្រម​សុំទោស ហើយ​បន្ត​អុកឡុក​ផ្លូវចិត្ត និង​បរិហារ​រឿងរ៉ាវ​ឯកជន​របស់​នាង​បន្ថែម​ទៀត​នោះ។

ទន្ទឹម​នឹង​ភាព​ស្ងប់រលត់​ភ្លើងស្នេហ៍​នោះ ស្រាប់តែ​ថ្មីៗ​នេះ​មាន​ប្រភព​ពី​អ្នក​សិល្បៈ​បាន​បង្ហើប​ប្រាប់​ថា ពេល​នេះ សន ផល្លិកា ទំនង​ជា​ស្តាយក្រោយ​ក៏​មិនដឹង​ឬ​ក៏​ជា​ចេតនា បញ្ឈឺ​ចិត្ត រតនា ក៏​មិន​ប្រាកដ​ដែរ ដែល​ជា​រឿយៗ នាង​តែងតែ​ទូរស័ព្ទ​មក រតនា សួរ​ពី​នេះ សួរ​ពី​នោះ​។ ប៉ុន្តែ​ពេល​សួរ​ជជីក​នឹង​ដំណឹង​ដែល​ថា នាង ផល្លិកា មាន​ស្នេហា​ជាមួយ​អ្នកថ្មី និង​ល្បី​ថា​ជា​កូន​អ្នកមាន​ទ្រព្យស្តុក និង​ថា​ជ្រោមជ្រែង​ឲ្យ​នាង​ឡើង​យីហោ​ជា​ជំទាវ​វ័យក្មេង​នោះ ប្រភព​នោះ​មិន​បាន​បកស្រាយ​យ៉ាង​ណា​នោះ​ទេ ដោយ​និយាយ​ថា រឿង​នោះ​គេ​មិន​បាន​ដឹង​ទេ គឺ​ឮ​តែ​គេ​ល្បី​ដូចគ្នា​នេះ​ដែរ​។

ទោះបី​យ៉ាង​ណា ជុំវិញ​ការ​បង្ហើប​របស់​ប្រភព​នេះ នាង សន ផល្លិកា មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ខណៈ​ទូរស័ព្ទ​ចូល ទទួល​ហើយ​ពេល​ឮ​ថា​ជា​អ្នកកាសែត ក៏​ផ្តាច់​ការ​ទាក់ទង និង​ព្យាយាម​ខល​ទៅ​ទៀត​មិន​មាន​អ្នក​ទទួល។

ចំពោះ​ការ​លើក​ឡើង​ខាង​លើ វីជេ រតនា បាន​ទទួល​ស្គាល់​ថា មួយ​រយៈ​ចុងក្រោយ​នេះ ផល្លិកា ពិតជា​ឧស្សាហ៍​ទូរស័ព្ទ​រក​លោក​មែន​។ លោក​បាន​ប្រាប់​ថា៖​«ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ណា​ដែរ​ទេ មួយ​រយៈ​នេះ ពិសេស​ពេល​នាង​ញ៉ាំ​បៀរ​ស្រវឹង ពេល​យប់ៗ​នាង​តែង​ខល​មក​រក​ខ្ញុំ សួរ​សុខទុក្ខ សួរ​ថា បង​នៅ​ណា? កំពុង​ធ្វើអ្វី ជាដើម​»។

វីជេ រតនា បន្ត​ថា៖​«ខ្ញុំ​មិន​ដឹង​ថា នាង​ខល​មក​ក្នុង​ចេតនា​យ៉ាង​ណា​ចំពោះ​ខ្ញុំ ព្រោះ​ថា ពេល​ខ្លះ គាត់​ខល​មក​ប្រាប់​ថា នាង​មាន​ប្តី​ហើយ ប៉ុន្តែ​ពេល​ខ្លះ​ក្នុង​អារម្មណ៍​គាត់ ដូចជា ចង់​ប្រាប់​ខ្ញុំ​ថា ពេល​នេះ​នាង​ឯកា​ក៏​មិន​ដឹង​?»។

យ៉ាងណា រតនា បញ្ជាក់​ថា៖ «​នាង​មិន​បាន​ប្រាប់​ថា នឹក​ខ្ញុំ និង​នៅ​ស្រឡាញ់​នោះ​ទេ ក្រៅពី​សួរ​សុខទុក្ខ និង​សួរ​ថា នៅ​ណា​នោះ​»។

ប៉ុន្តែ វីជេ រតនា បាន​ប្រកាស​ដាច់ខាត​ថា ពេល​នេះ​ក្នុង​ចិត្ត​លោក​បាន​ស្ងប់​រលត់​ហើយ ហើយ​ក៏​គ្មាន​ឡើយ​ពាក្យ​ស្នេហា​ក្នុង​ចិត្ត ពាក្យ​ស្នេហា ពាក្យ​ស្រឡាញ់​មាន​តែ​ចំពោះ​មនុស្សស្រី​ម្នាក់​គត់​គឺ​ម្តាយ​»៕


What Next?

Recent Articles