ដោយ៖ ទូច សុខា
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ (រូបភាព៖ ទូច សុខា)
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក រ៉ុង ឈុន ហៅការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដាក់រូបលោកស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមឃាត់រូបលោកមិនឲ្យចូលរួមសកម្មភាពតវ៉ានានា គឺជាការឃុំខ្លួនលោកដោយគុកឥតជញ្ជាំង។
បន្ទាប់ចេញពីការចូលខ្លួនបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលជិត២ម៉ោងនៅព្រឹកថ្ងៃសុក្រនេះ លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខតុលាការថា នៅរសៀលថ្ងៃនេះ ចៅក្រមនឹងចេញដីកាកម្រិតសេរីភាពរូបលោកមិនឲ្យចូលរួមក្នុងសកម្មភាពតវ៉ាផ្សេងៗ ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា «វាជារឿងដែលដកសិទ្ធិសេរីភាពរបស់ខ្ញុំអស់ហើយ អញ្ចឹងក្នុងនាមខ្ញុំជាមេសមាគម មេសហជីព បើដកសិទ្ធិយើងបែបហ្នឹងសួរថាតើឲ្យយើងទៅការពារសមាជិកយើងបានឬមិនបាន? អញ្ចឹងវាស្មើនឹងដាក់គុកដែរ ប៉ុន្តែគុកអត់ជញ្ជាំង…យើងមិនរាថយទៅនឹងដីការ ឬសាលក្រមដែលដាក់កំហិតខ្ញុំ យើងនៅតែបន្តបេសកកម្មយើងបន្តទៅទៀត»។
លោក រ៉ុង ឈុន ក៏ចាត់ទុកការកោះហៅរូបលោកមកសាកសួរនៅពេលនេះ ក៏ជាផ្នែកមួយនៃការគម្រាមកំហែង និងរារាំងក្នុងដំណើរចរចាការទាមទារប្រាក់ដំឡើងប្រាក់ខែកម្មករផងដែរ ។
នៅរសៀលថ្ងៃនេះ ប្រធានសហជីពមួយរូបទៀត គឺលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជានឹងត្រូវខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ការកោះហៅប្រធានសហជីពទាំងពីរឲ្យចូលមកបំភ្លឺនៅថ្ងៃនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ Sokha@vodhotnews.com
Pls go ahead, all khmer worker support your action