ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
កម្មករធ្វើការតវ៉ាបិទផ្លូវដើម្បីដាក់សម្ពាធឲ្យថៅកែរោងចក្រចូលចរចា (រូបពីហ្វេសប៊ុក)
កម្មកររោងចក្រហ៊ុយចៀន ជាង១០០០នាក់ ស្ថិតនៅភូមិជ្រោយ អំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រមូលផ្តុំបិទផ្លូវជាតិលេខ១ ខាងមុខរោងចក្រនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីដាក់សម្ពាធឲ្យថៅកែរោងចក្រចូលចរចាបញ្ចប់ជម្លោះដែលអូសបន្លាយជិត២ខែមកនេះ។
ការបាតុកម្មនេះធ្វើឡើងបន្ទាប់ពី ការតវ៉ាជិត២ខែមកនេះ ទាមទារឲ្យក្រុមហ៊ុនទូរទាត់ប្រាក់សំណង បន្ទាប់ពីក្រុមហ៊ុននេះបានប្តូរឈ្មោះ ពីហ៊ុយចៀន ទៅចៀនឡឹ ដោយមិនមានសំណងដល់កម្មករនិងទាមទារឲ្យទទួលខុសត្រូវករណីស្ត្រីម្នាក់ជាកម្មកររោងចក្រនេះស្លាប់ពេលសម្រាលកូននៅក្នុងបន្ទប់ជួល ដោយសារមិនមានលុយ។
ប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី មានប្រសាសន៍ថា ក្រុមកម្មករទាំងអស់ធ្វើបាតុកម្មបិទផ្លូវជាងកន្លះម៉ោង រួចបើកផ្លូវវិញ បន្ទាប់ពីមានការសម្រួលពីអាជ្ញាធរមូលដ្ឋាន ឲ្យតំណាងកម្មករ និងភាគីរោងចក្រជួបចរចានៅខណ្ឌច្បារអំពៅនៅរសៀលថ្ងៃនេះ ។ លោកបន្តថា ការបិទផ្លូវនេះ ដោយសារ ភាគីរោងចក្រមិនចូលតុចរចា បើទោះជាសហជីពសរសរលិខិតទៅក្រុមហ៊ុនបញ្ជាទិញសុំឲ្យដាក់ការបញ្ជាទិញវិញតាមការស្នើរបស់ថៅកែក៏ដោយ។ លោកថា «នាយកក្រុមហ៊ុននេះ ប្រើគ្រប់កល ពន្យាពេល រហូតទៅដល់មានកម្មការិនីម្នាក់ ស្លាប់ដោយសារតែ គ្មានថវិការគ្រប់គ្រាន់ ក្នុងការទៅសម្រាលកូន។ គាត់បានសម្រាលកូននៅក្នុងបន្ទប់ផ្ទះជួល រហូតដល់បាត់បង់ជីវិត គឺជាបញ្ហាដ៏ធំហើយក្រុមហ៊ុនមិនបានជួយសម្រាលទុក្ខលំបាករបស់ទារិកានោះផងដែរ ។

តំណាងកម្មករអ្នកនាង ម៉ៅ ចិន្តា មានប្រសាសន៍ថា គាត់ហាក់មិនសូវទុកចិត្តលើការចរចានេះទេ ហើយគាត់នឹងបន្តបាតុកម្មរហូតមានដំណោះស្រាយ ។ អ្នកស្រីថា រយៈពេល២ខែហើយដែលកម្មកររង់ចាំដំណោះស្រាយរហូតមកដល់ពេលនេះ ពួកគាត់កំពុងប្រឈមនឹងការខ្វះស្បៀងអាហារ និងមិនមានប្រាក់បង់ថ្លៃផ្ទះជួល។ អ្នកនាងថា «ប្តេជ្ញាថា នឹងខំធ្វើម៉េច ទាមទារលុយដែលពួកខ្ញុំខំតវ៉ា២ខែមក ហើយអត់បាយអត់ទឹក ដាច់លុយ ថ្លៃផ្ទះជួល ថ្លៃទឹកដោះគោកូន វេទនាគ្រប់សព្វបែបយ៉ាង» ។
ប្រធានរដ្ឋបាលរោងចក្រ លោក ហ៊ីម ផល្លា មានប្រសាសន៍ថា មូលហេតុដែលក្រុមហ៊ុនមិនទាន់ចូលចរចចា ដោយសារអ្នកបញ្ជាទិញមិនទាន់ផ្តល់ចម្លើយពីការបញ្ជាទិញនៅឡើយទេ។ លោកថា ដោយឡែកស្ត្រីម្នាក់ដែលស្លាប់ពេលសម្រាលកូននោះ ក្រុមហ៊ុនកំពុងសហការជាមួយសាច់ញាតិ ដើម្បីបំពេញឯកសារផ្តល់សំណងតាមផ្លូវច្បាប់ ។ លោកថា «ព្រោះថារឿងហ្នឹង សហព័ន្ធសហជីពស៊ីយូអេស សហជីពខ្មែរហ្នឹង ឲ្យអ្នកបញ្ជាទិញឈប់ដាក់ការបញ្ជាទិញឲ្យក្រុមហ៊ុន ចឹងសុំឲ្យសហព័ន្ធសហជីពខ្មែរហ្នឹងគាត់រួមចំណែកក្នុងបញ្ហាហ្នឹងដែរ! ឲ្យគាត់ជួយយ៉ាងម៉េច ឲ្យអ្នកបញ្ជាទិញហ្នឹងដាក់ការបញ្ជាទិញមកវិញមក យើងនឹងធ្វើការពិភាក្សា» ។
លោក ហ្វា សាលី បន្ថែមថា ប្រសិនបើការចរចានេះមិនមានលទ្ធផល លោកនឹងដាក់លិខិតទៅរដ្ឋសភា និងរដ្ឋាភិបាលជួយផ្តល់សំណងជំនួសក្រុមហ៊ុនសិន ព្រោះកម្មករកំពុងរងគ្រោះ។
កម្មករឲ្យដឹងថា ពួកគេបាតុកម្មតាំងពីថ្ងៃទី១៥ខែកញ្ញា ហើយមានការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ រហូតដល់មន្ត្រីរដ្ឋសភា តែមិនមានដំណោះស្រាយ ។ ក្នុងពេលរង់ចាំដំណោះស្រាយនេះ មានកម្មការិនីម្នាក់ឈ្មោះ ពាង សុខ ស្លាប់ពេលសម្រាលកូនក្នុងបន្ទប់ជួលដោយសារមិនមានប្រាក់ទៅមន្ទីរពេទ្យ ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreleak@vodhotnews.com