ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014
http://vodhotnews.com
ស្ត្រីសកម្មជនដីធ្លីនៃសហគមន៍បឹងកក់៧នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម្សិលមិញត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ។
ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ម្នាក់ ដែលកំពុងឈរតវ៉ានៅមុខសាលាដំបូង អ្នកស្រី អេង សុខណៃ ឲ្យVODដឹងថា លោកស្រីបានឃើញអាជ្ញាធរបញ្ជូនស្ត្រីសកម្មជនទាំង៧នាក់មកសាលាដំបូងកាលពីម៉ោង៧ព្រឹកថ្ងៃអង្គារនេះ ។
អ្នកស្រី អេង សុខណៃ ឲ្យដឹងទៀតថា រូបគាត់ និងប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ឡពាងមានគ្នាជាង៤០នាក់ កំពុងធ្វើការតវ៉ានៅមុខសាលាដំបូង ទាមទារឲ្យតុលាការដោះលែងអ្នកទាំង៧ដោយគ្មានលក្ខខណ្ឌ ព្រោះពួកគេពុំបានធ្វើអ្វីខុសទេ ដោយគ្រាន់តែស្វែងរកអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយរំដោះទឹកស្អុយដែលកំពុងជន់លិចសហគមន៍របស់ខ្លួនប៉ុណ្ណោះ ។
អត្ថបទទាក់ទង
កាលពីថ្ងៃចន្ទម្សិលមិញ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេប្រមាណជាង៥០នាក់ព្យាយាមបិទផ្លូវមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យអាជ្ញាធរអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍កាលពីម្សិលមិញថា ការដែលសមត្ថកិច្ចចាប់ខ្លួនស្ត្រីទាំងនោះ ដោយសារពួកគេដឹកនាំគ្នាធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដែលបិទផ្លូវសាធារណៈ ហើយបិទផ្លូវចេញចូលសាលារាធានីភ្នំពេញ។
សកម្មជនដីធ្លីទាំង៧នាក់ដែលត្រូវបានចាប់ខ្លួននោះរួមមាន លោកយាយ ង៉ែត ឃុន អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី ណង ស្រេង ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com