តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លីយ៉ុងផាត់

ដោយ អ៊ុង សេរីវុទ្ធ
2014-10-27
RFA

ផន ណុល ៦២០

តំណាង​ពលរដ្ឋ​លោក ផន ណុល ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៧ តុលា ២០១៤។ Photo: Adhoc

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង ​សម្រេច​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៤​នាក់​ទៀត ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ​អេស.អ៊ី.ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ថ្ងៃ​ទី​២៧ តុលា ទោះ​បី​ជា​តំណាង​អយ្យការ​ស្នើសុំ​ដាក់​ករណី​នេះ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

តំណាង​ពលរដ្ឋ​រូប​នោះ​មានឈ្មោះ ផន ណុល អាយុ ៤៨​ឆ្នាំ ភេទប្រុស ជា​ជន​ពិការ​ដៃ​ម្ខាង រស់​នៅ​ក្នុង​ភូមិ​យាយសែន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ត្រូវ​បាន​ចៅក្រម​លោក ខាំ សុផារី សម្រេច​ឃុំ​ខ្លួន តែ​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នេះ​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​តវ៉ា​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​មាន​អំណាច។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ពលរដ្ឋ​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ គ្រាន់​តែ​រក្សា​ទុក​សម្ភារៈ​សំណង់​របស់​ក្រុមហ៊ុន ដែល​សង់​របង​លើ​ដី​របស់​ពលរដ្ឋ​ដែល​បាន​លក់​ឲ្យ​ក្រុមហ៊ុន ដោយ​បាន​បិទ​ផ្លូវ​ទៅ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​កាល​ពី​ដើម​ឆ្នាំ​២០១៣ ហើយ​ពលរដ្ឋ​បាន​ចេញ​លិខិត​បញ្ជាក់​ថា នឹង​មិន​មាន​ការ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​នោះ​ទេ ល្គឹកណា​មាន​ការ​ព្រមព្រៀង​គ្នា​ជាមុន​សិន។

លោក នាង បូរ៉ាទីណូ បន្ត​ថា ​លោក​បាន​តស៊ូ​មតិ​នឹង​ចៅក្រម ប៉ុន្តែ​ត្រូវ​ចៅក្រម​ឆ្លើយ​តប​ថា​ការ​ឃុំ​ខ្លួន​នេះ ដោយសារ​កន្លង​ទៅ​ពេល​តុលាការ​កោះ​ហៅ​តំណាង​ពលរដ្ឋ​មក​សាកសួរ ក្រុម​ប្រជាពលរដ្ឋ​នោះ​តែង​តែ​ស្រែក​ច្រៀង​ឡូឡា​ក្រៅ​របង​តុលាការ និង​ចាំ​រក​យុត្តិធម៌​ជូន​លោក ផន ណុល នៅ​ពេល​ក្រោយ «វា​​មែន​ជា​រឿង​មួយ​ដែល​ត្រូវ​ដាក់​គាត់​ក្នុង​ពន្ធនាគារ អ៊ីចឹង​រូបភាព​បែប​នេះ ការ​ឃុំ​គាត់​នេះ ដូច​ជា​ដាក់​គំនាប បំបាក់​ស្មារតី​តំណាង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ក្នុង​រឿង​ដីធ្លី កុំ​ឲ្យ​គាត់​មាន​ការ​តវ៉ា​តទៅ​ទៀត»

វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក​ចៅក្រម ខាំ សុផារី នៅ​ថ្ងៃ​ទី២៧ តុលា​នេះ។

ក្រៅ​ពី​តំណាង​ពលរដ្ឋ​ដែល​ត្រូវ​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​រូប​នេះ ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង នឹង​បន្ត​កោះ​ហៅ​តំណាង​ពលរដ្ឋ​ម្នាក់​ម្ដងៗ ៣​រូប​ទៀត​មក​ឆ្លើយបំភ្លឺ​​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles