ចន ច័ន្ទលក្ខិណា ចង់​ហោះ​ឲ្យ​ផុត​ពី​ការ​ឈឺចាប់​នៅ​កម្ពុជា

តារាសម្តែង​ជើងចាស់​នាង ចន ច័ន្ទលក្ខិណា​។

តារាសម្តែង​ជើងចាស់​នាង ចន ច័ន្ទលក្ខិណា​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ដោយសារ​តែ​ការ​ស្រឡាញ់​វប្បធម៌​សិល្បៈ​ខ្លួន និង​មិន​ចង់​ឲ្យ​ភាពយន្ត​បរទេស ពិសេស​ភាពយន្ត​ថៃ​ត្រឡប់​មក​គ្របដណ្តប់​លើ ឬ​ក៏​សម្លាប់​ភាពយន្ត​ខ្មែរ​ដែល​កំពុង​រើប​រស់​ឡើង​វិញ​នោះ តារាសម្តែង​ជើងចាស់​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ខំ​ស្ទុះស្ទា​ងើប​កេណ្ឌ​គ្នា​ជា​អ្នក​សិល្បៈ​តវ៉ា​ប្រឆាំង ប៉ុន្តែ​យ៉ាង​ណា​ការ​ខិតខំ​នោះ​បែរ​ជា​ទទួល​ការ​រិះគន់​ពី​មនុស្សអគតិ​មួយ​ចំនួន​ទៅវិញ។

ការ​រិះគន់ និង​វាយប្រហារ​ទាំង​ទទឹងទិស​របស់​មនុស្ស​មួយ​ចំនួន​នោះ​ហើយ បាន​ធ្វើឲ្យ​អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់​ដូចជា​ឈឺចាប់​រក​ពាក្យ​អ្វី​និយាយ​គ្មាន ខណៈ​ការ​ខិតខំ​របស់​នាង​គឺ​ដើម្បី​តែ​ប្រយោជន៍​រួម​ប៉ុណ្ណោះ។ ឆ្លើយតប​នឹង​ការ​ឈឺចាប់​ចាក់ដោត​ក្នុង​បេះដូង​នេះ​ហើយ ដែល​ធ្វើឲ្យ​អ្នកនាង​ចន ច័ន្ទ និយាយ​នូវ​ពាក្យ​មួយ​នៅលើ​ទំព័រ​សង្គម​ថា បើ​អាច នាង​នឹង​ចាកចេញ​ពី​កម្ពុជា ដោយសារ​តែ​ការ​ឈឺចាប់​នេះ។

ក្រោយ​ការ​ក្រោក​ឈរ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​បរទេស ពិសេស​រឿង​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ​ដែល​ដឹកនាំ​ដោយ​អ្នកនាង ចន ច័ន្ទលក្ខិណា នោះ នាង​បាន​ទទួល​រង​ការ​រិះគន់​ជា​បន្តបន្ទាប់។ លុះ​ក្រោយ​ការ​បើក​វេទិកា​បញ្ចេញ​មតិ​ដ៏ធំ​នៅ​ក្រសួង​ព័ត៌មាន​មក នាង​ក៏​កាន់តែ​ទទួល​រង​ការ​រិះគន់​បន្ត ដោយសារ​តែ​អ្នក​រិះគន់​នោះ​មិន​សូវ​មាន​សន្តាន​ចិត្ត​ជាតិនិយម​ក្នុង​ខ្លួន និង​មិន​ដឹង​ស៊ី​ជម្រៅ​អំពី​រឿង​នេះ។

អ្នក​រិះគន់​ទាំងនោះ បែរ​ជា​ចោទ​អ្នកនាង ចន ច័ន្ទលក្ខិណា ថា ការ​ធ្វើ​នោះ​គឺ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​មើល​ទៅ​ដូច​ជាតិនិយម តែ​តាម​ពិត​ឆ្កួត​និយម​សោះ។

ភ្លាម​នោះ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ខំប្រឹង​ដើម្បី​សិល្បៈ​ជាតិ​បាន​សម្តែង​នូវ​ការ​ឈឺចាប់​ស្ទើរ​ក្អួត​ឈាម ហើយ​នាង​សឹងតែ​លែង​ចង់​រស់​នៅ​កម្ពុជា​បន្ត​ទៀត ដោយសារ​តែ​កម្ពុជា​សម្បូរ​មនុស្ស​ប្រភេទ​អគតិ​បែប​នោះ​។

ការ​ឈឺចាប់​បាន​ជំរុញ​ឲ្យ​នាង​សរសេរ​នៅលើ​ទំព័រ​សង្គម​ហ្វេសប៊ុក​នាង​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែសម្រួល​នៅពេល​នេះ​ថា៖​«​ប្រសិន​បើ​ជា​អាច ខ្ញុំ​នឹង​ទៅ​ឲ្យ​ឆ្ងាយ​ពី​កម្ពុជា ពីព្រោះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់ វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ​នៅពេល​នេះ»។

ទោះបី​ជា​យ៉ាង​ណា​ទាំង​មន្ត្រី​រាជការ ឧកញ៉ា បណ្ឌិត បញ្ញវន្ត រហូត​ដល់​សិស្សនិស្សិត នៅ​គាំទ្រ​ពេញទំហឹង​ចំពោះ​ទង្វើ​របស់ ចន ច័ន្ទលក្ខិណា ហើយ​ពួកគេ​បាន​ស្នើសុំ​ឲ្យ​តារា​រូប​នេះ​នៅតែ​បន្ត​ជំរុញ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​សិល្បៈ​ជាតិ​។

មតិ​មហាជន​ភាគច្រើន​បាន​លើក​ឡើង​ថា ការ​រិះគន់​ទាំងឡាយ​គួរ​តែ​ធ្លាក់​ទៅលើ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​កន្លងមក​ហាក់​ដូចជា​មិន​បាន​ធ្វើ​ការងារ​អ្វី​ជា​ដុំកំភួន​ដើម្បី​សិល្បៈ​ខ្មែរ​នោះ​ទេ។ ក្រសួង​វប្បធម៌​បាន​ត្រឹមតែ​និយាយ​ថា ទីផ្សារ​សេរី​មិន​អាច​ហាមឃាត់​នោះ​៕


What Next?

Recent Articles

5 Responses to "ចន ច័ន្ទលក្ខិណា ចង់​ហោះ​ឲ្យ​ផុត​ពី​ការ​ឈឺចាប់​នៅ​កម្ពុជា"

  1. Chourn says:

    ខ្ញុំគិតថាជាតិនិយមគឺល្អហើយតែឲ្យវាត្រូវតាមទឹសផង។ ជាតិនិយាមត្រូវទិសនោះគឺជាតិនិយមការ ពារទឹកដីដែលបរទេសទាំងខាងលិចនិងខាងកើតកំពុងតែរឹបអូស ជាពិសេសគឺកោះត្រល់និងដីរាប់ សិបហិតាដែលយួនកំពុងតែរំកិលយកដោយមានការគាំទ្រពីរដ្ឋាភិបាលហ៊ុនសែន។ រឿងហ្នឹងបាន គេហៅថាជាតិនិយមត្រូវទិស។ ប្រសិនបើបាត់ទឹកដីខាននៅទៅនោះតើនាងបានដីអីនៅដើម្បីតវ៉ា រឿងគេចាក់ផ្សាយកុនថៃនោះ។ រឿងគេចាក់ផ្សាយកុនបរទេសវាជារឿងធម្មតានោះទេមិនមានបញ្ហា ធំដំនោះទេ សំខាន់បើចង់ឲ្យគេគាំទ្រធ្វើយ៉ាងណាកំសំដែងឲ្យវាល្អដូចគេទៅនោះមានអ្នកគាំទ្រនាង ហើយ។ មិនត្រូវមានចិត្តចង្អៀតចង្អល់ខុសរឿងពេកនោះទេសម័យភាវូបនីយកម្មគេត្រូវមានសេចក្តី សម្រេចចិត្តទូលំទូលាយមិនត្រូវបិទសិទ្ធិគេដោយយកជាតិនិយមខុសទឹសមកបិទបាំងនោះទេ។

  2. people says:

    com’on darling’ calm down o k .in this world every body have the criticism even mr obama they still criticise him so it dos’nt matter ,white and black,goog and bad they all way come the same so the importance is act professionally and will draw alot from people .i wish you don’t advertise the beer and vine that poison the society.GOD bless all cambodian people’

  3. មីនងួន says:

    កុំអេាយគេថាលុះកុំធ្វេី

  4. Judge says:

    ការឈឺចាប់ ជាចំណែកមួយ នៃទំព័រ ឆ្លងកាត់របស់គ្រប់ជីវិត។ កត្តាចាំបាច់ គឺ ការទទួលស្គាល់ នូវភាពអវិជ្ជមាននៃជីវិត ហេីយ បំផ្លែងវា អោយក្លាយទៅជា វិជ្ជមាន សំរាប់ខ្លួន នាងផ្ទាល់ ឫ ដល់ ជនដ៏ទៃទៀត។ មនុស្សជាច្រេីនទៀតដែលជីវិត ជួបប្រទះ សឹងតែក្នុងមួយជីវិត។

  5. Bol says:

    គិតថា ដូចជាពុំមែនរឿងដែលយើងត្រូវឈឺចាប់ជាមួយការរិះគន់នេះទេ។
    យើងក៏មិនត្រូវគិតថា ហាមមិនឲ្យកុនថៃ ចូលមកប្រទេស ឬផ្សាយតាមទូរទស្សន៍ នោះ ដែរ។
    យើងទទួលស្គាល់ទឹកចិត្តស្នេហាជាតិរបស់នាង តែសូមកុំឲ្យវាជ្រុល។ បើចង់ឈ្នះគេ សូមប្រឹងបង្កើនសមត្ថភាព ធ្វើគុណភាពកុនយើងឲ្យល្អជាងគេ ទៅ គេចូលែងបានទៅហើយ។
    តែយើងក៏បានសំគាល់ឃើញថា ទូរទស្សន៍លេខ ៥ កងយោធពលខេមរភូមិន្ទនេះ ក៏វាហួសហេតុដែរ។ តាំងតែពីព្រឹកម៉ោង ៨ ទៅ គឺសុទ្ធតែកុនថៃ។
    ល្មមៗ បានហើយ!!!! ឲ្យដឹងថា យើងជាទូរទស្សខ្មែរ ណា៎ ពុំមែនទូរទស្សន៍ថៃទេ!! ម្យ៉ាង ក៏យើងពាក់ផ្លាក « កងយោធពលខេមរភូមិន្ទ » ផង!!