Thu, 23 October 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ទោះបីជាមិនទាន់មានការអនុម័តច្បាប់ ឬក៏សេចក្តីសម្រេច១០០ភាគរយក្តី តែសិល្បករខ្មែរបានរៀបចំពិធីជប់លៀងអបអរសាទររួចទៅហើយចំពោះការព្រមព្រៀងលើការពិភាក្សាមួយដែលបានលើកឡើងថា «ការថតស្ប៉តពាណិជ្ជកម្មលើគ្រប់ផលិតផល ត្រូវតែយកសិល្បករខ្មែរ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបណ្តាផលិតផល និងតារាសម្តែងរបស់ប្រទេសមួយចំនួន ពិសេសសិល្បករថៃបានយកប្រៀបលើសិល្បករខ្មែរតាមរយៈការថតស្ប៉តពាណិជ្ជកម្មដោយពួកគេយកតែតារាប្រទេសរបស់គេថត រីឯតារាកម្ពុជាដេកស្ងាបមើលស្ប៉តពាណិជ្ជកម្មតារារបស់គេ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សិល្បករ និងអ្នកគ្រប់គ្រងកម្មវិធីមួយចំនួនមិនបានចាប់អារម្មណ៍នោះទេ ប៉ុន្តែពួកគេបានភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ នៅក្រោយពេលការលើកឡើងពីការបាត់បង់អត្ថប្រយោជន៍ និងការឈឺចាប់នៅក្នុងចិត្តរបស់អ្នកគ្រប់គ្រងកម្មវិធីសិល្បៈដ៏ល្បីឈ្មោះលោក ហ្វៃ សំអាង។
នៅក្នុងកម្មវិធីពិគ្រោះយោបល់ស្តីអំពីការចាក់ផ្សាយភាពយន្តបរទេសលើកញ្ចក់ទូរទស្សន៍ខ្មែរកាលពីថ្ងៃទី២១ តុលា លោក ហ្វៃ សំអាង បានឡើងនិយាយស្តីពីអារម្មណ៍របស់លោកថា៖ «រឿងមួយដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍ ហើយវាបានធ្វើឲ្យខ្ញុំឈឺចាប់ជាច្រើនឆ្នាំនោះ គឺការផ្សាយស្ប៉តពាណិជ្ជកម្មនៅលើកញ្ចក់ទូរទស្សន៍នីមួយៗ គួរតែជាតារារបស់កម្ពុជា»។
អ្នកជំនាញសិល្បៈជើងចាស់រូបនេះបានបញ្ជាក់ថា៖ «ខាងក្រសួងគួរតែមានការកំណត់ណាមួយលើរឿងនេះ ព្រោះបណ្តាប្រទេសនានានៅក្នុងតំបន់គេបានធ្វើអស់ហើយ»។
ក្រោយពីលោក ហ្វៃ សំអាង លើកឡើងចប់ សំឡេងទះដៃសាទរបានផ្ទុះឡើងប្រាវៗពេញសាលប្រជុំតែម្តង ហើយភ្លាមនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ហាក់មានការភ្ញាក់ផ្អើលចំពោះចន្លោះប្រហោងនៅត្រង់ការថតស្ប៉តពាណិជ្ជកម្មនេះផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានលើកឡើងថា ចំពោះចំណុចនេះ លោកនឹងធ្វើរបាយការណ៍ដាក់ជូនលោកនាយករដ្ឋមន្ត្រីសម្រេច។
ទោះបីជាមិនទាន់មានការសម្រេចណាមួយក្តី ប៉ុន្តែសិល្បករកម្ពុជាភាគច្រើនបានសម្តែងការសប្បាយចិត្តនៅពេលបានដឹងពីដំណឹងនេះភ្លាម ដោយសារនេះជារឿងសមហេតុផលបំផុត ដែលកម្ពុជាគួរតែអនុវត្ត។ ម្យ៉ាងប្រសិនបើមានការសម្រេចដូចក្តីរំពឹងមែន នោះសិល្បករខ្មែរនឹងមានទីផ្សារកាន់តែធំបន្ថែមទៀត ជាមួយនឹងឱកាសបញ្ចេញមុខសាងប្រជាប្រិយភាព និងស្វែងរកប្រាក់ចំណូលបន្ថែម។
តារាចម្រៀងល្បីតំណែងកំពូលម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា៖«នេះជាការលើកឡើងដ៏គួរឲ្យកោតសរសើរបំផុតចំពោះលោក ហ្វៃ សំអាង ព្រោះកន្លងមកយើងបានបាត់បង់ចំណូលច្រើនដោយសារតែផលិតផលភាគច្រើនគេមានតារាប្រទេសគេថតស្រាប់ អ៊ីចឹងតារារបស់យើងអត់ការងារធ្វើមួយផ្នែក»។ តារារូបនោះបញ្ជាក់បន្តថា៖«នេះជាការស្តែងឲ្យឃើញពីលក្ខណៈជាតិនិយមមួយ ពិសេសនោះគឺជាការផ្តល់ឱកាសឲ្យសិល្បករខ្មែរអាចទទួលបានកម្រៃបន្ថែមទៀត។ ខ្ញុំពិតជាសប្បាយចិត្ត និងគាំទ្រ១០០ភាគរយ»៕
បើថាអញ្ជឹងក៏ថាបាន តែពួកតារាសិល្បករខ្មែរសូមគិតបន្តទៀតថា បើអ្នកចង់ក្លាយជាតារា ហូលីវ៉ូត
ទាល់តែយកតារាសិល្បករបរទេសមកសម្តែងផងទើបបាន!!!
គ្រាន់តែរឿងកំប៉ុិចកំប៉ុកប៉ុណ្ណេះទាល់ទេតេជោទើបសំរេចបាន គ្មាននរណាចេះធ្វើការទេឬ?ក្រៅពីតេជោខ្វាក់!។