ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី1 វិច្ឆិកា 2014
http://vodhotnews.com

កម្មកររោងចក្រ Juhui Footwear Co.,Ltd ជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ចាម កាលពីម្សិលមិញ (រូបពី៖ សហជីពស៊ីខៅឌូ)
កម្មកររោងចក្រ ជូហួយ ហ៊្វូតវែ (Juhui Footwear) ក្នុងខេត្តកំពង់ចាមជិត១០០០នាក់ ព្រមានដង្ហែក្បួនមកផ្ទះលោកនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រសិនបើតុលាកាមិនដោះលែងតំណាងរបស់ពួកគេ៥នាក់ឲ្យមានសេរីភាពឡើងវិញ។
ការព្រមាននេះធ្វើឡើង ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃសៅរ៍នេះ ទាមទារឲ្យដោះលែងតំណាងរបស់ពួកគេ ៥នាក់ ដែលតុលាការបញ្ជូនទៅមន្ទីឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារវត្ដឃ្មង់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤។
មន្ត្រីសហជីព ស៊ីខៅឌូ លោក វឌ្ឍនៈ បានឲ្យVOD ដឹងថា នៅថ្ងៃសៅរ៍នេះកម្មករបានបន្តបាតុកម្មនៅខាងមុខរោងចក្រ ទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេ៥នាក់ ឲ្យមានសេរីភាពឡើងវិញ តែមិនទាន់មានដំណោះស្រាយ នៅឡើយទេ។ លោកថា ប្រសិនបើនៅតែមិនមានដំណោះស្រាយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមកម្មករទាំងអស់នឹងហែក្បួនរកអន្តរាគមន៍ដល់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
កម្មកររោងចក្រ ជូហួយ ហ៊្វូតវែ បានធ្វើការតវ៉ាជាច្រើនលើកច្រើនសារចាប់តាំងពីដើមខែតុលាមក ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន តែពុំទទួលបានដំណោះស្រាយច្បាស់លាស់ណាមួយ។ លក្ខខណ្ឌការងារទាំងនោះរួមមាន បន្ថែមលុយបាយថ្ងៃត្រង់ ស្នើឲ្យភាគីក្រុមហ៊ុនគោរពកិច្ចព្រមព្រៀងជាមួយកម្មករកាលពីឆ្នាំ ២០១២ ទាមទារលុយបន្ថែមម៉ោងពេលល្ងាច បន្ថែមលុយធ្វើដំណើរ និងលុយព្រីម(ប្រាក់រង្វាន់ទៀតទាត់)។
កម្មករឲ្យដឹងថារោងចក្រ ជូហួយ ហ៊្វូតវែ ស្ថិតក្នុងភូមិរវៀង ឃុំខ្នរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានកម្មករសរុបជាង៦ពាន់នាក់៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com