ដោយ ហ៊ុំ ចំរើន
2014-11-14
RFA

សាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបង។ រូបថតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ (RFA/Hum Chamroeun)
ក្រុមគ្រូបង្រៀនអនុវិទ្យាល័យ និងជាអតីតគរុសិស្សនៃសាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបង ជំនាន់ទី៣ ជិត ៣ពាន់នាក់ (២.៨២៩នាក់) ត្អូញត្អែរថា ពួកគាត់មិនបានបើកប្រាក់ខែរំឭករបស់គ្រូបង្រៀន ខណៈរៀនតជំនាញគ្រូជាង ៥ឆ្នាំមកហើយ។ ដោយសារតែមិនបានបើកប្រាក់ខែនេះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ពួកគាត់ គ្មានកម្លាំងចិត្តក្នុងការបង្រៀនសិស្ស។
ក្រុមគ្រូបង្រៀនទាំងនោះ អំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធ ពន្លឿនដំណើរការបើកប្រាក់ខែរំឭកដល់ពួកគាត់ឲ្យបានឆាប់ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងបន្ទុកគ្រួសារ។
ក្រុមគ្រូបង្រៀនអនុវិទ្យាល័យជំនាន់ទី៣ នៃសាលាគរុកោសល្យភូមិភាគខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១៣ វិច្ឆិកា ថា ចាប់តាំងពីចូលរៀនតជំនាញគ្រូនៅសាលាគរុកោសល្យភូមិភាគ ឆ្នាំសិក្សា២០០៨ និង២០០៩ មក រហូតមកទល់ពេលនេះ គឺពុំបានបើកប្រាក់ខែរំឭក ខណៈរៀនតជំនាញគ្រូនៅឡើយទេ។
ពួកគាត់បន្តទៀតថា ចាប់តាំងពីចេញបង្រៀននៅតាមអនុវិទ្យាល័យមក គឺម្នាក់ៗចេះតែទន្ទឹងរង់ចាំបើកប្រាក់ខែរបស់ខ្លួនជានិច្ច រហូតធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបាត់បង់កម្លាំងចិត្តក្នុងការបង្រៀនសិស្សទៅហើយ៖ «ពួកខ្ញុំមានការអាក់អន់ស្រពន់ចិត្តចំពោះក្រសួងអប់រំហ្នឹង គាត់បានផ្ដល់ប្រាក់រំឭកហ្នឹងដល់ពួកខ្ញុំទេ។ គ្រូកម្រិតមូលដ្ឋានជំនាន់ទីមួយ ជំនាន់ទី២ និងជំនាន់ទី៤ ទី៥ រហូតមកដល់បច្ចុប្បន្ននេះ ពួកគេទទួលបានលុយកម្រិតមូលដ្ឋានហ្នឹងពេញ។ ដោយឡែកអត់តែពួកខ្ញុំដែលជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៅជំនាន់ទី៣ ទេ។ មិនមែនថាលុយប៉ុណ្ណឹង មិនមែនថាវាសំខាន់សម្រាប់ជីវិតយើងទេ តែគ្រាន់ថាវាជាផ្នែកមួយសារសំខាន់ពេលដែលយើងអត់ដែរបាទ ព្រោះថា មិនមែនតែខ្ញុំទេ សូម្បីតែគ្រូគេដទៃ នៅពេលដែលកាត់អ៊ីចឹង ទីមួយវាអាចធ្វើឲ្យប៉ះពាល់ការអប់រំ ឬក៏វិស័យអប់រំ។ គ្រូខ្លះគាត់បាក់ទឹកចិត្ត គាត់មិនគោរពមុខវិជ្ជាជីវៈរបស់គាត់»។
ប្រាក់ខែរំឭកជាផ្នែកមួយរបស់ប្រាក់ខែគ្រូបង្រៀនអនុវិទ្យាល័យ ដែលកំពុងសិក្សាតជំនាញគ្រូ ហើយប្រាក់នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រគល់ឲ្យពួកគាត់វិញនៅពេលចេញទៅបង្រៀនសិស្សតាមអនុវិទ្យាល័យ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង លោក ងី សែត មានប្រសាសន៍បញ្ជាក់ថា លោកពុំបានដឹងជុំវិញការមិនបានបើកប្រាក់ខែរំឭករបស់ក្រុមគ្រូបង្រៀនអនុវិទ្យាល័យទាំងនោះនៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកថានឹងតាមដានលើការងារនេះ៖ «ចាំមើលខ្ញុំស្រាវជ្រាវមើលមើល! ហើយលោកគ្រូហ្នឹងឲ្យគាត់មកសួរខ្ញុំមក គាត់មកតវ៉ាហ្នឹង ខ្ញុំរកខុសត្រូវឲ្យគាត់តើ។ ប៉ុន្តែដូចជាគ្មានទេប្រាក់រំឭកហ្នឹង បួនប្រាំឆ្នាំមិនទាន់បានអ៊ីចឹង ដូចមិនមាន»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការមិនបើកប្រាក់ខែរំឭករបស់គ្រូបង្រៀននេះ គឺរឿងដដែលៗ ហើយភាគច្រើនកើតចេញពីការធ្វេសប្រហែសរបស់មន្ត្រីពាក់ព័ន្ធនៃក្រសួងអប់រំ។ លោក រ៉ុង ឈុន ចាត់ទុកការឆ្លើយបដិសេធរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង គ្រាន់តែជាសេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវរបស់ខ្លួនមួយគ្រាប៉ុណ្ណោះ៖ «ជារឿយៗ អារឿងដដែលៗ ហើយបញ្ហាដែលកើតមានកន្លងមកហ្នឹង ច្រើនតែមន្ត្រីនៃការិយាល័យ ឬមួយមន្ទីរហ្នឹង អឺ! ប្រឡិមប្រឡុំដើម្បីយកលុយហ្នឹងទៅបង្វិលយកការប្រាក់យកអីទៅ ឬមួយយើងថាពុករលួយអីអ៊ីចឹងទៅបាទ បានជាមិនបានបង្វិលបើកពួកគាត់ទាន់ពេលវេលាបាទ»។
ក្រុមគ្រូបង្រៀនអនុវិទ្យាល័យ ដែលជាអតីតគរុសិស្សជំនាន់ទី៣ នៃគរុកោសល្យភូមិភាគខេត្តបាត់ដំបង គ្រប់ជំនាញដែលមិនបានបើកប្រាក់ខែរំឭកប្រមាណជាង ២ពាន់នាក់ ដោយក្នុងម្នាក់ទទួលបានប្រាក់ខែរំឭកនេះប្រមាណជាង ២លានរៀល។
នៅក្នុងករណីនេះ លោក រ៉ុង ឈុន មានមតិថា ជម្រើសដែលល្អ គឺក្រុមគ្រូបង្រៀនទាំងអស់ដែលមិនបានបើកប្រាក់ខែរំឭកនៅឡើយ អាចធ្វើញត្តិបញ្ជូនទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នោះខាងសមាគមនឹងនាំរឿងនេះទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអន្តរាគមន៍បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលារៀនមួយនៅតំបន់ដាច់ស្រយាលខេត្តបាត់ដំបងខ្វះគ្រូបង្រៀន
- គ្រូបង្រៀនចោទនាយកវិទ្យាល័យមួយនៅខេត្តកណ្ដាលថាបក្ខពួកនិយមនិងពុករលួយ
- ប្រធានការិយាល័យអប់រំស្រុកសំរោងខេត្តតាកែវរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- ក្រសួងអប់រំបង្ហាញជម្រើសសិក្សាដល់សិស្សដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំនេះ
- ក្រុមយុវជនរៃអង្គាសប្រាក់ជួយកុមារក្រីក្រនៅបាត់ដំបងនិងសៀមរាបឲ្យទទួលបានការសិក្សា
- អង្គការខែរីងផ្ដល់កម្មវិធីសិក្សាស្តង់ដារអន្តរជាតិដល់សិស្សក្រីក្រនៅសៀមរាប
- សិស្សប្រឡងជាប់បាក់ឌុបលើកទី២មានចំនួនជាង១ម៉ឺននាក់តិចជាងលើកទី១
- តើក្រសួងអប់រំអាចលុបបំបាត់បញ្ហាគ្រូទារប្រាក់ពីសិស្សសាលាបឋមសិក្សាបានដែរទេ?
- រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថាសិស្សប្រឡងបាក់ឌុបលើកទី២ជាប់តិចជាងលើកទី១
ល្បិចកល ខ្មាំងបង្កប់ យួនវៀតណាម ក្នុងជួរ បក្សប្រជាជន វា ធ្វើអោយ វិស័យអប់រំ កម្ពុជា ខ្សោយ
ស្រួល វៀតណាម វា ត្រួតត្រា !