ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

យុវជនចូលរួមក្នុងការទាមទារឲ្យស្ថាប័នរដ្ឋដោះស្រាយបញ្ហាដីធ្លី នាពេលកន្លងមក
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃចន្ទនេះ ជំរុញយុវជនចូលរួមដោះស្រាយបញ្ហាដីធ្លីដែលកើតមាននៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាអ្នករងគ្រោះ និងរងការបណ្តេញចេញដោយសារបញ្ហានេះ។
ការជំរុញនេះ ធ្វើឡើងក្នុងវេទិកាយុវជនស្តីពី ដីធ្លី និងលំនៅដ្ឋាន ដើម្បីលើកកម្ពស់ចំណេះដឹងសីលធម៌ និងការចូលរួមរបស់យុវជនក្នុងកាត់បន្ថយបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ មានប្រសាសន៍ថា យុវជនជាទំពាំងស្នងឫស្សី និងជាធនធានគន្លឹះមានតម្លៃបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាពទាំងបច្ចុប្បន្ន និងអនាគត។ លោកបន្តថា រដ្ឋាភិបាលកំពុងដាក់ទិសដៅជាមួយក្រសួងអប់រំ និងក្រសួងដែនដីនគរូបនីយកម្ម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ក្នុងការចែករំលែកចំណេះទាក់ទងនឹងបញ្ហានេះ។
លោក សរ សុវណ្ណ បន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាលផ្តល់អាទិភាពលើ ការបន្តជំរុញរៀបចំគោលនយោបាយដីធ្លីទូលំទូលាយ ( សៀវភៅដីធ្លី) ជំរុញឲ្យរៀបចំច្បាប់ ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ច្បាប់ស្តីពីកសិកម្ម និងពន្លឿនការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិសម្រាប់ដីរដ្ឋ ដីឯកជន និងដីសហគមន៍ជនជាតិដើមភាគតិច។
នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងថា រហូតមកទាល់ឆ្នាំ២០១៤នេះ បញ្ហាដីធ្លី និងលំនៅដ្ឋាននៅតែបន្តកើតមាន ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋជួបបញ្ហាច្រើន ការបាត់បង់ដីធ្លីសម្រាប់ធ្វើកសិកម្ម បាត់លំនៅដ្ឋាន ជាពិសេសប៉ះពាល់ដល់កុមារ និងយុវជនជាដើម។ លោកបន្តថា បញ្ហានេះក៏ប៉ះពាល់ជាខ្លាំងទៅលើយុវជន ដោយសារយុវជនក៏ជាជនរងគ្រោះក្នុងចំណោមអ្នករងគ្រោះផ្សេងៗទៀត។
លោក តឹក វណ្ណារ៉ា លើកទឹកចិត្តឲ្យយុវជនត្រូវពង្រឹងសមត្ថភាពខ្លួន និងចូលរួមដោះស្រាយបញ្ហាដីធ្លី ដើម្បីកាត់បន្ថយអត្រាអ្នករងគ្រោះ។
យុវជនចូលរួមក្នុងសិក្ខាសាលានេះលោក ឌីម សុផល យល់ថា បច្ចុប្បន្នបញ្ហាជម្លោះដីធ្លីកើតមានច្រើនស្ទើរគ្រប់ទីកន្លែង តែរដ្ឋាភិបាលដោះស្រាយបានតិចតួចប៉ុណ្ណោះ។ លោកសំណូមពរឲ្យរដ្ឋាភិបាលបើកចំហព័ត៌មាន និងផ្តល់ចំណេះដឹងដល់យុវជន ជាបច្ចេកទេស ជាពិសេសផ្តល់ឱកាសដល់យុវជន ដើម្បីឲ្យពួកគេស្វែងយល់បន្ថែម និងរួមគ្នាដោះស្រាយ។
យោងតាមរបាយការណ៍អាដហុក រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២ ៦៥៧ ៤៧០ហិកតា ក្នុងឆ្នាំ២០១២ ដែលក្នុងនោះមានប្រជាពលរដ្ឋ ៧៧៧ ០០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយសារការរំលោភដីធ្លីចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៣។ របាយការណ៍បន្តថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៤ វិវាទដីធ្លីមានចំនួន៣៧ករណី ប៉ះពាល់ដល់គ្រួសារចំនួន២៦១៧ ស្មើនឹងចំនួនសមាជិកក្នុងគ្រួសារ៦៤៧០ និងមានទំហំដីសរុបចំនួន ៥៤៥១,៥១ ហិកតា៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ទោះយុវជននិងយុវនារីខំជួយយ៉ាងណាក៍មិនឈ្នះពួកប្រជាជនបោះឆ្នោតគាំទ្រ ហ៊ុន សែន ផ្កាប់មុខដែរ
ព្រោះប្រជាជន ៧មករា ចូលចិត្តឱ្យបក្ខពួកកងអង្គរក្សនិងប៉ូលិស ហ៊ុន សែន រិបអូសដីធ្លី និងវាយសំពង
បែកក្បាល បាក់ដៃ បាក់ជើង ទើបបានស្រួលខ្លួន មិនចាំបាច់ហត្ថប្រាណទេ
បោះឆ្នោតឱ្យ បក្ខពួកកញ្ចាស់ ហ៊ុន សែន វាយសំពងទៀតចុះ សូមជូនពរ !