តំណាង​រាស្ត្របក្ស​ប្រឆំាងសន្យាជួយជំរុញ​ទៅស្ថាប័នពាក់ព័ន្ធ​ ផ្តល់ប័ណ្ណកម្មសិទ្ធិ​​ដីឲ្យ​​ពលរដ្ឋ​ឃុំ​បឹង​ប្រាំ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំណាងរាស្ត្រ​គណបក្ស​ប្រឆំាង ​ សន្យាជួយ​ជំរុញ​ទៅ​ស្ថាប័នពាក់ព័ន្ធ​ ពន្លឿន​ដោះ​ស្រាយបញ្ហា​ដីធ្លីជូន​ពលរដ្ឋ​នៅ​ស្រុកបវេល ខេត្តបាត់ដំបង ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​មាន​អំណាច​ជិត​១០ឆ្នំាមក​ហើយ​។

តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ នៅមណ្ឌល​​​ខេត្ត​បាត់​ដំបងលោក​​ស្រី​ មូរ សុខហួរ ឲ្យ​VODដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពីលោក​ស្រី​បានចុះ​សំណេះសំណាលជាមួយអ្នក​រងគ្រោះដីធ្លី មកពីស្រុក​បវេល ខេត្តបាត់ដំបង ដែលស្នាក់នៅវត្ត​ចាស់ រាជធានីភ្នំពេញ​​​ថា លោក​ស្រី​នឹងជួយជំរុញឲ្យ​អភិបាល​ខេត្ត​នេះ ​បង្កើត​គណៈកម្មការ​ជំនាញមួយ ចុះ​វាស់​វែង​នឹង​​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ ឃុំ​បឹង​ប្រាំ ​ស្រុកបវេល ខេត្ត​បាត់​ដំបង ដើម្បី​ឲ្យ​ពលរដ្ឋ​ទំាង​នោះ​ទទួល​បាន​ដីបង្កបង្កើនផលដូច​ដើម​វិញ​។

លោក​​ស្រី​ មូរ សុខហួរ ​ព្រមានថា បើអភិបាល​ខេត្ត​បាត់ដំបង​មិន​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​នេះជូន​អ្នក​រងគ្រោះដ្លីធ្លីទេ លោក​​ស្រីនឹង​ស្នើ​ទៅប្រធាន​គណៈកម្មការទី១នៃរដ្ឋ​សភា លោក អេង ឆៃអ៊ាង កោះហៅមន្ត្រីពាក់ព័ន្ធ និងរដ្ឋាភិបាល ឲ្យចូលភ្លឺជា​សាធារណៈនៅ​សភា ជុំវិញករណីនេះ។ លោកស្រីពន្យល់ថា​ «តួ​នាទី​នៃ​តំណាង​រាស្ត្រ មាន​តែ​សុំ​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​ដែល​ពាក់​ព័ន្ធ ហើយ​និង​កោះ​អញ្ជើញ​នាយក​រដ្ឋ​មន្ត្រី​មក​ឆ្លើយ​នៅ​មុខ​គណៈ​កម្មការ​ ឬមួយ​ក៏​នៅក្នុង​អង្គ​សភា​ទាំងមូល​»។

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្តបាត់ដំបង លោក ចាន់ សុផល ​បាន​ទេនៅ​ថ្ងៃចន្ទនេះ។

អ្នក​ឃ្លាំមើល​ការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង យល់ថា មិន​ថាតំណាង​រាស្ត្រគណបក្ស​នយោបាយ​ណាមួយទេ គួរ​តែ​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ ​ ព្រោះ​បញ្ហា​ដីធ្លី​នៅ​តំបន់​នោះ​កើតឡើង​ជា​ច្រើន​ឆ្នាំ​ហើយ។ លោក​បញ្ជាក់​ថា បើអ្នក​នយោបាយ​មាន​ឆន្ទៈដោះ​ស្រាយមែន​នោះ​បញ្ហា​ដីធ្លី​នឹង​ត្រូវ​បញ្ចប់។ លោក​ថា «ប្រសិន​ជា​តំណាង​រាស្ត្រ មិន​ថាដល់​តំណាងរាស្រ្ត​គណបក្ស​នយោបាយ​ណា​ទេ ឲ្យ​តែ​គាត់​មាន​ការ​ឈឺ​ឆ្អាលចូល​រួម មាន​ឆន្ទៈ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លីជូន​ប្រជាពលរដ្ឋ​ វាចប់​ហើយ វា​អត់​មាន​អ្វី​ស្មុគ​ស្មាញ​ទេ»។

អ្នក​មានជម្លោះដីធ្លីស្ថិតនៅ​ឃុំបឹង​ប្រាំ ស្រុក​បវេល ខេត្តបាត់ដំបង អះអាងថា ផ្ទៃដីដែលមានជម្លោះជាមួយអាជ្ញាធរមូលដ្ឋាន និង​អ្នក​មានអំណាច​នៅ​តំបន់​នោះ​ សរុប​ប្រមាណជាង១ពាន់ហិកតា ក្នុង​នោះមាន​ពលរដ្ឋប្រមាណ៣០០គ្រួសារ។ ពួកគេ​ថា​ ​ជម្លោះ​នោះ​មាន​រយៈពេល​ជិត​១០ឆ្នាំ​ហើយ ​ដោយពួកគេជាង​១០០នាក់​បានមក​ស្នាក់នៅវត្ត​ចាស់​ សង្កាត់ជ្រោយចង្វា​ រាជធានីភ្នំពេញ ​ជាង​១ខែ​ហើយ​ ​ ដើម្បី​រង់ចំាដំណោះ​ស្រាយ​ពី​រដ្ឋសភា  រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ តែរហូត​មក​ដល់ពេល​នេះមិន​ទាន់ដំណោះ​ស្រាយនៅឡើយ៕

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles