ដោយ៖ ខាន់ លក្ខិណា
ថ្ងៃព្រហស្បតិ៍ ទី13 វិច្ឆិកា 2014
http://vodhotnews.com
ប្រទេសជប៉ុនផ្តល់ជំនួយឥតសំណងជាទឹកប្រាក់សរុប១០០.៩៧៣ដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងកែលម្អប្រព័ន្ធលូ និងផ្លូវក្នុងឃុំសង្កែពីរ ស្រុកឆែប នៃខេត្តព្រះវិហារ ។
ការផ្ដល់ជំនួយនេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចដល់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់ការសាងសង់ប្រព័ន្ធលូចំនួន២ និងជួសជុលផ្លូវគ្រួសក្រហមប្រវែង២០០ម៉ែត្រ នៅឃុំសង្កែពីរ ស្រុកឆែប ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក គូម៉ាម៉ារ៉ូ យូជិ មានប្រសាសន៍ថា លោកសង្ឃឹមគម្រោងនេះនឹងជួយកាត់បន្ថយការខូចខាតដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ និងជួយសម្រួលដល់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា សាលារៀន មណ្ឌលសុខភាព និងផ្សារដល់ប្រជាពលរដ្ឋក្នុងឃុំ។
ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៥១.៩លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងចំនួន៥១៨គម្រោងនៅទូទាំងប្រទេស ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com