ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់​ជំនួយ​ និងកម្ចី៩៩លានដុល្លារ​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្តល់​ជំនួយ​ឥតសំណង និងកម្ចីជា​ទឹក​ប្រាក់​​​ចំនួន​៩៩លាន​ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​កែលម្អផ្លូវជនបទដំណាក់​កាលទី២ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេក​ទេស​ និងវិជ្ជាជីវៈ និងគម្រោងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ដរាយតាមសហគមន៍។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ចន្ទ​នេះត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន  និង ធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចព្រម​ព្រៀង​នោះ ​គឺ​ផ្តោត​លើ​កញ្ចប់ ហិរញ្ញប្បទាន ចំនួន៦៦លានដុល្លារ អាមេរិក នៃហរិញ្ញប្បទាន សរុបចំនួន១១៨លានដុល្លារ អាមេរិក របស់គម្រោងកែលម្អ ផ្លូវជនបទ ដំណាក់កាលទី២។ ហិរញ្ញប្បទានរបស់ គម្រោងនេះ រួមបញ្ចូលទំាងកម្ចី ក្នុងទឹកប្រាក់ចំនួន៥៤លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី កម្ចីស្របគ្នា ក្នុងទឹកប្រាក់ ៤១លានដុល្លារ ពីរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ (ដែលនឹងចុះហត្ថលេខា នៅពេលក្រោយ) ជំនួយឥតសំណង ក្នុងទឹកប្រាក់៦,៦៧ លានដុល្លារ ពីរដ្ឋា​ភិបាលអូស្ដ្រាលី និងការផ្ដល់ សហហិរញ្ញប្បទាន លើជំនួយឥតសំណង ក្នុងទឹកប្រាក់៥,៤លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍ អឺរ៉ុបខាងកើត។

ADB បញ្ជាក់ថា​រដ្ឋាភិបាលនឹងផ្តល់ ហរិញ្ញប្បទានបដិភាគចំនួន ១១,១៦​លានដុល្លារអាមេរិក សម្រាប់គម្រោង​នេះ។

សេចក្តី​ប្រកាសព័ត៌មាន​បន្តថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដល់នូវកម្ចីចំនួន៣០លានដុល្លារសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណង បង្កើនលទ្ធភាព អាចរកការ​ងារធ្វើបានរបស់ ពលករ ដែលមាន វិញ្ញាបនបត្រ បញ្ផាក់ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) តាមរយៈប្រព័ន្ធTVET មួយដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ចំណែក​គម្រោងកាត់បន្ថយ គ្រោះភ័យនៃ គ្រោះមហន្ដរាយ តាមសហគមន៍ ទឹកប្រាក់២,៥លានដុល្លារ ជាហិរញ្ញប្បទានពីមូលនិធិជប៉ុន សម្រាប់កាត់ បន្ថយភាពក្រីក្រ ដែល​នឹងផ្ដល់ការគាំទ្រដល់ ខេត្ដគោលដៅចំនួន៦ រួម​មាន​ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងព្រៃវែង ដើម្បីអនុវត្ដនូវផែនការគ្រប់គ្រងគ្រោះភ័យគ្រោះមហន្ដរាយ និងផែនការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Eric Sidgwick នាយកប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា«គំនិតផ្ដួចផ្ដើមទាំងនេះនឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈការកសាង នូវបណ្ដាញផ្លូវ ដែលធន់ទៅនឹង អាកាសធាតុ និងមានប្រសិទ្ធភាព ចំណាយ ការអភិវឌ្ឍកម្លាំង ពលកម្មជំនាញ ដែលឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និង ផែនការគ្រប់គ្រង គ្រោះមហន្ដរាយ ធម្មជាតិ ដែលនឹងកាត់បន្ថយ ផលប៉ះពាល់ នៃគ្រោះមហន្ដរាយ នៅក្នុងប្រទេស កម្ពុជា»

មានមូលដ្ឋាននៅទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីប្ដេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី     និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចដើម្បីទាំងអស់គ្នា កំណើនដែលធានានិរន្ដរភាពបរិស្ថាន និង​សមាហរណកម្មតំបន់។ បង្កើតឡើង នៅក្នុងឆ្នាំ១៩៦៦ ធនាគារនេះគឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន៤៨ប្រទេស មកពីតំបន់នេះ។នៅក្នុងឆ្នាំ២០១៣ ជំនួយដែលផ្តល់ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ីសរុបមានចំនួន២១ពាន់លាន​ដុល្លារបូករួម ទាំងសហប្រទាន ចំនួន៦,៦ ពាន់​លាន​ដុល្លារផង៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles