Fri, 14 November 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សត្វព្រៃជាង ១ ពាន់ក្បាលដែលរួមមានទាំងប្រភេទកម្រ និងជិតផុតពូជផងនោះត្រូវបានរឹបអូសនិងសង្គ្រោះពីការជួញដូរនិងបរបាញ់ខុសច្បាប់ ហើយប្រាក់ជិត ១ ម៉ឺនដុល្លារត្រូវបានផាកពិន័យពីជនល្មើសនៅក្នុងរយៈពេលបីខែចុងក្រោយក្នុងឆ្នាំនេះ។
ចាប់ពី ខែសីហា ដល់ ខែតុលា ឆ្នាំ២០១៤ នេះក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័តបានរឹបអូសនិងសង្គ្រោះសត្វសរុបចំនួន ១០៧៧ ក្បាលនៅក្នុងទូទាំងប្រទេសបន្ទាប់ពីមានសេចក្តីរាយការណ៍ផ្តល់ព័ត៌មាន និងការស្រាវជ្រាវ។ នេះបើយោងតាមមន្រ្តីអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) ដែលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។
អង្គការសម្ព័ន្ធភាពសត្វព្រៃបានបញ្ជាក់ថា៖ «ការបង្រ្កាបបទល្មើសសត្វព្រៃក្នុងរយៈពេលបីខែចុងក្រោយមានចំនួន ១៥៩ លើកដែលសង្គ្រោះសត្វបាន ១០៧៧ ក្បាលរឹបអូសបានសំណាកសត្វ ៣៧០ គីឡូក្រាម និងទឹកប្រាក់ចំនួន ៩៧៩០ ដុល្លារបានផាកពិន័យ»។
របាយការណ៍បង្រ្កាបរបស់អង្គការសម្ព័ន្ធភាពសត្វព្រៃបានបង្ហាញថា សត្វដែលត្រូវរឹបអូស និងសង្គ្រោះបានរួមមានសត្វពង្រូល ខ្លាឃ្មុំ ពស់វែក ពស់ថ្លាន់ ស្វា ក្រពើ ត្រកួត កន្ធាយ ទោច អណ្តើក ក្ងោក សេក កំប្រុក កូនឥន្រ្ទី ស្កា សំពោច ព្រាប សារិកាកែវ សត្វពស់ និងសត្វស្លាប ជាច្រើនប្រភេទផ្សេងទៀត។ បើគិតក្នុង ខែសីហា និង ខែកញ្ញា មានកិច្ចសន្យាចំនួន ៣៨ ត្រូវបានជនល្មើសចុះកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសក្រៅពីការផាកពិន័យជាប្រាក់។
អង្គការនេះក៏បានឲ្យដឹងផងដែរថា ឥឡូវនេះសត្វពង្រូលត្រូវបានគេចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតផងដែរ។ ហេតុនេះក្រុមល្បាតបាននឹងកំពុងធ្វើការ «ទាំងយប់ទាំងថ្ងៃ» ដើម្បីសង្គ្រោះសត្វពង្រូល ពីការបរបាញ់និងជួញដូរហើយកាលពីថ្ងៃ ទី១៧ ខែតុលា កន្លងមកនេះ ក្រុមល្បាតនៅប៉ុស្តិ៍ តាតៃ ក្នុងជួរ ភ្នំក្រវាញ បានសង្គ្រោះសត្វពង្រូល ដ៏តូចមួយក្បាលពីពួកព្រានប្រមាញ់។
អង្គការសម្ព័ន្ធភាពសត្វព្រៃបានឲ្យដឹងក្នុងរបាយការណ៍ថា បន្ទាប់ពីត្រឡប់មកពីល្បាតក្នុងចម្ងាយផ្លូវដ៏ឆ្ងាយ ក្រុមល្បាតស្រាប់តែបានប្រទះឃើញដានជើងគេដើរនៅក្នុងព្រៃ ហើយក៏បានដើរតាមស្នាមជើងនោះរហូតបានទៅជួបនឹងខ្ទមឈើតូចមួយ។ ក្រុមអ្នកប្រមាញ់ពេលបានឮក្រុមល្បាតដើរសំដៅទៅខ្ទមនោះ ពួកគេក៏បានរត់ចោលខ្ទមនោះ។ ក្រុមល្បាតបានឆែកឆេរក្នុងខ្ទមនោះ ហើយបានប្រទះឃើញអន្ទាក់សត្វចំនួន ៣៨ និងឃើញកូនសត្វពង្រូលដ៏តូចមួយដែលក្រុមប្រមាញ់ដាក់នៅក្នុងថង់មួយ។
ខ្ទមនោះត្រូវបានរុះរើចោលហើយក្រុមល្បាតប្រញាប់បញ្ជូនកូនសត្វពង្រូលនោះទៅមណ្ឌលសង្គ្រោះនៅសួនសត្វ ភ្នំតាម៉ៅ ក្នុង ខេត្តតាកែវ បន្ទាប់ពីឃើញថា វានឹងងាប់បើគ្មានការជួយសង្គ្រោះមួយទេនោះ។
អង្គការបញ្ជាក់ថា៖ «ការបរបាញ់និងជួញដូរសត្វពង្រូលមានទ្រង់ទ្រាយកាន់តែធំឡើង។ វាត្រូវបានគេប្រមាញ់យកសាច់ ស្រកា និងធ្វើជាថ្នាំបុរាណផងដែរ។ ក្រុមល្បាតបានធ្វើការទាំងថ្ងៃនិងយប់និងប្រថុយជីវិត ដើរល្បាតទាំងភ្លៀងផង»។
កាលពីឆ្នាំទៅក្រុមល្បាតប៉ុស្តិ៍ តាតៃ នេះ ចាប់បានអន្ទាក់ដាក់សត្វចំនួន ១៥ ៤៤០ និងសង្គ្រោះសត្វបាន ៤៤៨ ក្បាលដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមឈានមុខគេក្នុងការអភិរក្ស៕
