Tue, 11 November 2014
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
ខេត្តកំពង់ធំៈ បណ្តាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ កាលពីយប់ថ្ងៃអាទិត្យ បានជម្នះឃាត់ឡានដឹកឈើខុសច្បាប់មួយគ្រឿង និងបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្រុក បើទោះបីជាម្ចាស់ឡានដឹកឈើនោះ បានគំរាមបើកឡានកិនសម្លាប់ពួកគាត់ ដោយអះអាងថា ខ្លួនជាក្មួយប្រុសរបស់លោក ងួន ញ៉ិល អនុប្រធានទីពីរ រដ្ឋសភាក៏ដោយ។
តំណាងសហគមន៍ព្រៃឡង់ប្រចាំ ខេត្តកំពង់ធំ លោក ម៉ឹង ហុន បានឲ្យដឹងថា តាមកំណត់ហេតុ គឺម៉ោងជាង ៨ យប់បណ្តាញសហគមន៍ព្រៃឡង់ ៣០ នាក់ បានឃាត់រថយន្ត ប្រភេទ យ៉ីឌុប ហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខមួយគ្រឿងនៅចំណុចមុខសាលារៀន ភូមិសំអោង ក្នុង ភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ និងរកឃើញឈើខុសច្បាប់ រួមមានឈើ កកោះនិងឈើផ្សេងៗទៀតចំនួនជាង ១២ ម៉ែត្រគុប។
លោកបានបន្តថា ក្រោយការឃាត់អ្នកបើកឡាន និងកម្មករតាមឡាន ៤ នាក់ ម្ចាស់ឡាន និងជាថៅកែឈើនោះ បានមក និងប្រតិកម្មខ្លាំងៗមកលើក្រុមបណ្តាញសហគមន៍ដោយគំរាមថា៖ «យើង (ម្ចាស់ឈើ) មិនខ្លាចនរណាទេ យើងមានខ្នងធំណាស់ តែហ៊ានរំខាននោះ យើងបរកិនសម្លាប់តែម្តង… អ្នកជំនាញណា ក៏មិនអាចធ្វើអីយើងបានដែរ យ៉ាងយូរឃាត់យើងបាន ១ ម៉ោង ឬមួយថ្ងៃប៉ុណ្ណោះ»។
លោក ម៉ឹង ហុន បានថ្លែងបន្តថា៖ «យើងបានសួរពីខ្នងរបស់គាត់នោះ ដំបូងគាត់មិនបានបញ្ចេញឈ្មោះទេ ដោយគ្រាន់តែថា ក្រោមសម្តេចតេជោ តែបន្តិចប៉ុណ្ណោះ តែដល់ពេលគាត់ច្រឡោត គាត់ក៏ភ្លាត់មាត់ស្រែកថា ខ្លួនជាក្មួយប្រុសរបស់លោក ងួន ញិល (អនុប្រធាន ទី២ នៃរដ្ឋសភា)»។
មេភូមិសំអោង លោក មិន ហៀង ដែលបានចុះត្រួតពិនិត្យនៅយប់នោះ បានឲ្យដឹងថា ម្ចាស់ឈើម្នាក់នោះ ពិតជាបានគំរាមបណ្តាញសហគមន៍ព្រៃឡង់ ៣០ នាក់នោះមែន ដោយថា៖ «ម្ចាស់ឡាននោះថា បើហ៊ានបន្តរារាំងយើងហ៊ានសម្លាប់ជីវិតម្នាក់ ផ្តល់ប្រាក់ ៣ លានរៀល គឺជាការស្រេច»។
បើតាមលោក ម៉ឹង ហុន ក្រោយពីអាជ្ញាធរមូលដ្ឋាន មេប៉ុស្តិ៍ឃុំ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះមកពិនិត្យរួចមក ឡាន និងម្ចាស់ឡាន ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើ ស្រុកសណ្តាន់ ដើម្បីធ្វើកំណត់ហេតុសួរនាំ នៅម៉ោងជិត ២ ម្សិលមិញនេះ។
មន្រ្តីផ្នែករដ្ឋបាលព្រៃឈើ ស្រុកសណ្តាន់ លោក ឈឹម ខឿន បានឲ្យដឹងថា ម្ចាស់ឡាននោះ ឈ្មោះ ម៉ិល ពឿន អាយុជាង ៦០ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរមិនទាន់កំណត់បាន។
លោកបញ្ជាក់ថា៖ «ក្រោយពីបានទទួលព័ត៌មានមន្រ្តីជំនាញយើង បានរក្សាទុករថយន្ត និងឈើនោះជាបណ្តោះអាសន្នសិន… ដោយសារប្រធានផ្នែករដ្ឋបាល ជាប់បំពេញការងារនៅភ្នំពេញ អ៊ីចឹងយើងបានអនុញ្ញាតឲ្យម្ចាស់ឡានត្រឡប់ទៅវិញ ព្រោះគាត់ថា គាត់ត្រូវត្រៀមខ្លួនចូលបំភ្លឺតុលាការ នៅព្រឹកថ្ងៃអង្គារនេះ ដែលជារឿងផ្ទាល់ខ្លួនរបស់គាត់ តែគាត់បានសន្យាថា នឹងបង្ហាញខ្លួនតាមការកោះរបស់យើង»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់រថយន្ត លោក ម៉ិល ពឿន និងលោក ងួន ញ៉ិល អនុប្រធាន ទី២ រដ្ឋសភា ចំពោះការអះអាងរបស់ក្រុមសហគមន៍ព្រៃឡង់ នោះបានទេ កាលពីម្សិលមិញ៕

> . . បុគ្គល ខ្លះ ធ្វើ រដ្ឋមន្ត្រី ប្រព្រឺត្ត បទល្មើស បំផ្លាញ ជាតិ ខ្លួនអែង ដើម្បី ប្រយោជន៍ ផ្ទាល់ខ្លួន !
គួរអោយខ្ពើមខ្លាំងណាស់ចំពោះមន្រ្តីជាន់ខ្ពស់របៀបបំផ្លាញជាតិបែបនេះ ។
,,,,,,,,,,,,,,,,,,,,,,,,, …………. មន្ត្រី ជាន់ថោក ងួន ញុិល !!!!!!!!!!!!!!!!!!!!!!!!!!!!!!
ខ្នងរបស់យើងធំមហាធំក្រោមហ៊ុនសែនតែបន្តិចនោះទេគឺមហាធំកាមុំាងមុាំងតែម្តងហើយ គឺធំចុយ ម្រាយអាធំទៅធំពាសមេឃឯណោះពួកហែងកុំជោរជាមួយអាណាជាមួយក្មួយងួនញុិលស្មោះអានាង។