អ្នក​មានជម្លោះដីធ្លី​ឡើងលើ​​របង​សភា​ទាមទារ​ឲ្យ​តំណាង​រាស្ត្រ​ចេញ​មក​ទទួល​ញត្តិ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលរដ្ឋ​អ្នក​មាន​ជម្លោះដីធ្លី ឈរលើរបងរដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​តំណាង​រាស្ត្រ​ចេញ​មក​ទទួល​ញត្តិ​ពី​ខ្លួន (រូបថត៖ ញឹម សុខន)

​អ្នក​មាន​ជម្លោះ​ដីធ្លី​ឡើងរ​បង​រដ្ឋសភា ស្រែក​បំពង​សំឡេង ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ពន្លឿ​នរក​ដំណោះស្រាយ​ទប់ស្កាត់​ការបណ្តេញចេញ ខណៈ​អ្នក​តវ៉ា​ទាំងនោះ ឈរ​ហាលភ្លៀង​ច្រើន​ម៉ោង គ្មាន​អ្នក​ចេញ​មក​ទទួល​ពាក្យបណ្តឹង​។​

​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​ទាំង​នោះ មកពី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ​។ ពួក​គេ​អះអាង​ប្រហាក់​ប្រហែក​គ្នា​ថា មូលហេតុ​ដែល​ពួកគេ​សម្រុក​ដាក់​ញត្តិ​ជូន​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៤​នេះ ដោយសារ​អាជ្ញាធ​រ​មូលដ្ឋាន​គ្មាន​លទ្ធភាព រក​យុត្តិធម៌​ឲ្យ​អ្នកភូមិ​ដែល​បណ្តាលឲ្យ​ពួកគេ​រងគ្រោះ​ច្រើន​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ «​គាត់​មក​រឹបអូស​យក​ចម្ការ​ពួក​ខ្ញុំ ដោយសារ​គាត់​មាន​អាជ្ញាប័ណ្ណ​កាន់​ថា គាត់​មក​អភិវឌ្ឍន៍ ប៉ុន្តែ​ទន្ទឹមនឹងនោះ​គាត់​មក​កាប់​តែ​ព្រៃឈើ និង​ធ្វើបាប​ប្រជាពលរដ្ឋ ចាប់​ដាក់​ខ្នះ​ផង ពេលដែល​យើង​ចូល​ទៅ​ដាំ​[​ដំណាំ​]​បន្ត គាត់​មិន​ឲ្យដាំ​ទេ គាត់​យាម​»​។​

ប៉ុន្តែ​ការតវ៉ា​នោះ​ត្រូវបាន​តំណាង​មួយចំនួន​ឡើង​លើ​របង​រដ្ឋសភា នៅពេល​ដែល​ក្រុមអ្នកតវ៉ា​ស្រែក​ព្រមៗ​គ្នា​ច្រើន​ម៉ោង គ្មាន​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​ក្នុង​សភា ចេញ​មក​ទទួល​ញត្តិ «​ពួកយើង​ទាំងអស់គ្នា​គឺជា​ជនរងគ្រោះ ដែល​បាន​មក​ទាមទារ​នៅ​មុខ​រដ្ឋសភា ពួកលោក​ទាំងអស់គ្នា​គួរតែ​ចេញមក​ដោះស្រាយ​ឲ្យ​ប្រជាជន ពួក​អស់លោក​មិនគួរ​សម្ងំស្ងៀម​នោះទេ បើ​ពួកលោក​មិន​ចេញ​មក​នោះទេ ប្រជាជន​នឹង​គិតថា អយុត្តិធម៌​ណាស់​…»​។​

ក្រោយ​ពី​អ្នក​តវ៉ា​ឡើង​តាម​របង​រដ្ឋសភា តំណាងរាស្ត្រ​៣​រូប​មាន​លោកស្រី ឡោក ខេង មក​ពី​បក្ស​កាន់អំណាច លោក ជា ប៉ូច និង​លោក ចាន់ ចេង តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចេញមកក្រៅ ជួប​ក្រុមអ្នតវ៉ា​។​

លោកស្រី ឡោក ខេង អះអាងថា ការយឺតយ៉ាវ​ចេញ​ជួប​ពលរដ្ឋ ដោយសារ​គណៈកម្មការ​នេះ​ជាប់រវល់​។​លោកស្រី​បាន​សន្យា​ពន្លឿន​ករណី​ជម្លោះ​របស់​អ្នក​ភូមិ ដោយ​ប្រកាស​ជំហ​រថា ការឈឺចាប់​របស់​ពល​រដ្ឋ ជា​ការឈឺចាប់​របស់​អ្នកតំណាងរាស្ត្រ​។ ប៉ុន្តែ​មិន​បញ្ជាក់​ពី​ពេលវេលា​នៃ​កិច្ច​អន្តរាគមន៍​ទេ​។ លោកស្រី​ថ្លែងថា «​យើង​មិន​ចង់ឲ្យ​បងប្អូន​យើង​មួយ​ណា មាន​ភាព​លំបាក​ទេ អ៊ីចឹង​បាន​យើង​ខំ​ដោះ ឥឡូវនេះ​គឺ​សុំ​ទុក​ឱកាស​សំណុំរឿង​ច្រើនជាង​១០០​ករណី ដែល​យើង​កំពុង​អង្គុយ​បំបែកសំណុំរឿង​ណា ពាក់ព័ន្ធ​នៅ​ខេត្ត​ណាៗ​»​។​

​យ៉ាងនេះក្តី អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ មកពី​ខេត្ត​ពោធិ៍សាត់​ជំរុញ​ភ្លាមៗ​ថា ការអូសបន្លាយ​កិច្ច​អន្តរាគមន៍ ជាការ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​បន្ត​រំលោភ​យក​ដី​អ្នកភូមិ​កាន់តែច្រើន «​ពេលនេះ​លោក​ជំទាវ​អើយ សូម​អនុញ្ញាត​ទៅខាង​ថ្ម​ដា ព្រោះ​ម្សិលមិញ​ឈូស​ក៏​ឈូស ចាប់​ដាក់​ខ្នះ​ក៏ចាប់ ដោយសារ​ដី​ខ្លួនឯង គេ​ដុត​ក៏​ដុត​»​។​

ជាកា​កត់សម្គាល់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា ប៉ូច និង​លោក ចាន់ ចេង មិន​បាន​កាន់​ក្បាល​មេក្រូ និយាយ​ជាមួយ​ក្រុមអ្នកតវ៉ា​ជាង​១០០​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​មុខ​រដ្ឋសភា​នោះ​ទេ ក្រៅពី​បង្ហាញ​ស្នាមញញឹម តាម​កា​លើកឡើង​របស់​លោកស្រី ឡោក ខេង មកពី​គណបក្ស​ប្រជាជន​។​

​លោកស្រី ឡោក ខេង ប្រាប់​អ្នក​រងគ្រោះ​រឿង​ដីធ្លី​ថា នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ក្រុមការងារ​នឹង​ហៅ​តំណាង​អង្គការ​សិទ្ធិ​លំនៅដ្ឋាន ចូល​បង្ហាញ​ពី​ប្រភព​ជម្លោះ​ដែល​នាំ​ឲ្យ​ដោះស្រាយ​មិន​ចេញ ដើម្បី​ស៊ើបអង្កេត​បន្ថែម​មុនពេល​ចេញ​អន្តរាគមន៍​។​

យ៉ាងណា​ក៏​ដោយ​សង្គម​ស៊ីវិល​ធ្លាប់​ព្រមាន​ថា បដិវត្តន៍​ដីធ្លី​អាច​នឹង​កើតឡើង​នៅពេល​ខាងមុខ​បើ​រដ្ឋាភិបាល មិន​អាច​ដោះស្រាយបាន​ទាន់ពេល​៕​

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles