ដោយ ខែ សុណង
2014-10-27
RFA
ប្រជាពលរដ្ឋសហគមន៍ អេស.អូ.អេស (SOS) មកពីភូមិត្រពាំងល្វា គោកចំបក់ ថ្មគោល ជ្រៃជីសាក់ និងភូមិតាងួន ដែលរងផលប៉ះពាល់ដីធ្លី និងផ្ទះសម្បែងក្នុងការអភិវឌ្ឍតំបន់សន្តិសុខនិងសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គាំទ្រដោយសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ៥០នាក់ បាននាំគ្នាហែញត្តិដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ តុលា។ បន្ទាប់ពីដាក់ញត្តិនោះរួច ពួកគាត់បាននាំគ្នាទៅនៅមន្ទីររដ្ឋសភាទៀត ដើម្បីសួរអ្នកតំណាងរាស្ត្រពីដំណោះស្រាយបន្ទាប់ពីពួកគាត់ដាក់សំណើអន្តរាគមន៍កាលពីពេលកន្លងទៅ។
តំណាងពលរដ្ឋសហគមន៍ អេស.អូ.អេស បឹងកក់ និងបុរីកីឡា ដែលជាស្ត្រីបាននាំគ្នាឡើងផ្លោះរបងមន្ទីររដ្ឋសភាដើម្បីចូលជួបអ្នកតំណាងរាស្ត្រសាកសួរពីលទ្ធផលដីធ្លីដែលពួកគាត់បានស្នើឲ្យ ដំណោះស្រាយកាលពីខែកញ្ញា។
គម្រោងអភិវឌ្ឍន៍ពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានតម្រូវឲ្យរដ្ឋាភិបាលកាត់ដី ឬផ្ទះទំហំ ៥ម៉ែត្រពីរបងព្រលាន ដើម្បីធ្វើឲ្យព្រលានយន្តហោះកម្ពុជា ក្លាយជាព្រលានដែលទទួលស្គាល់ថា គោរពតាមបទដ្ឋានអន្តរជាតិ។ គម្រោងអភិវឌ្ឍន៍នេះ អាចធ្វើឲ្យប៉ះពាល់ផ្ទះសម្បែង ដីធ្លីប្រជាពលរដ្ឋប្រមាណជាង ៦០០គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៥ គឺភូមិត្រពាំងល្វា ភូមិគោកចំបក់ ភូមិថ្មគោល ភូមិជ្រៃជីសាក់ និងភូមិតាងួន ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្នកតវ៉ាបានលើកបដាដែលសរសេរអន្តរាគមន៍ទាមទារឲ្យដោះស្រាយដីធ្លីឲ្យពួកគាត់ដែលរងផលប៉ះពាល់ដោយការពង្រីកព្រលានយន្តហោះ និងស្រែកឲ្យអ្នកតំណាងរាស្ត្រចេញមកជួបអស់ជាច្រើនម៉ោង ប៉ុន្តែដោយស៊ូរង់ចាំនៅក្រោមកម្ដៅថ្ងៃមិនបាន អ្នកភូមិបាននាំគ្នាផ្លោះចូលតាមរបងរដ្ឋសភាព្រោះតែចង់ជួបអ្នក តំណាងរាស្ត្រ។ មិនយូរប៉ុន្មានអ្នកតំណាងរដ្ឋសភាបានចេញមកប្រាប់ឲ្យតំណាងពលរដ្ឋសហគមន៍ អេស.អូ.អេស ៧នាក់ចូល។
អនុប្រធានសហគមន៍ អេស.អូ.អេស អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោក កៅ សុវណ្ណ បានថ្លែងបន្ទាប់ចូលជួបអ្នកតំណាងរាស្ត្រនោះថា ប្រជាពលរដ្ឋមានការស្ងប់ចិត្តបន្ទាប់ពីបានដឹងថា អ្នកតំណាងរាស្ត្រទាំងនោះនឹងបន្តចាត់ការមិនបោះបង់សំណើរបស់ពួកគាត់។ លោកបន្តថា អ្នកតំណាងរាស្ត្រទាំងពីររូបក្នុងគណៈកម្មការទី១ដែលមានលោកស្រី ឡោក ខេង និងលោក អេង ឆៃអ៊ាង បានសន្យាថា នឹងដោះស្រាយជូនពួកគាត់។
លោកបញ្ជាក់ថា អ្នកទាំងពីរបានស្នើឲ្យពលរដ្ឋប្រមូលឯកសារបន្ថែមគឺជាកំណត់ហេតុនៃកិច្ចប្រជុំរវាងអ្នកភូមិ និងអនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកន្លងមកឲ្យដាក់ជូនរដ្ឋសភាទៀត ដើម្បីជាទុននៅក្នុងការរៀបចំខ្លឹមសារឯកសារសុំអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រីកុំឲ្យមានការរំលោភសិទ្ធិមនុស្ស និងដោះស្រាយដោយសន្តិវិធី៖ «ខ្ញុំចូលប្រជុំទៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ មើលឃើញថា គណបក្សទាំងពីរគឺល្អស្អិតល្មូត សាមគ្គីគ្នា។ សម្ដីឯកឧត្ដម អេង ឆៃអ៊ាង និងសម្ដីលោកជំទាវ ឡោក ខេង អាចចាត់ទុកជាសម្ដីបានការ។ គាត់ហាក់បីដូចជាគណបក្សតែមួយអ៊ីចឹង មិនអាចមើលដឹងថាគណបក្សពីរទេ»។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកនឹងធ្វើលិខិតមួយដាក់ជូនអាជ្ញាធរពាក់ព័ន្ធឲ្យដោះស្រាយ និងផ្ដល់សំណងឲ្យពលរដ្ឋជាមុនសិនមុននឹងធ្វើការអភិវឌ្ឍន៍តំបន់នោះ។
នៅថ្ងៃទី២៧ តុលា អ្នកភូមិបាននាំគ្នាដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចរារាំងដោយពុំមានហិង្សាទេ ហើយមន្ត្រីខុទ្ទកាល័យលោក គង់ ចំរើន បានចេញមកទទួលញត្តិពីពួកគាត់។
ពលរដ្ឋទាំងនោះ មានសំណើចំនួន៣ចំណុចដើម្បីរកដំណោះស្រាយ។ ចំណុចទី១គឺ សុំប្លង់កម្មសិទ្ធិនៅនឹងកន្លែងសម្រាប់ដីនិងផ្ទះដែលសេសសល់ពីការកាត់ផលប៉ះពាល់ ៥ម៉ែត្រ ហើយដីដែលរងផលប៉ះពាល់រដ្ឋាភិបាលត្រូវទិញតាមតម្លៃទីផ្សារគឺ ២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណុចទី២ សម្រាប់ដីនិងផ្ទះដែលរងផលប៉ះពាល់ខ្លាំង ឬទាំងស្រុង រដ្ឋាភិបាលត្រូវទិញក្នុងតម្លៃទីផ្សារគឺ ២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងចំណុចចុងក្រោយសម្រាប់គ្រួសារដែលចង់បានការដោះដូរដីនិងផ្ទះ រដ្ឋត្រូវផ្ដល់ដីនិងផ្ទះឲ្យពលរដ្ឋតាមទំហំជាក់ស្ដែងផ្ដល់ប្លង់កម្មសិទ្ធិ និងនៅជាប់តាមបណ្ដោយផ្លូវ២០០៤ ចាប់ពីមន្ទីរគណបក្សប្រជាជនកម្ពុជា រហូតដល់សាលាណប្រ៊ីត។
កាលពីកន្លងទៅ តំណាងពលរដ្ឋបានប្រើសញ្ញា SOS គូសនៅលើដំបូលផ្ទះនៅគ្រាដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងការប្រជុំកំពូលនានា ហើយលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិកមកទស្សនកិច្ចកម្ពុជា ព្រោះចង់ឲ្យប្រទេសមហាអំណាចក្រឡេកមើលការរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី ដែលរដ្ឋាភិបាលកម្ពុជា បណ្ដេញពលរដ្ឋពីលំនៅឋានគ្មានសំណង និងស្នើឲ្យផ្ដល់ជំនួយសង្គ្រោះពួកគេជាបន្ទាន់។ បន្ទាប់អ្នកទាំងនោះក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងឲ្យលុបសញ្ញានោះចេញវិញ។
រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានជួលក្រុមហ៊ុនហ្គ្រីន ហ្គោល (Green Gold) ឲ្យធ្វើការវាស់វែងដី ៥ម៉ែត្រពីរបងព្រលានយន្តហោះ ដើម្បីកំណត់តំបន់គ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព ជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពុងបន្តនីតិវិធីមួយចំនួនដូចជា ចុះធ្វើសម្រង់ស្ថិតិ ជំរឿន សិក្សាតម្លៃ មុននឹងឈានដល់ការដោះស្រាយផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ត្រីមេម៉ាយទិញអេតចាយដឹកកូនពិការមកពីខេត្តបាត់ដំបងឡើងតវ៉ាដីធ្លីនៅភ្នំពេញ
- ពលរដ្ឋខេត្តកំពតអំពាវនាវឲ្យអាជ្ញាធរពិនិត្យឡើងវិញការអនុវត្តសាលដីកាតុលាការកំពូល
- ពលរដ្ឋជាង២០០គ្រួសារនៅកោះកុងរកអន្តរាគមន៍ពីអាជ្ញាធរទាមទារដីស្រែចម្ការពីក្រុមហ៊ុន
- លិខិតអន្តរាគមន៍ទំនាស់ដីក្រុងរណបជ្រោយចង្វារត្រូវបានបញ្ជូនទៅលោក ហ៊ុន សែន
- ជនជាតិព្នងនៅក្រចេះអះអាងថាក្រុមហ៊ុនវៀតណាមបន្តឈូសឆាយតំបន់ព្រៃឈើសហគមន៍
- ពលរដ្ឋជិត២០០គ្រួសារនៅកំពង់ឆ្នាំងរង់ចាំដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី
- ជនជាតិដើមភាគតិចពរនៅបាត់ដំបងបារម្ភបាត់បង់ដីទៅក្រុមហ៊ុន
- ពលរដ្ឋនិងអាជ្ញាធរខេត្តកោះកុងពិភាក្សារកដំណោះស្រាយជម្លោះដីធ្លីនិងបញ្ហាប្រឈម
- ហេតុអ្វីពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុននៅកំពង់ស្ពឺទារសំណងពីធនាគារANZ?
បោះឆ្នោតឱ្យកូនមីកាដួយហោករីកស្ញេញ់ ហ៊ុន សែន ជាប់ទៀតទៅ
ស្រួលបានមន្រ្តីវាអូសដីធ្លី ប៉ូលិសឆ្កែវា វាយ ទាត់ធាក់ សំពងនិងដំបងឆក់រាល់ថ្ងៃ ។
(មិនដែលឃើញប្រជាជនសាសន៍ណា មិនចេះរាងចាល ដូចប្រជាជនខ្មែរអញ្ងឹងទេ )