ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី30 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
តំណាងជនជាតិដើមភាគតិច មកពីខេត្តមណ្ឌលគិរី ក្នុងសន្និសីទសារព័ត៌មាននៅសមាគមអាដហុក (រូបថត៖ ញឹម សុខន)
ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ជំរុញឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវៀតណាម ដែលពួកគេចោទថា កំពុងធ្វើសកម្មភាពរំលោភយកដីព្រៃសហគមន៍ បំពានលើទំនៀមទម្លាប់ប្រពៃណីដូនតា និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។
ក្នុងសន្និសីទសារព័ត៌មាននៅសមាគមអាដហុក ក្នុងរាជធានីភ្នំពេញនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នេះលោក ប្លឹក ម៉ាល់ មកពីភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ អះអាងថា ចាប់តាំងពីឆ្នាំ២០១១មក ក្រុមហ៊ុនវៀតណាម ឈ្មោះ VILLA DEVELOPMENT Co.Ltd បានធ្វើសកម្មភាពដាក់គ្រឿងចក្រចូលឈូសឆាយ កាប់បំផ្លាញព្រៃស្រោង ព្រៃអារក្ស ព្រៃតំណម ព្រៃបញ្ចុះសព និងចម្ការវិលជុំ របស់ជនជាតិជាដើម។ តំណាងជនជាតិដើមភាគតិចព្នង អាយុ៧៤ឆ្នាំរូបនោះឲ្យដឹងទៀតថា ពិសេសដើមជ័រច្បោះគ្រប់ប្រភេទរបស់ពលរដ្ឋ ដែលធ្លាប់អាស្រ័យផលប្រចាំថ្ងៃ ត្រូវក្រុមហ៊ុនកាប់បំផ្លាញអស់ប្រមាណ២លានដើម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃជនជាតិ២៧៣គ្រួសារ។ លោកថា «ឥឡូវហ្នឹង ព្រៃ ដើមឈើក៏អស់ ដីក៏អស់ អ៊ីចឹងឲ្យពួកខ្ញុំព្នងទៅនៅឯណា ព្រោះព្នងវាមានដីបានវារស់ មានឈើបានវារស់ បើអស់ដីបានវាងាប់។ អ៊ីចឹងទេអាកាសធាតុក៏ប្រែប្រួលដែរឥឡូវ អត់ដូចពីដើមទេ»។
បើតាមអ្នកភូមិ បញ្ហានេះពួគគេក៏ដាក់ញត្តិទៅទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទការល័យនាយករដ្ឋមន្ត្រី និងដាក់ពាក្យបណ្តឹងទៅតុលាការផងដែរ។
សកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី ខ្វើង ទុំ ឲ្យដឹងដែរថា តាមរយៈសកម្មភាពក្រុមហ៊ុនវៀតណាមនេះ ធ្វើឲ្យពួកគេមានជីវភាពដុនដាប ទទួលរងការគាំរាមកំហែង ព្រមទាំងប្រើហិង្សា បង្ករបួសស្នាម គំរាមសម្លាប់ជាបន្តបន្ទាប់ ពេលចេញរកអនុផលព្រៃឈើ តាមបែបប្រពៃណីដូនតា។
ស្ត្រីរូបនោះស្នើរដ្ឋាភិបាល ដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវៀតណាមដែលកាប់បំផ្លាញព្រៃឈើ និងផ្តល់សំណងដល់ជនជាតិដើមភាគតិច២៧៣គ្រួសារ ដែលមានសមាជិកជាង៨០០នាក់។ អ្នកស្រីបញ្ជាក់ថា «តាំងពីព្រៃខ្មោច អារក្ខ អ្នកតា ឈូសខ្ទេចខ្ទីខ្ទេចខ្ទំ ហើយអត់មានគោរពសិទ្ធិពួកខ្ញុំជាជនជាតិដើមភាគតិចទេ ហើយប្រសិនយើងល្បាតម្តងៗ ពួកហ្នឹងសុទ្ធតែគំរាមទៀត ចង់បាញ់យើង អត់ឲ្យយើងដួសជ័រព្រៃយើង យើងពួកខ្ញុំមិនសុខចិត្តទេ ព្រៃពួកខ្ញុំនៅហ្នឹង បើក្រុមហ៊ុនចុះមកកាន់ក្បាលពួកខ្ញុំម៉េចកើត ព្រោះព្រៃចាស់ពួកខ្ញុំ ហើយកន្លែងដើមពួកខ្ញុំតាំងពីកំណើត»។
VOD មិនអាចរកការឆ្លើយតបពីភាគីក្រុមហ៊ុនវៀតណាមបាននៅឡើយទេ។ ប៉ុន្តែមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ដែលចេញមកទទួលញត្តិអ្នកភូមិ អះអាងថា នឹងយកសំណើនោះទៅប្រគល់ជូនថ្នាក់ដឹកនាំ មុនប្រកាសពីកិច្ចអន្តរាគមន៍។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន់ សារាយ យល់ឃើញថា ការដែលប្រជាសហគមន៍ជ្រើសរើសយកប្រព័ន្ធតុលាការ ធ្វើជាយន្តការការពារផលប្រយោជន៍ពួកគេ និងប្រយោជន៍សាធារណៈ អាចធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលពិចារណាដោះស្រាយ ព្រោះជាការប្រកួតប្រជែងផ្នែកនយោបាយ នៅពេលបោះឆ្នោតខាងមុខ។ លោកមានប្រសាសន៍ថា «ព្រោះធម្មតាកិច្ចសន្យា តែមានការរំលោភបំពានទៅលើអនុក្រឹតទៅលើច្បាប់ហើយ គឺត្រូវតែឈានដល់មោឃភាពហើយ។ អ៊ីចឹងហើយបានជា ជនជាតិដើមភាគតិចរបស់យើង លោកដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឲ្យមានការសម្រេចក្នុងការលុបចោលនូវកិច្ចសន្យាស្តីពីសម្បទានសេដ្ឋកិច្ចទាំងអស់នោះ ដែលកំពុងតែអនុវត្តរំលោភលើស្មារតីនៃអនុក្រឹតស្តីពីសម្បទានសេដ្ឋកិច្ចនេះ»។
តាមញត្តិរបស់អ្នកភូមិឲ្យដឹងថា ចាប់ពីឆ្នាំ២០១២មក ពួកគេបានប្តឹងក្រុមហ៊ុនវៀតណាម ឈ្មោះ VILLA DEVELOPMENT Co.Ltd មួយនេះ យ៉ាងតិចចំនួន៨លើករួចមកហើយ ទៅស្ថាប័នពាក់ព័ន្ធ ក្នុងនោះ៦បណ្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរី មួយបណ្តឹងទៅសាលាឧទ្ធរណ៍ និងមួយបណ្តឹងទៀតមកសមាគមការពារសិទ្ធិមនុស្សអាដុក៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com