ដោយ៖ ណាត សុភាព
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋមានបញ្ហាដីធ្លី ដែលស្នាក់នៅក្នុងវត្តថ្មី ក្នុងសង្កាត់ជ្រោយចង្វារ (រូបថត៖ ណាត សុភាព)
«ថ្ងៃ៨បារាំង ខែ៩(កញ្ញា)ហ្នឹងមក អុី(មីង)អត់ដែលទៅណាទេ អុីដាច់ខាតជាមួយប្រជាជននៅរង់ចាំរហូត ចាំមើលសម្តេចហ៊ុន សែន និងលោកប្រធានសម រង្ស៊ី កឹម សុខា សភាគាត់ជួយទាំងអស់ ហើយឥឡូវខ្ញុំនៅចាំរហូតអូនអត់ទៅណាដាច់ខាត។ អស់ដីមានស្អីទៀត បើម្តាយមិនខំប្រឹង កូនក៏យ៉ាប់ទៅទៀត។ បងលំបាក់ខ្លាំងណាស់ សូម្បីតែផ្ទះក៏គ្មាននៅដែរ បងនៅដោយខ្ទមតូច…»។
គិតត្រឹមខែតុលានេះ មានរយៈពេលជិត៣ខែហើយ ដែលអ្នកមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតាមបណ្តាខេត្តនានា បាននាំគ្នាសម្រុកមកស្នាក់នៅរាជធានីភ្នំពេញ ដើម្បីយកញត្តិដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងស្ថាប័នពាន់ព័ន្ធផ្សេងទៀតឲ្យពន្លឿនដោះស្រាយ។
អាយុ៥៧ឆ្នាំ លោក កែន អូន ដែលអង្គុយនៅក្នុងសាលាឆាន់ វត្តចាស់ និងជាតំណាងអ្នកមានជម្លោះដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ឲ្យដឹងថាពួកគេជាង១០០នាក់ មកស្នាក់នៅវត្តក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសារមេឃុំបឹងប្រាំ ទន្ទ្រានយកដីស្រែពួកគេជាច្រើនហិកតាលក់ទៅឲ្យប្រជាពលរដ្ឋផ្សេងទៀត។ បុរសពិការជើងរូបនេះបន្តថា អំឡុងពេលស្នាក់នៅវត្តចាស់ជិត២ខែនេះ ពួកគេបានដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងស្ថានទូតនានាជាច្រើន ឲ្យជួយជំរុញទៅស្ថាប័នពាក់ព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដី ឲ្យពួកគេបានបង្កបង្កើតផលនៅកន្លែងដើមវិញ។ លោកថា «ខំតស៊ូទាំងអស់គ្នា ធ្វើម៉េចឲ្យបានដីមកបង្កបង្កើនផលវិញ មានប័ណ្ណកម្មសិទ្ធិ ដូចប្រជាពលរដ្ឋដែលអ្នកដែលមានប័ណ្ណ»។
អត្ថបទវិភាគផ្សេងទៀត
អ្នកមានជម្លោះដីធ្លីមកពីខេត្តបាត់ដំបង ប្រមាណ១០០នាក់កំពុងស្នាក់នៅវត្តចាស់ ជិត២ខែហើយឲ្យដឹងថា ពួកគេមានជម្លោះជាមួយអាជ្ញាធរឃុំ និងអ្នកមានអំណាចជិត១០ឆ្នាំ លើផ្ទៃដីសរុបជាង១ពាន់ហិកតា ក្នុងនោះអ្នករងគ្រោះប្រមាណ៣០០គ្រួសារ។
រីឯតំណាងពលរដ្ឋមកពីស្រុកវាលវែង ខេត្តពោធិ៍សាត់ អ្នកស្រី ប្រាក់ សុផល លើកឡើងដូចគ្នាដែរថា ពួកគេនិងអ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះសីហនុ ក៏កំពុងស្នាក់នៅវត្តចាស់ ដើម្បីរង់ចាំដំណោះស្រាយពីស្ថាប័នរដ្ឋដែរ។ តែអ្នកស្រីថា បើស្ថាប័នទាំងនោះមិនពន្លឿនដោះស្រាយឲ្យពួកគេទេ នោះពួកគេទាំងអស់គ្នាមិនត្រឡប់ទៅខេត្តវិញនោះទេ។ អ្នកស្រីថ្លែងថា «មានតែការទទូចចូលទៅ ដូចជារដ្ឋសភា ចូលទៅសម្តេច ដើម្បីឲ្យលោកជួយ តែបើលោកនៅតែដំណោះស្រាយមិនចេញ យើងក៏នៅប្តឹងឆ្លងកាត់បន្តទៀត ទាល់មានដំណោះស្រាយតាមប្រការណាមួយ ជាលក្ខណៈសមស្រប»។
ជម្លោះដីធ្លីក្នុងស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយក្រុមហ៊ុនចិន SPS ក្រុមហ៊ុនទ្រី ភាព និងអាជ្ញាធរមូលដ្ឋាន បានកើតមានរយៈពេលជិត២ឆ្នាំ លើផ្ទៃដីសរុបជាង១ពាន់ហិកតា ប៉ះពាល់ប្រជាជន២៩២គ្រួសារ។ បច្ចុប្បន្នពួកគេជិត៤០នាក់កំពុងស្នាក់នៅវត្តចាស់។ ចំណែកអ្នកមានជម្លោះដីធ្លីនៅខេត្តព្រះសីហនុឯណោះវិញ ពលរដ្ឋថា ពួកគេមានជម្លោះជាមួយអ្នកមានអំណាច លោក សុខ ងួន ដែលជាទីប្រឹក្សាលោក ទៀ បាញ់ លោក គឹម ចាន់នី ផ្កាយពីរនៅក្រសួងមហាផ្ទៃ និងមេឃុំលោក ប៉ុន សារឿន មានរយៈពេល៦ឆ្នាំ លើផ្ទៃដីសរុបជាង៣០ហិកតា ក្នុងនោះអ្នករងគ្រោះ១៦គ្រួសារ បច្ចុប្បន្នស្នាក់នៅវត្តចាស់។
ចំណែកឯស្ត្រីមេម៉ាយ ប៊ិន អូន ដែលមានកូន៤នាក់ក្នុងបន្ទុក និងជាតំណាងអ្នកមានជម្លោះដីធ្លី នៅខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន KDC របស់អ្នកស្រីជា ខេង ភរិយា លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលកំពុងស្នាក់នៅផ្ទះប្រជាសហគមន៍បឹងកក់ រាជធានីភ្នំពេញ បានរៀបរាប់ពីទុក្ខលំបាក់រយៈពេលជិត១០ឆ្នាំ ធ្វើឲ្យពួកគេបែកបាក់គ្រួសារ ជីវភាពក្រីក្រ និងការសិក្សារបស់កូនៗមិនបានគ្រប់គ្រាន់ជាដើម។ អ្នកស្រីថា «នាងខ្ញុំផ្ទាល់ជាមេម៉ាយ យើងដល់អ៊ីចឹងកូន៤នាក់អត់មានអ្នកណាគ្រប់គ្រង គឺផ្ញើទៅម្តាយ កូនតូច ខ្ញុំពិបាកខ្លាំង រកអ្វីប្រៀបអត់ឃើញ។ ការសិក្សាកូនដូចម្តាយមកផុតអ៊ីចឹង ខ្វះខាត ដូចការសិក្សាក៏មិនដិតដល់ ដូចឪពុកម្តាយនៅជុំគ្នា មានភាពកក់ក្តៅ»។
ជម្លោះដីធ្លីនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាមួយក្រុមហ៊ុន KDC នេះពលរដ្ឋឲ្យដឹងថា បានកើតឡើងជិត១០ឆ្នាំ លើផ្ទៃដីសរុប១៨២ហិកតា ប៉ះពាល់ពលរដ្ឋ៩០គ្រួសារ បច្ចុប្បន្ននេះ ពួកគេ៦០គ្រួសារកំពុងស្នាក់នៅផ្ទះប្រជាសហគមន៍បឹងកក់ រាជធានីភ្នំពេញ ជិត៣ខែដើម្បីរង់ចាំដំណោះស្រាយ។
ដោយឡែកតំណាងអ្នកមានជម្លោះដីធ្លីមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី អ្នកស្រី ផាន់ ធឿន ក៏រៀបរាប់ពីទុក្ខលំបាកដូចគ្នានេះដែរ។ អ្នកស្រីថា ពួកគាត់ស្នាក់នៅវត្តសាមគ្គីរង្ស៊ី មានសុវត្ថិភាពជាងទៅខេត្ត ព្រោះកន្លងមកអាជ្ញាធរតែងតែគំរាមអ្នកតវ៉ាគ្រប់រូបភាព។ អ្នកស្រីប្រសាសន៍ថា «វាល្អជាងនៅក្នុងស្រុក យើងចេះតែមានការព្រួយបារម្ភហើយ វាពិបាកក្នុងការដេកពួន ប៉ុន្តែនៅក្នុងវត្តបើនិយាយរួមទៅ បើបរិវេណក្នុងវត្តនេះ គឺពួកខ្ញុំមានសុវត្ថិភាពពេញ២៤ម៉ោង។ ចេញខាងក្រៅក៏វាដូចជាអត់អី ប៉ុន្តែពីមុនកន្លងមក ចាប់ពីថ្ងៃនេះទៅមុខយើងមិនទាន់ដឹងថាយ៉ាងម៉េច ប៉ុន្តែគ្រាន់ដឹងថាវាមានបញ្ហា រៀងមិនស្រួលយើងត្រូវប្រយ័ត្នខ្លួន»។
ជម្លោះដីធ្លីនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកភូមិឲ្យដឹងថា ពួកគេមានជម្លោះរយៈពេល៣ឆ្នាំ ជាមួយអ្នកមានអំណាច លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ លោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងអភិបាលខេត្តលោក អ៊ុំ ម៉ារ៉ា ជាដើម។ ផ្ទៃដីជម្លោះសរុប៥៧០ហិកតា ក្នុងនោះប៉ះពាល់ពលរដ្ឋ២៥៣គ្រួសារ។ បច្ចុប្បន្ននេះពួកគេប្រមាណជាង១០០នាក់ ស្នាក់នៅវត្តសាមគ្គីរង្ស៊ីដើម្បីរង់ចាំដំណោះស្រាយ។
អ្នកមានជម្លោះដីធ្លីទាំងនោះ អះអាងថា ការដែលពួកគេសម្រុកមករាជធានីភ្នំពេញ ដោយសារកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់ខ្លួនថា អសមត្ថភាពក្នុងការដោះស្រាយជម្លោះដីធ្លី និងប្រកាសថា លោកមិនដែលបានទទួលពាក្យបណ្តឹងពីអ្នកភូមិ ដែលរងគ្រោះនោះទេ។ លោកមានប្រសាសន៍ថា «កុំស្ទក់ពេក ស្ទក់រហូតដល់ចាំតែថា ប្រជាពលរដ្ឋមកគិតតែនាំគ្នាទប់ យកប៉ូលិសទៅខ្ទប់ បង្វែរផ្លូវ រួចទទួលយកញត្តិ រួចហើយញត្តិហ្នឹងមិនដឹងថាទៅដល់កន្លែងណាទេ។ ញត្តិហ្នឹងសូមជម្រាបទៅប្រជាពលរដ្ឋ ញត្តិហ្នឹងអត់បានមកដល់ខ្ញុំទេ អត់បានមកដល់ខ្ញុំទេអាញត្តិហ្នឹងនោះ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត យល់ថា អ្នកមានជម្លោះដីធ្លីឡើងមករាជធានីភ្នំពេញ ដោយសារពួកគេអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន។ លោកថា រដ្ឋាភិបាលត្រូវពិចារណាឡើងវិញលើបញ្ហានេះ បើពុំដូច្នេះទេ បដិវត្តន៍ដីធ្លីអាចនឹងកើតមាននៅថ្ងៃខាងមុខ។ លោកបញ្ញាក់ថា «បើដំណោះស្រាយបញ្ហាដីធ្លី ចេះតែមិនត្រូវបានដោះស្រាយ បញ្ហាកើតឡើងថ្មីទៀតសម្រាប់បញ្ហាដីធ្លីកាន់តែច្រើនទៅៗ នោះខ្ញុំគិតថា ភាពវឹកវរ ឬក៏អាចឈានដល់មានបដិវត្តន៍ដីធ្លីមួយ ដែលកើតឡើង ធ្វើឲ្យរដ្ឋាភិបាលកាន់តែពិបាកក្នុងការដោះស្រាយ»។
សូមជម្រាបថា អ្នកមានជម្លោះដីធ្លីមកស្នាក់នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ មានចំនួន៣ខេត្តគឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តព្រះសីហនុ។ ចំណែកអ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី និងអ្នកមានជម្លោះដីធ្លីមកពីខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះប្រជាសហគមន៍បឹងកក់ ស្ថិតនៅរាជធានីភ្នំពេញ។ ជាសរុបអ្នកមានជម្លោះដីធ្លីដែលឡើងមកស្នាក់នៅរាជធានីភ្នំពេញមានប្រមាណជិត១០០០នាក់ហើយ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com