ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

លោក ទៀ វិញ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីបើកការសមយុទ្ធនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ (រូបភាព៖ កាន់ វិច្ឆិកា)
កងទ័ពជើងទឹករបស់កម្ពុជា និងអាមេរិកជាង៥០០នាក់ បើកសមយុទ្ធរួមគ្នារយៈពេលជិតមួយសប្តាហ៍នៅលើផ្ទៃសមុទ្រកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការការពារសុវត្ថិភាពលើផ្ទៃសមុទ្រ។
សមយុទ្ធដែលមានឈ្មោះថា ប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក (CARAT) លើកទី៥នេះ បានចាប់ផ្ដើមធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ នៅមូលដ្ឋានជើងទឹករាម ដោយមានការចូលរួមពីកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកជាង៣០០នាក់ និងកម្ពុជាប្រមាណជា២០០នាក់ ។ កងទ័ពជើងទឹក និងបុគ្គលិករបស់អាមេរិក ត្រូវបានបញ្ជូនមកតាមរយៈនាវាពិឃាតម៉ាស់ស្ទីន (USS MASTIN DDG89) របស់អាមេរិក ដែលបានចុះសំចតលើផ្ទៃសមុទ្រកម្ពុជា តាំងពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤។
មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ លោក ទៀ វិញ មានប្រសាសន៍ថា សមយុទ្ធយោធាក្នុងឆ្នាំ២០១៤នេះ បាននាំមកនូវកម្មវិធីលំហាត់ហ្វឹកហ្វឺន មានទិដ្ឋភាពចម្រុះរវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់សន្តិសុខសមុទ្រ កងមុជទឹក នាយនាវីផ្នែកពេទ្យ រួមជាមួយមធ្យោបាយគ្រឿងបំពាក់នាវា ឧទ្ធម្ភាគចក្រ និងដំណើរការបាញ់គ្រាប់ពិតផងដែរ ។ លោកថាការហ្វឹកហ្វឺននេះ ក៏ត្រូវបានរាប់បញ្ចូលនូវកិច្ចសហប្រតិបត្តិការឆែកឆេរនាវា ការមុជទឹក កិច្ចការរុករកសង្គ្រោះ និងការសិក្សាផ្នែកច្បាប់សមុទ្រ ដើម្បីពង្រឹងនូវសមត្ថភាពការពារដែនសមុទ្រ។
នាវាដែលប្រើប្រាស់ក្នុងការធ្វើសមយុទ្ធ (រូបភាព៖ កាន់ វិច្ឆិកា)
មេបញ្ជាការកងនាវាជើងទឹកទី៧របស់សហរដ្ឋអាមេរិក លោក រ៉ប៊ឺត ថូម៉ាស (Robert Thomas) លើកឡើងថា សមយុទ្ធយោធានេះ នឹងនាំយកនូវសមត្ថភាពរបស់កងទ័ពជើងទឹកអាមេរិកនៃនាវាពិឃាតម៉ាស់ស្ទីនដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នាប្រកបដោយជោគជ័យ។
ចំណែកភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី ជូលី ជុង មានប្រសាសន៍ថា សមយុទ្ធការ៉ាត់នេះនឹងផ្តល់ដល់កងទ័ពកម្ពុជានូវបទពិសោធន៍ និងការសហការរួមគ្នាពីសន្តិសុខលំហរសមុទ្រ។ លោកស្រីថា សមយុទ្ធនេះមានការចូលរួមពីកងទ័ពជើងទឹករបស់កម្ពុជា និងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ដែលជាការបង្ហាញពីការលើកទឹកចិត្ត និងជាការប្តេជ្ញាចិត្តរបស់ពលរដ្ឋអាមេរិក។
លោកស្រី ជូលី ជុង បន្ថែមថា សមយុទ្ធយោធាការ៉ាត់នេះ នឹងផ្តល់ឲ្យសិក្ខាកាមដែលបានចូលរួមទាំងអស់យល់អំពីការប្រឈមផ្សេងៗ ដែលកើតមាននៅក្នុងលំហរសមុទ្រ ដោយមានការការពារដែនសមុទ្រ ការការពារតំបន់ធម្មជាតិ ការពារមិនអោយមានការនេសាទខុសច្បាប់ ដែលនឹងបង្ហាញអោយឃើញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក កាន់តែខ្លាំងឡើង។
សមយុទ្ធយោធា CARAT បានបង្កើតឡើងរយ:ពេល២០ឆ្នាំមកហើយក្នុងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិកជាមួយបណ្តាប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ដែលក្នុងនោះកម្ពុជាបានចូលរួមតាំងពីឆ្នាំ២០១០មក ដោយអនុវត្តធ្វើជារៀងរាល់ឆ្នាំក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ កិច្ចសហប្រតិបត្តិការទ្វេភាគី កសាងមិត្តភាព សមត្ថភាព ជំនាញអាជីព ពីកម្រិតទ្រង់ទ្រាយតូច និងឈានទៅរក ទម្រង់ទ្រង់ទ្រាយកាន់តែទូលំទូលាយ៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
…. 4 stars Khmer couldn’t speak English, not even a word!!! (lolz) Cause they finished Eastpoint Military Academy School in Hanoi…….