សមត្ថកិច្ច​ចាប់​ព្រះសង្ឃមួយ​អង្គ និង​ពលរដ្ឋ​៣​នាក់​ក្នុង​ពេល​តវ៉ា​

ដោយ៖​ ជន ស្រីណុច និង ​ណាត សុភាព
ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014
http://vodhotnews.com

​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចាប់ខ្លួន​ស្ត្រី​៣​នាក់​និង​ព្រះសង្ឃ​មួយ​អង្គ ខណៈ​ដែល​ពួកគេ​កំពុង​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ម្សិលមិញ​។

​ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច បាន​ព្រមាន​ឲ្យ​អ្នក​តវ៉ា​រំសាយ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ​។ ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ឡ​ពាង​មាន​គ្នា​ជាង​៤០​នាក់ បាន​តវ៉ា​នៅមុខ​សាលាដំបូង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​៧​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​សំអាង​ថា ការតវ៉ា​កាលពី​ម្សិលមិញ គឺ​គ្រាន់តែ​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យជួយ​រំដោះ​ទឹកស្អុយ​ដែល​កំពុង​ជន់​លិច​សហគមន៍​របស់​ខ្លួន​ប៉ុណ្ណោះ ។​

​សកម្មជន​បឹងកក់ អ្នកស្រី​បូ​វ សោភា ដែល​ស្រែក​តវ៉ា បាន​រិះគន់​ថា​អាជ្ញាធរ ក៏ដូជា​តុលាការ​ថា ធ្វើការ​មិន​យុត្តិធម៌ មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បែរ​នាំគ្នា​ចាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ដាក់​ពន្ធ​ធានា​គារ ខណៈ​ពួកគេ​ទាំងនោះ​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។ 

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា បាន​ចោទ​ករណី​តវ៉ា​របស់​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​នោះ​ថា​ជា​ទង្វើ​ខុសច្បាប់ ដោយសារ​បិទ​ចរាចរណ៍ បង្ករ​ភាព​អ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា មុន​នឹង​អាជ្ញាធរ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ អាជ្ញាធរ​បាន​ប្រកាស​ច្រើន​ដង​ហើយ ថា​ការប្រមូលផ្តុំ​នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​មាន​លក្ខណៈ​ខុស​ច្បាប់ ។

​ប៉ុន្តែ​អ្នកសម្របសម្រួល​បច្ចេក​ទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ មានប្រសាសន៍ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​មិនមែនជា​ដំណោះស្រាយ​ទេ តែ​នឹង​បង្ករ​ឲ្យ​កាន់​អាប់មុខ​មាត់​រដ្ឋាភិបាល និង​ប្រទេសជាតិ​ថែម​ទៀត ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ។

​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក ជា ប៉ូច ដែល​ចូលរួម​ឃ្លាំមើល​ការតវ៉ា​របស់​ពលរដ្ឋ​នេះ សន្យាថា​លោក​នឹង​ជួយ​អន្តរាគមន៍​ករណី​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំងនោះ បន្ទាប់​ពី​សិក្សា​តាម​ផ្លូវ​ច្បាប់​រួចរាល់​។ 

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​ប្រមាណ​ជាង​៥០​នាក់​ព្យាយាម​បិទ​ផ្លូវ​មុខ​សាលា​រាជធានី ភ្នំពេញ ទាមទារ​ឲ្យ​អាជ្ញាធរអ​ន្ត​រាគម​ន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ ៕

សូម​សរសេរ​មក​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com និងលោក ណាត សុភាព តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles