​បុគ្គលិក​ក្រុមហ៊ុន​ទ្រូ​ថា​ម​ភ្នំពេញ​បាតុកម្ម​បិទ​ផ្លូវ​ចូល​ក្រុមហ៊ុន​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​ជួបចរចា​​

ដោយ៖​ ថុល ស្រី​លក្ខណ៍
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ក្រុម​កម្មករ​ធ្វើ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ (រូបភាព​៖ ថុល ស្រីលក្ខណ៍)

​បុគ្គលិក​ក្រុមហ៊ុន​ទ្រូ​ថា​ម​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ប្រមូលផ្តុំ​គ្នា​បាតុកម្ម​បិទផ្លូវ​ច្រកចេញ​ចូល​ក្រុមហ៊ុន មិន​ឲ្យ​បុគ្គលិក​ដែល​ពួកគេ​ថា ជា​បុគ្គលិក​ថ្មី​នោះ ចូលធ្វើការ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​ចេញ​មក​ចរចា​ពី​បញ្ហា​សុវត្ថិ​ការងារ​របស់​ពួកគេ​។​

​ការផ្ទុះ​បាតុកម្ម​ជា​ថ្មី​ទៀត​នេះ បន្ទាប់​ពី​ការបរាជ័យ ក្នុង​ការស្នើសុំ​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន ពី​បញ្ហា​បញ្ឈប់​តំណាង​បុគ្គលិក​៩​នាក់​ពី​ការងារ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា​ឆ្នាំ​២០១៤ ។​

​លោក សួន ចំរើន ដែល​អះអាង​ជា​តំណាង​បុគ្គលិក​មានប្រសាសន៍ថា មូលហេតុ​ដែល​ពួកគេ​តវ៉ា​ជា​ថ្មី​ទៀត​នេះ ដោយសារ​ក្រុមហ៊ុន​ឲ្យ​ប្រធាន​ផ្នែក​ធំៗ​ចំនួន​៣​នាក់​បាន​ធ្វើការ​វិញ បើ​ទោះ​ជា​បុគ្គលិក​ធ្លាប់​តវ៉ា​ឲ្យ​ដក​ចេញ​ហើយ​បែរជា​បញ្ឈប់​បុគ្គលិក​ចំនួន​៩​នាក់​ដែល​ធ្លាប់​ដឹកនាំ​បាតុកម្ម​កន្លងមក​។ លោក​ថា «គឺ​ជា​លក្ខខណ្ឌ​​មិន​ច្បាស់​លាស់​ លក្ខខណ្ឌ​មិន​មាន​ទំ​នុក​ចិត្ត​ ក៏​ដូច​ជា​មិន​មាន​ទំ​នួល​ខុស​ត្រូវ ​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ខ្ញុំ​ធ្វើ​ការ​ទាម​ទា​រក​លក្ខខណ្ឌ​​ ក៏​ដូច​ជា​រក​វត្ដ​មាន​អ្នក​ដឹក​នាំណា​ដែល​អាច​មាន​វត្ដ​មាន​ ក៏​ដូច​ជា​​ឥ​ទ្ធិ​ពល​ក្នុង​ការ​ចរ​ចា ។ យើង​ធ្វើ​លិ​ខិត​ចរចា​ជា​សា​ធា​រណៈ​​​ យើង​ធ្វើ​លិ​ខិត​ចរ​ចា​ជា​ផ្លូវ​ការ​​ថា​ តើ​គាត់​ធ្វើ​នេះ​ពិត​ជា​អាច​ធានា​ជូន​ពួក​យើង​វិញ​ទេ​នៅ​ក្នុង​អំ​ឡុង​ពេល​យើង​ចូល​ធ្វើ​ការ​វិញ​ ឬ​ក៏​អំ​ឡុង​ពេល​ដែល​គាត់​ចរ​ចា​វិញ​ ចឹង​ហេតុ​នេះ​ហើយ​បាន​​យើង​ធ្វើការបែប​នេះ»

​លោក សួន ចំរើន បន្ថែមថា ពួកគេ​ទទូច​ឲ្យ​ភាគី​ក្រុមហ៊ុន​នេះ​ចេញមុខ​ធានា​ពី​សុវត្ថិភាព​របស់​ពួកគេ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួលយក​ប្រធាន​ផ្នែក​ទាំង​៣​នាក់​ដែល​លោក​អះអាង​ថា​ធ្លាប់​ប្រើ​ហិង្សា​លើ​បុគ្គលិក ។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ លោក ញ៉ែម សុភ័​ក្រ ដែល​អះអាង​ថា​ខ្លួន​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ទ្រូ​ថា​ម​ភ្នំពេញ អះអាងថា ក្រុមហ៊ុន​បាន​ចរចា​ឲ្យ​បុគ្គលិក​ទាំងនោះ​ចូលធ្វើការ​វិញ តែ​ពួកគេ​មិន​ព្រម ហើយ​មិន​បាន​រើស​បុគ្គលិក​ថ្មី​បន្ថែម​នោះ​ទេ ។ លោក​ថា មូលហេតុ​ដែល​ដក​បុគ្គលិក​៩​នាក់ ដោយសារ​បុគ្គលិក​នោះ​បង្កបញ្ហា​ដល់​ក្រុមហ៊ុន​។ លោក​ថា «គាត់​នៅ​ត​វ៉ាគាត់​​ត​វ៉ា​ទៅ​បុគ្គ​លិក​ថ្មី​យើង​មិន​បាច់​ឲ្យ​ធ្វើ​ការ​ក៏​បាន​ដែរ​ ដែរ​គាត់​កំ​ពុង​តែ​ត​វ៉ា​ តែ​បុគ្គ​លិក​ចាស់​គាត់​ខុស​អី​គេ​ គាត់​ត្រូវ​ការ​ធ្វើ​ការដើម្បី​យក​ប្រាក់​ ហើយ​ដល់​ពេល​គាត់​មក​បិទ​ចឹង»

​ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​កម្មករ លោក តែម តុ​ន មានប្រសាសន៍ថា ការបញ្ឈប់​តំណាង​បុគ្គលិក​ជា​ការរើសអើង​លើ​សហជីព​។ លោក​ថា «កាល​​ណា​ចូល​រួម​សកម្ម​ភាព​សហ​ជី​ព​ ឬ​ក៏​មាន​ការ​ទាម​ទារ​អ​ញ្ចឹង​​ ហើយ​ក្រុម​ហ៊ុន​បញ្ឃប់​គឺ​ខុស​តែ​ម្ដង ​មាន​ន័យ​ថា​រើស​អើង​តែ​ម្ដង ​អត់​គោរព​សិទ្ធិ​សេរី​ភាព​ ហើយ​ក៏​​ដូចមិន​គោ​រព​ច្បាប់​ និយាយ​ឲ្យចំ​ទៅ​គឺ​អត់​គោ​រព​ច្បាប់​តែ​ម្ដង»

​បើ​តាម​បុគ្គលិក ភាគី​ក្រុមហ៊ុន​បាន​បញ្ឈប់​ប្រធាន​ផ្នែក​ចំនួន​៣​នាក់​ពី​ការងារ​គឺ លោក ញ៉ែម សុភ័​ក្រ លោក ញ៉ែម សុភា និង​លោក ទ្រី ណារិន កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ បន្ទាប់​ពី​បុគ្គលិក​ទាមទារ​ឲ្យ​បញ្ឈប់​ថ្នាក់ដឹកនាំ​ទាំង​នេះ​ចេញពី​ការងារ​ដោយ​ចោទ​ថា​ប្រើ​ហិង្សា និង​ប្រើប្រាស់​អាវុធ​គំរាម​ពួកគេ ។ តែ​នៅ​ថ្ងៃទី​២៤​ខែតុលា ភាគី​ក្រុមហ៊ុន​បាន​ទទួល​យក​អ្នក​ទាំង​៣​នាក់​នេះ ឲ្យចូល​ធ្វើការ​វិញ​ជា​បន្តបន្ទាប់ និង​ប្រកាស​បញ្ឈប់​តំណាង​បុគ្គលិក​៩​នាក់ ដែល​ធ្លាប់​ដឹកនាំ​បុគ្គលិក​បាតុកម្ម ទើប​បង្ក​ឲ្យ​ផ្ទុះ​ការតវ៉ា​ជា​ថ្មី​ទៀត​នេះ​៕

សូម​សរសេរ​មក​អ្នកនាង ថុល ស្រី​លក្ខណ៍​ តាម​រយៈ sreyleak@vodhotnews.com

What Next?

Recent Articles