ប្រការ​គួរ​យល់​ដឹង​នៅ​ពេល​បុណ្យ​អុំទូក

Content image - Phnom Penh Post



ភ្នំពេញប៉ុស្តិ៍

ព្រះរាជពិធី​បុណ្យ​អុំទូក អកអំបុក សំពះ​ព្រះខែ និង​បណ្តែត​ប្រទីប ដែល​ជា​បុណ្យ​ប្រពៃណី​ខ្មែរ នឹង​ប្រារព្ធ​ធ្វើ​ឡើង​សាជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៥ ទី​៦ និង​ទី​៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់ពី​បាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា តាំងពី​ឆ្នាំ​២០១១​មក។

នៅ​ឆ្នាំ​២០១៤​នេះ ព្រះរាជពិធី​បុណ្យ​ដ៏ធំ​ប្រចាំ​ឆ្នាំ​ដែល​រាជធានី​ភ្នំពេញ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​ការ​មក​ដល់​នៃ​កីឡាករ​អុំទូក និង​ភ្ញៀវទេសចរ​ជាតិ មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​រាប់​លាន​នាក់ ចូល​មក​លេង​កម្សាន្ត រយៈពេល​៣​ថ្ងៃ ដែល​ក្នុង​នោះ​មាន​ការ​ប្រណាំង​ទូក បណ្ដែតប្រទីប ការ​ប្រគំតន្ត្រី និង​ការ​លក់​ផលិតផល​ចុះ​ថ្លៃ​តាម​តំបន់​សួនច្បារ​ជាប់​មាត់​ទន្លេ​ចតុមុខ។

ហេតុការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​ក្នុង​ឆ្នាំ​២០១០ បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់ ៣៥៣​នាក់ គឺជា​សោកនាដកម្ម​មួយ​ដ៏គួររន្ធត់​។ ការ​ចងចាំ​នេះ បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រជាពល​រដ្ឋ​ទូទៅ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។ ដោយ​ហេតុនេះ​ហើយ LIFT សូម​ណែនាំ​មិត្ត​យុវវ័យ ក៏​ដូចជា​សាធារណជន​ទាំងអស់​ដែល​នឹង​ទៅ​ចូលរួម​កម្មវិធី​នេះ​ឲ្យ​បាន​ដឹង​ពី​ព័ត៌មាន​មួយ​ចំនួន ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថា​ហេតុ​ណា​មួយ ដែល​អាច​នឹង​កើតឡើង​អំឡុង​ពេល​បី​ថ្ងៃ​នោះ។ យើង​រំពឹង​ថា វា​នឹង​ជា​ទិវា​មួយ​ដែល​នាំ​មក​នូវ​ក្តីសប្បាយ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ យើង​ក៏​ត្រូវ​មាន​វិធានការ​ការពារ​ខ្លះៗ សម្រាប់​រឿង​ដែល​អាក្រក់​បំផុត​ដែល​អាច​កើតឡើង​ផង​ដែរ។

កន្លែង​ដែល​អាច​នឹង​មាន​មនុស្ស​កកកុញ​ច្រើន​ជាទូទៅ​នៅ​រៀងរាល់​ពីធី​បុណ្យ​អុំទូក​តែងតែ​មាន​នូវ​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​ពី​បណ្តា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ស្រុក​ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ សួន​សន្តិភាព ឬ​ផ្សារ​រាត្រី​ជាដើម។ ចំណែកឯ​ការ​ប្រណាំង​ទូក​នឹង​ធ្វើ​ឡើង​នៅ​តាម​ដងទន្លេ​សាប​មុខ​ព្រះបរមរាជវាំង។ ដូច្នេះ បណ្ដា​ចំណុច​ទីតាំង​ទាំងអស់​នោះ អាច​នឹង​មាន​ការ​កកស្ទះ​ខ្លាំង​ជាង​កន្លែង​ផ្សេង។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា៖ «សាលារាជធានី​ភ្នំពេញ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​ថា កន្លែង​ណា​នឹង​មាន​ការ​កកស្ទះ​ខ្លាំង តែ​សាលាក្រុង​នឹង​ធ្វើការ​ពង្រាយ​កន្លែង​លក់ដូរ និង​ការ​ប្រគំតន្ត្រី​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​បង្ការ​ភាព​ស្ទះ និង​ឧបទ្ទវហេតុ​ដែល​អាច​កើតឡើង​ផ្សេងៗ»។

លោក​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា សម្រាប់​ស្តង់​លក់ដូរ​ក្នុង​ឆ្នាំ​នេះ​នឹង​ធ្វើការ​ពង្រាយ​នៅ​តាម​កន្លែង​ផ្សេងៗ​គ្នា​ដូចជា​នៅ​មុខ​វត្តបទុម ផ្សារចាស់ ខាង​ត្រើយ​ម្ខាង ទីលាន​ប្រជាធិបតេយ្យ​ជាដើម។ សម្រាប់​ឆាក​ប្រគំតន្ត្រី​វិញ​នឹង​មាន​នៅ​តាម​កន្លែង​ផ្សេងៗ​ច្រើន​ជា​លើក​មុនៗ​ផង​ដែរ ក្នុង​ន័យ​កាត់​បន្ថយ​ការ​ផ្តុំ​មនុស្ស​មួយ​កន្លែង។ លោក​ថា លោក​មិន​អាច​រៀបរាប់​អស់​នោះ​ទេ តែ​ជា​រួម​នឹង​មាន​នៅ​កោះពេជ្រ វត្តបទុម មុខ​ណាហ្គាវើល ទីលាន​ប្រជាធិបតេយ្យ ផ្សារ​រាត្រី។ល។

លោក​ថា សាលាក្រុង​នឹង​ធ្វើ​យ៉ាងណា​ទុក​កន្លែង​ដែល​មាន​សួនច្បារ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រៅពី​ទីតាំង​ដែល​រៀបរាប់​ខាង​លើ មាន​មតិ​ជាច្រើន​បាន​ព្យាកថា ទីតាំង​ផ្សារ​អ៊ីអន ក៏​អាច​នឹង​មាន​ការ​កកស្ទះ​ខ្លាំង​ដែរ ដែល​អាជ្ញាធរ​គួរ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជាស្រេច​ដោយ​ហេតុ​ថា នៅពេល​នោះ​ផ្សារ​នឹង​មាន​កម្មវិធី​លក់​បញ្ចុះ​តម្លៃ និង​ការ​ប្រគំតន្ត្រី។ ម្យ៉ាងទៀត​ផ្សារ​មួយ​នេះ​ក៏​ជា​ទិសដៅ​របស់​យុវជន​សម្រាប់​ដើរ​កម្សាន្ត ទិញ​របស់​ផង​ដែរ។

តាម​ការ​សន្និដ្ឋាន​របស់ កញ្ញាសិរី លាភី ជំនួយការ​ផ្នែក​ទីផ្សារ​របស់​ផ្សារ​អ៊ីអន ផ្អែកលើ​ចំនួន​អតិថិជន​របស់​ផ្សារ​អ៊ីអន​ជា​រៀងរាល់​ថ្ងៃ ក្នុង​ពេល​បុណ្យ​អុំទូក​ចំនួន នឹង​អាច​មាន​ការ​កើនឡើង​ទ្វេដង។ កញ្ញា​បាន​និយាយ​ថា៖ «ក្នុង​មួយ​ថ្ងៃ​ផ្សា​នេះ​មាន​អតិថិជន​ប្រមាណ​ជា​៣​ទៅ​៤​ម៉ឺន​នាក់ ដូច្នេះ​សម្រាប់​ថ្ងៃ​បុណ្យ​អុំទូក គឺ​អាច​នឹង​ការ​កើនឡើង​ដល់ ៨ ទៅ​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ»។

បើ​តាម​កញ្ញា​លាភី ក្រៅពី​មាន​ការ​លក់​បញ្ចុះ​តម្លៃ​សម្រាប់​មុខ​ទំនិញ​នៅ​ក្នុង​ផ្សារ​អ៊ីអន ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ក៏​នឹង​មាន​ការ​ប្រគំតន្ត្រី នៅ​ខាង​ក្រៅ​បរិវេណ​ផ្សារ​ផង​ដែរ។ សម្រាប់​បញ្ហា​សន្តិសុខ ខាង​ផ្សារ​ទំនើប​មួយ​នេះ​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​រួច​ជាស្រេច​ក្នុង​ការ​បង្ការ​នូវ​អស្ថិភាព​ផ្សេងៗ​ក៏​ដូចជា​មាន​ត្រៀម​ឡានទឹក និង​ឡាន​សង្គ្រោះ​ផង​ដែរ។

ទីតាំង​មួយ​ទៀត​ដែល​ជា​គោលដៅ​នៃ​ការ​កកស្ទះ​នោះ​គឺ​មជ្ឈមណ្ឌល​កោះពេជ្រ​ដែល​នឹង​មាន​ការ​ប្រគំតន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​ចំនួន​បី​ដូចជា ស្ថានីយ​ទូរទស្សន៍​ហង្សមាស បាយ័ន និង​អាស៊ីអាគ្នេយ៍។ បើ​តាម​លោក ពេជ្រ ស៊ាងលេង បុគ្គលិក​ផ្នែក​ទីផ្សា​នៅ​ផ្សារ​រាត្រី​កោះពេជ្រ បាន​ប្រាប់ LIFT ឲ្យ​ដឹង​ផង​ដែរ​ថា៖ «សម្រាប់​ចំនួន​មនុស្ស​ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ប៉ុន្មាន​នាក់​នោះ ខាង​លោក​ក៏​មិន​អាច​កំណត់​បាន​ដែរ»។

យ៉ាងណា​មិញ លោក​ថា សម្រាប់​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​គឺ​ខាង​លោក​នឹង​មាន​ជា​បង្គន់​អនាម័យ​ចំនួន ៦០ ហើយ​ប៉េអឹម និង​ប៉ូលិស ចំនួន​២០០​នាក់ បន្ថែម​ពី​លើ​កម្លាំង​របស់​សាលាក្រុង។

សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ភាព​អ៊ូអរ ទីតាំង​ខាង​លើ​ប្រហែល​ជា​មិនមែន​ជា​ជម្រើស​ល្អ​ទេ។ មាន​កន្លែង​ជាច្រើន​ទៀត​ដែល​សាលាក្រុង​បាន​រៀបចំ​ដែល​យុវជន​អាច​ដើរ​កម្សាន្ត​បាន ដោយ​មិន​ចាំបាច់​ទៅ​ប្រជ្រៀត​គ្នា​ទៅ​តែ​មួយ​កន្លែង​នោះ​ទេ។ ធ្វើ​ដូចនេះ​គេ​អាច​ចូលរួម​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ខ្លះ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំទូក​បាន​មួយ​ចំណែក​ដែរ។

បញ្ហា​អនាម័យ និង​បរិស្ថាន

ក្នុង​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​គេ​គ្រោង​ថា​នឹង​សម្រុក​ចូល​មក​កម្សាន្ត​ក្នុង​រាជធានី​នា​រយៈពេល​៣​ថ្ងៃ។ បញ្ហា​សំរាម ការ​បន្ទោបង់ អនាម័យ ប្រាកដ​ជា​នឹង​ក្លាយ​ជា​បញ្ហា។

បើ​តាម​លោក​ផែ សុខតាំង មាន​វ័យ​ជាង​៤០​ឆ្នាំ​ជា​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​បណ្ដោយ​មាត់ទន្លេ​សាប ជា​ទីប្រារព្ធ​ពិធី​បាន​ឲ្យ​ដឹងថា រាល់​ពិធី​បុណ្យ​អុំទូក​ម្តងៗ ប្រជាពលរដ្ឋ​បាន​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល ពិសេស​គឺ​ការ​បន្ទោបង់។

លោក​ថា អ្នក​ចូលរួម​ទាំង​អ្នក​ទីក្រុង និង​អ្នក​ជនបទ​គួរ​ប្រកាន់​ឥរិយាបថ​ប្រកប​ដោយ​អនាម័យ​ខ្ពស់​នៅ​តាម​ទីសាធារណៈ។ គួរគប្បី​គ្រប់គ្រង​សំរាម​ឱ្យ​បាន​ល្អ ការ​បន្ទោ​បង់​ត្រូវ​លៃលក​រក​បន្ទប់​ទឹក​សាធារណៈ​ឱ្យ​បាន​ត្រឹមត្រូវ។

ទន្ទឹម​នឹង​គ្នា​នេះ អ្នកស្រី​ឆាយ សាវីន វ័យ​៣០​ឆ្នាំ​ក៏​បាន​ផ្ដល់​ជា​យោបល់​ដែរ​ថា អាជ្ញាធរ មន្ត្រី​មាន​សមត្ថកិច្ច​រៀបចំ​កម្មវិធី​បុណ្យ​អុំទូក​គួរ​សិក្សា​ឡើង​វិញ​ពី​មេរៀន​ដ៏ជូរចត់ និង​រន្ធត់​ពី​ឧប្បត្តិហេតុ​រត់​ជាន់​គ្នា​កាលពី​ឆ្នាំ​២០១០។

អ្នកស្រី​សាវីន ដែល​មាន​ទីលំនៅ​ក្នុង​តំបន់​ផ្សារ​កណ្ដាល​បាន​និយាយ​ថា៖ «ដូច​ឆ្នាំ​២០១០​អ៊ីចឹង គ្មាន​រៀបចំ​អី​ស្រួលបួល​ឱ្យ​ថា​មាន​ផ្លូវ​ណា​ទៅ ផ្លូវ​ណា​មក​ទេ ដើរ​ច្របូកច្របល់​គ្នា​រញ៉េរញ៉ៃ មិន​ដឹង​ទិស​តំបន់ អ៊ីចឹង​ហើយ​បាន​ពេល​មាន​ហេតុ​អាសន្ន​រត់​ទៅ​ណា​មិន​រួច​»។

អ្នកស្រី​បាន​ស្នើ​ថា អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ចែកចាយ​នូវ​ព័ត៌មាន​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​កីឡាករ​អ្នក​ចូលរួម​ក៏​ដូចជា​សាធារណជន​ដែល​ព័ត៌មាន​ទាំងនោះ អ្នកស្រី​បាន​ស្នើ​ថា គួរ​តែ​រាប់​បញ្ចូល​តារាង​កម្មវិធី​បុណ្យ ផែនទី​សម្រាប់​ធ្វើ​ដំណើរ​សម្រាប់​ជម្លៀស​ពេល​មាន​អាសន្ន និង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ពេល​មាន​គ្រោះថ្នាក់ ឬ​ឧប្បត្តិ​ហេតុ​ជាយថាហេតុ​ណា​មួយ​កើតឡើង។

អ្នកស្រី​សាវីន ក៏​បាន​ផ្ដល់​ជា​មតិ​ថា អ្នក​ចូលរួម​ទាំងឡាយ​គួរ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ថែរក្សា​ទ្រព្យសម្បតិ្ត​ផ្ទាល់​ខ្លួន ព្រោះ​ពេល​ហ្នឹង​វា​មាន​ជន​ខិលខូច​បន្លំ​ចាំ​យក។ បើ​មាន​ការ​ប្រជ្រៀត​ណែនណាន់​តាន់តាប់​ពេក​គួរ​ដើរ ឬ​រក​វិធី​ចៀសចេញ​ក្រែង​មាន​គ្រោះថ្នាក់​ជាន់​គ្នា​ជាន់​អ៊ីចឹង។

របៀប​ស្វែង​រក​ការ​សង្គ្រោះ​ផ្សេងៗ

បើ​តាម​លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​ក្រុង​នឹង​មិន​មាន​ជា​ផែនទី​សម្រាប់​បង្ហាញ​ពី​ទីតាំង​ទាំងអស់​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​អុំទូក​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ខាង​សាលារាជធានី​ភ្នំពេញ​នឹង​មាន​ដាក់​ជា​ស្លាក​សញ្ញា​ផ្សេងៗ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងរក​បាន​នូវ​បង្គន់​សាធារណៈ កន្លែង​សង្គ្រោះ​បន្ទាន់ កន្លែង​ប្រកាស​បាត់​ក្មេង​ជាដើម។

លោក​ថា សម្រាប់​លេខ​ប្រកាស​អាសន្ន​គឺ ០១២ ៩៩៩ ៩៩៩ ដែល​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​បាន​នៅពេល​មាន​បញ្ហា​កើតឡើង​ផ្សេងៗ ឬ​អាច​ទំនាក់ទំនង​តាម​លេខ ១១៧​សម្រាប់​ប៉ូលិស ១១៨​សម្រាប់​អគ្គិភ័យ និង​១១៩​សម្រាប់​ការ​សង្រ្គោះ​បន្ទាន់។

កាលពី​ចុង​ខែ​តុលា​កន្លង​ទៅ លោក​ខេង ទីតូ អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្លាប់​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ថា ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ​នឹង​មាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ចំនួន​២០០០​នាក់ ត្រៀម​ខ្លួន​សម្រាប់​ថែរក្សា​សណ្តាប់​ធ្នាប់​សន្តិសុខ​នៅ​តំបន់​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក និង​ជួយ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ជាតិ​ដើម្បី​រៀបចំ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​កម្លាំង​រាជអាវុធហត្ថ​ចំនួន​១០០០​នាក់​ទៀត ក៏​នឹង​ត្រៀម​សម្រាប់​សង្គ្រោះ​បឋម​ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​កើតឡើង​នៅ​អំឡុង​ពេល​បី​ថ្ងៃ​នោះ​ផង​ដែរ។

ការ​សង្គ្រោះ​បឋម

បើ​តាម​កញ្ញា វន ម៉ាលីស និស្សិត​ពេទ្យ​ឆ្នាំ​ទី​៧ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជាទូទៅ​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​ដូចជា​ពិធី​បុណ្យ​អុំទូក​នេះ គេ​គួរគប្បី​ប្រុងប្រយ័ត្ន និង​បង្ការ​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ចំនួន​បី ដូចជា ការ​ដួលសន្លប់ ដោយសារ​មនុស្ស​ច្រើន​កកកុញ ការ​ស្លាក់​(Choking) និង​ការ​លង់ទឹក។

ការ​ថប់​ខ្យល់​ខ្លាំង៖ បើ​ឃើញ​អ្នក​មាន​អាការ​ថប់​ខ្យល់​ខ្លាំង ហើយ​ពិបាក​ដកដង្ហើម គេ​ត្រូវ​ប្រញាប់​យក​អ្នក​ជំងឺ​ចេញ​ពី​ហ្វូង​មនុស្ស​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ស្វែងរក​កន្លែង​ដែល​ត្រជាក់ និង​មាន​ខ្យល់​ដកដង្ហើម​គ្រប់គ្រាន់។ គេ​អាច​យក​ផ្លិត​បក់​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​ជំងឺ​អាច​ដកដង្ហើម​បាន​ស្រួល​ជាង​មុន​។

ការ​ស្លាក់​(Choking)៖ ជាទូទៅ​ការ​ស្លាក់​ត្រូវ​បាន​បែងចែក​ទៅ​តាម​អាយុ​របស់​អ្នក​ជំងឺ។ ឧទាហរណ៍​បើ​ករណី​ក្មេង​ដែល​មាន​អាយុ​១​ឆ្នាំ​ឡើង​ទៅ​នឹង​មាន​អាការ​ដូចជា​ក្អក ឬ​និយាយ​មិន​ចេញ​បបូរមាត់​ឡើង​ពណ៌​ស្វាយ​ជាដើម​។ ប្រសិន​បើ​ការ​ស្លាក់​កើត​លើ​មនុស្ស​ធំ​វិញ គេ​អាច​មើល​ដឹង​តាមរយៈ​អ្នក​ជំងឺ​ខ្លួនឯង​នឹង​យក​ដៃ​ដាក់​ជុំវិញ​ក។

វិធី​សង្គ្រោះ

ទី​មួយ៖ គេ​ត្រូវ​ឈរ​នៅ​ពី​ក្រោយ​អ្នក​ជំងឺ។ ទី​ពីរ៖ ឈរ​ពី​ក្រោយ ឬ​លុតឱបជង្គង់​ពី​ក្រោយ (បើ​អ្នក​ជំងឺ​ទាប ឬ​ជា​កូន​ក្មេង)​បន្ទាប់មក​យក​ដៃ​ទាំង​ពីរ​អោប​ត្រង់​កន្លែង​ចង្កេះ​របស់​អ្នក​ជំងឺ។ ទី​បី៖ ដៃ​ម្ខាង​ត្រូវ​ក្តាប់​ហើយ​ដាក់​នៅ​ត្រង់​ចុងដង្ហើម​របស់​អ្នក​ជំងឺ។ ទី​បួន៖ ដៃ​ម្ខាង​ទៀត​ដាក់​ពី​លើ​ដៃ​ដែល​សង្កត់​ត្រង់​ចុងដង្ហើម​នោះ។ ទី​ប្រាំ៖ សង្កត់​ត្រង់​កន្លែង​ចុងដង្ហើម​នោះ​ពី​៤​ទៅ​៥​ដង។ ទី​ប្រាំ​មួយ៖ ពិនិត្យ​មើល​ថា តើ​ចំណី ឫ​របស់​នោះ​ចេញ​ខ្ជាក់​ចេញ​ពី​មាត់ ឬ​នៅ។

ការ​លង់​ទឹក៖ ជំហាន​ដំបូង​បំផុត​បន្ទាប់ពី​អ្នក​ជំងឺ​ត្រូវ​បាន ស្រង់​ចេញ​មកពី​ទឹក​ភ្លាម​គឺ​ត្រូវ​ពិនិត្យ​ថា តើ​អ្នក​ជំងឺ​នៅ​មាន​ជីពចរ ឬ​បេះដូង​លោត​ប្រក្រតី ឬ​ទេ​?​បើ​សិន​ជា​រកឃើញ​ថា មាន​ករណី​គាំង​បេះដូង​គឺ​ចាំបាច់​ត្រូវ​ធ្វើ CPR ដល់​អ្នក​ជំងឺ​ជា​បន្ទាន់។ ប្រសិន​ជា​អ្នក​ជំងឺ​នៅ​មាន​ចលនា​បេះដូង​លោត​ធម្មតា គេ​គ្រាន់តែ​ដាក់​អ្នក​ជំងឺ​ឲ្យ​គេង​ផ្អៀង ហើយ​ពិនិត្យ​រក​មើល​នៅក្នុង​មាត់​ថា តើ​មាន​ស្លាក់ ឬ​ជាប់​អ្វី​ដែរ​ឬ​ទេ?បន្ទាប់ពី​យក​របស់​នៅក្នុង​មាត់ចេញ ហើយ​ត្រូវ បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។

ការ​ធ្វើ CPR គឺ​គេ​ធ្វើ​លើ​អ្នក​ជំងឺ ក្នុង​ករណី​ដែល​រកឃើញ​ថា អ្នក​ជំងឺ​មាន​ការ​គាំងបេះដូង (cardiac arrest)។ ដើម្បី​ពិនិត្យ​មើល​ថា តើ​អ្នក​ជំងឺ​មាន​គាំងបេះដូង ឬ​អត់​គឺ ទី​មួយ​៖ ទះ​ស្មា​អ្នក​ជំងឺ​ខ្លាំងៗ ហើយ​និយាយ​ជាមួយ​អ្នក​ជំងឺ​(មើល​រូប​ទី​១)។ ទី​ពីរ៖ ពិនិត្យ​មើល​ខ្យល់​ដង្ហើម​ពោះ និង​ទ្រូង​ថា មាន​ភាព​ប្រក្រតី​ដូច​មនុស្ស​ធម្មតា ឬ​ទេ(ដូច​រូប​ទី​១)។ ទី​បី៖ ពិនិត្យ​មើល​ជីពចរ​ត្រង់​ក​ដែល​នៅ​សង​ខាង​បំពង់ខ្យល់ (ឆ្វេង​ឬ​ស្តាំ)​(មើល​រូប​ទី​២)៕

ការ​អនុវត្ត CPR (មើល​រូប​ទី​៣ ៤ និង​៥​)

សុង គឹមសួរ និង​អូន ឆេងប៉រ

Content image - Phnom Penh Post


What Next?

Recent Articles