ឈ្មួញ​ដី​ទន្រ្ទាន​ព្រៃ​ដែន​ជម្រក​សត្វ​នៅ ស្រុក​សង្គម​ថ្មី ជាង ៥០០ ហិកតា

តំបន់​ព្រៃ​ការពារ​ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​អ្នក​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ។

តំបន់​ព្រៃ​ការពារ​ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​អ្នក​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ។ រូបថត ADRA



ភ្នំពេញប៉ុស្តិ៍

ព្រះវិហារៈ ដី​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​ក្នុង ស្រុក​សង្គមថ្មី ដែល​ជា​ជម្រក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ត្រូវ​ក្រុម​ឈ្មួញ​រក​ស៊ី​ដីធ្លី​ពីរ​នាក់ ជួល​កម្មករ​ឲ្យ​កាប់​ទន្ទ្រាន​យក​អស់​ជាង ៥០០ ហិកតា​ដែល​រួម​មាន​ទាំង​កន្លែង​សក្ការ​បូជា​បុរាណ​ផង​ដែរ។

ប្រជា​សហគមន៍​និង​ជា​អតីត​យុទ្ធជន ឈ្មោះ នាម យួន អាយុ ៣៩​ឆ្នាំ បាន​អះអាង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ព្រៃ​រំដេង ស្ថិត​ក្នុង ភូមិ​តាប៉ស ឃុំ​ស្តៅ ស្រុក​សង្គមថ្មី ជាប់​ព្រំ​ប្រទល់ ស្រុក​គូលែន បាន​និង​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​កម្មករ​ស៊ី​ឈ្នួល​ប្រមាណ​ជិត ២០ នាក់​ចាប់​តាំង​ពី ខែ​តុលា កន្លង​មក​ម៉្លេះ។

លោក នាម យួន បាន​បញ្ជាក់​ថា៖ «ឈ្មោះ មាស វាត និង សិទ្ធិ យោក ជួល​កម្មករ​ចាប់​ពី ៧ ទៅ ២០ នាក់​ឲ្យ​កាប់​ព្រៃ​នោះ​យក​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ ពេល​នេះ​កាប់​វាល​អស់​ប្រហែល​ជា ៥០០ ហិកតា​ហើយ»។

លោក យួន បន្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​ព្រៃ​រំដេង នោះ​មាន​ទទឹង​ប្រមាណ​ជា ៣ គីឡូម៉ែត្រ និង​បណ្តោយ​ជាង ៩ គីឡូម៉ែត្រ ដែល​មាន​សត្វ​ព្រៃ​និង​បក្សី​ចម្រុះ​កំពុង​រស់​នៅ ដូច​ជា សត្វ​ខ្ទីង ទន្សោង ប្រើ​ស ខ្លា​ឃ្មុំ ខ្លា​ដំបង ជ្រូក​ព្រៃ ក្ងោក ត្រដក់ និង​សត្វ​លលក ជាដើម។

តំបន់​ដែល​ពួក​ឈ្មួញ​កំពុង​ទន្ទ្រាន​យក​នោះ​ក៏​ជា​កន្លែង​ភូមិ​ចាស់ វាល​ស្រែ​បុរាណ និង​ទីសក្ការ​បូជា​បុរាណ​ប្រមាណ​ជា ៤ កន្លែង​ផង​ដែរ មាន​ដូច​ជា ស្នាម​បាត​ជើង​បុរាណ រូប​សំណាក​ថ្ម និង​បល្ល័ង្ក​ជាដើម។

លោក នាម យួន បាន​ថ្លែង​ថា៖ «ពួក​គេ​គ្មាន​កោត​ញញើត​នឹង​ច្បាប់​អី​សោះ ហើយ​ដី​ខ្លះ​គេ​បាន​លក់​ឲ្យ​អ្នក​ចំណាក​ស្រុក​ហើយ។ ពលរដ្ឋ​កំពុង​អាស្រ័យ​អនុផល​ព្រៃ​ឈើ​ពី​ព្រៃ​នោះ​យើង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ និង​សត្វ​អស់​ពី​ព្រៃ​ទៅ»។ នេះ​ជា​ការ​បំផ្លាញ​ខ្លួន​ឯង និង​ជាតិ​ឯង​ហើយ»។

អង្គការ ADRA កម្ពុជា​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួយ​សហគមន៍ ភ្នំ​ត្នោត ដើម្បី​អភិរក្ស​ព្រៃ​ឈើ​ចំនួន ៦៤០០ ហិកតា​ទុក​សម្រាប់​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ដោយ​សារ​វា​មាន​សក្តានុពល​ព្រៃ​ឈើ និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។ ព្រៃ​ឈើ​នេះ​មាន​ព្រំ​ប្រទល់​នៅ​ជាប់​គ្នា​នឹង​ព្រៃ​រំដេង ហើយ​ក៏​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ផង​ដែរ។

លោក បេន ដាវីស មន្រ្តី​ជំនាញ​អភិវឌ្ឍន៍​របស់​អង្គការ ADRA កម្ពុជា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ព្រៃ​ឈើ​ក្នុង​ដែន​អភិរក្ស​របស់​លោក​ក៏​បាន​និង​កំពុង​ទទួល​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ផង​ដែរ ហើយ​គ្រាន់​តែ​លោក​ចុះ​ទៅ​ពិនិត្យ​ពីរ​កន្លែង​ឃើញ​ថា មាន​គេ​កាប់​អស់​ជាង ២០ ហិកតា​ទៅ​ហើយ។

លោក បេន ដាវីស បាន​ថ្លែង​ថា៖ «តំបន់​នោះ​គេ​កាប់​ច្រើន​ណាស់។ ពី​មុន​គេ​កាប់​យក​ឈើ​ល្អៗ​មាន​ធ្នង់​ជាដើម។ តែ​ឥឡូវ​គេ​កាប់​យក​ដី។ អ្នក​កាប់​ភាគ​ច្រើន​មក​ពី​ក្រៅ​ស្រុក​តែ​ពេល​ឃើញ​គេ​កាប់​ច្រើន អ្នក​ភូមិ​ខ្លះ​ក៏​កាប់​នឹង​គេ​ដែរ»។

សកម្មភាព​នេះ ពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​កំពុង​កើត​ឡើង​ផង​ដែរ។

លោក រស់ ហេង អភិបាល ស្រុក​សង្គម​ថ្មី មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ទទួល​បណ្តឹង​និង​សេចក្តី​រាយការណ៍​ពី​បទ​ល្មើស​នេះ​រួច​ហើយ ហើយ​ក៏​បាន​ចាត់​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ចុះ​ទៅ​ពិនិត្យ​ហើយ​ដែរ។

លោក​អធិបាល​ស្រុក​បាន​បញ្ជាក់​ថា៖ «កន្លែង​ណា​ក៏​មាន​លួច​កាប់​ដែរ តែ​មន្រ្តី​ព្រៃ​ឈើ​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​បាន​ស្គាល់​ឈ្មោះ​មេ​ខ្យល់​អ្នក​កាប់​ហើយ។ ពេល​នេះ​កំពុង​ចាត់​ការ​តាម​ច្បាប់»៕


What Next?

Recent Articles