កម្ពុជា​និង​ថៃ​ឯកភាព​បី​ចំណុច​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ទេសចរណ៍

ដោយ វណ្ណ វិចារ
2014-10-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង ទី​២
ស្តាប់សំឡេង ថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង ទី​១
ស្តាប់សំឡេង ថតសំឡេង

ទំនិញ​ព្រំដែន​ខ្មែរ​ថៃ ប៉ោយប៉ែត ៦២០
រទេះ​ដឹក​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ភាគី​ថៃ មិន​ទាន់​អនុញ្ញាត​ឲ្យ​នាំ​ចូល កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤។ Provided Photo

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) មក​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។ ភាគី​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់​ចំនួន​៣ ដែល​ទាក់ទង​នឹង​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ចំណុច​ដែល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​នោះ​រួម​មាន អនុស្សរណៈ​ស្ដីពី​កិច្ច​ព្រមព្រៀង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ អនុស្សរណៈ​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​រវាង​កម្ពុជា និង​ថៃ អនុស្សរណៈ​ស្ដីពី​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា និង​ថៃ។

ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន សាងសង់​ស្ពាន​ឆ្លង​ផ្លូវ​ដែក​នៅ​ប៉ោយប៉ែត ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ចូល​ទឹក​ដី​ថៃ ខុស​ច្បាប់ រួម​ទាំង​បើក​ច្រក​ព្រំដែន​ចំនួន​៤​បន្ថែម​ទៀត។ ច្រក​ទាំង​បួន​នោះ​រួម​មាន ច្រក​អានសេះ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ជាប់​នឹង​ខេត្ត​អ៊ូប៊ុន ប្រទេស​ថៃ ច្រក​ភ្នំ​ដី​សំឡូត ខេត្ត​បាត់ដំបង ទល់​នឹង​ខេត្ត​ស្រះកែវ ច្រក​ថ្មដា ខេត្ត​ពោធិ៍សាត់ ជាប់​នឹង​ខេត្ត​ត្រាត ច្រក​ជប់គគីរ ខេត្ត​ឧត្តរមានជ័យ ឈម​នឹង​ខេត្ត​បុរ៉ីរ៉ាំ ប្រទេស​ថៃ។ ប៉ុន្តែ ភាគី​ទាំង​ពីរ​មិន​បាន​និយាយ​ទាល់​តែ​សោះ​ពី​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ លោក អ៊ាង សុផល្លែត បញ្ជាក់​ថា ភាគី​ថៃ ស្នើ​ឲ្យ​កម្ពុជា គិត​ពី​រឿង​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន ជា​ជាង​យក​បញ្ហា​ទំនាស់​ណា​មួយ​មក​គិត ដែល​នាំ​ឲ្យ​ខូច​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ៖ «មិន​ត្រូវ​ទុក​ឲ្យ​បញ្ហា​មួយ​ដែល​មិន​ត្រូវ​បាន​ដោះស្រាយ ឬ​បញ្ហា​មួយ​កើត​ឡើង​ក្លាយ​ជា​ឧបសគ្គ​លើ​គ្រប់​វិស័យ ដោយ​មិន​ទុក​ឲ្យ​បញ្ហា​មួយ​រីក​រាល​ដាល​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត។ អ្នក​កាសែត៖ ឯកឧត្តម​មាន​និយាយ​រឿង​ប្រាសាទ​ព្រះវិហារ ទេ​បាទ? បាទ អត់​និយាយ​ទេ»

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ជំហរ​រឹងមាំ​ទាល់​តែ​សោះ​ចំពោះ​បញ្ហា​ព្រំដែន។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដេញ​ដោល​បញ្ហា​អនុវត្ត​សាល​ដីកា​តុលាការ​អន្តរជាតិ​នេះ​នៅ​ក្នុង​រដ្ឋសភា៖ «ថ្មីៗ​កន្លង​ទៅ តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លើក​ពី​រឿង​ដាក់ដាំ ចឹង​នៅ​ថ្ងៃ​មុខ​ទៀត យើង​នឹង​លើក​យក​បញ្ហា​មក​ជជែក​គ្នា​ជា​បន្ត​ទៀត»

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ មក​កាន់​កម្ពុជា នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ថៃ ចង់​បាន​ប្រយោជន៍​ពី​កម្ពុជា លើ​បញ្ហា​មួយ​ចំនួន​រួម​មាន រំងាប់​ចិត្ត​មេ​ដឹក​នាំ​ខ្មែរ​កុំ​ឲ្យ​នៅ​ខឹង​សៀម ដែល​ធ្លាប់​ឈ្លាន​ពាន ស្នើ​ឲ្យ​កម្ពុជា ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​ថៃ បង្វែរ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​ជា​រឿង​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រម​ទាំង​ការពារ​កុំ​ឲ្យ​ក្រុម​អាវ​ក្រហម​មក​ពឹង​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ថៃ។ លោក​បញ្ជាក់​ថា កម្ពុជា ត្រូវ​តែ​លើក​យក​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ជជែក​គ្នា​ជាមួយ​ថៃ ជា​ដាច់​ខាត ដើម្បី​ប្រយោជន៍​ជាតិ៖ «យើង​ខំ​ត​តាំង​តាំង​ពី​អង្គការ​សហប្រជាជាតិ តាំង​ពី​អាស៊ាន ហើយ​ដំណោះស្រាយ​ដែល​នាំ​ឲ្យ​ថៃ ទល់​ផ្អក​នោះ មាន​តែ​សាលក្រម​តុលាការ​ក្រុង​ឡាអេ។ ក្នុង​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ថៃ មក​ទស្សនកិច្ច​នៅ​កម្ពុជា តែ​ថៃ ទើប​បាញ់​សម្លាប់​ខ្មែរ​រួច។ បើ​សិន​ជា​ខ្មែរ​មិន​លើក​យក​រឿង​ព្រះវិហារ​ចរចា​ទេ​នោះ ខ្មែរ​ចាញ់​ប្រៀប​ថៃ ទាំង​ស្រុង»

ក្នុង​ពេល​ដែល លោក ប្រាយុទ្ធ ចាន់អូចា កំពុង​ពិភាក្សា​គ្នា​ជាមួយ លោក ហ៊ុន សែន ភរិយា​របស់ លោក ប្រាយុទ្ធ បាន​ទៅ​ទស្សនា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាមួយ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា លោក ប្រាយុទ្ធ ចាន់អូចា និង​ភរិយា នឹង​ចូល​គាល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហមុនី និង​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ ហើយ​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​នៅ​រសៀល​ថ្ងៃ​ដដែល៕

សូម​ស្ដាប់​លោក វណ្ណ វិចារ រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles