ដោយ៖ ញឹម សុខន
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
គណៈប្រតិភូ របស់ក្រុមហ៊ុនបារាំងមួយ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នាដើមសប្តាហ៍ក្រោយនេះ ដើម្បីសិក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យទឹកស្អាត។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ចុះថ្ងៃ១៤ វិច្ឆិកា ឲ្យដឹងថា នៅថ្ងៃទី១៧ និងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ សប្តាហ៍ក្រោយនេះ គណ:ប្រតិភូក្រុមហ៊ុនបារាំងធំៗចំនួន៤ ដែលមានជំនាញលើវិស័យទឹក នឹងធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីសិក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យនេះ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ទស្សនកិច្ចនេះរៀបចំឡើងដោយទីភ្នាក់ងារ UBIFRANCE និងការិយាល័យសេដ្ឋកិច្ចស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រុមហ៊ុន VEOLIA ។
សេចក្តីប្រកាសព័ត៌មានអះអាងថា ប្រទេសបារាំង ដែលមានជំនាញឯកទេសខ្ពស់លើវិស័យទឹកស្អាត បានធ្វើកិច្ចសហប្រតិបត្តិការតាំងពីយូរលង់មកហើយជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រហូតទទួលបានលទ្ធផលល្អជាច្រើននាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ទស្សនកិច្ចនេះមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសបារាំង ជំនាញខាងវិស័យទឹកស្អាតជាមួយនឹងភាគីកម្ពុជា ក៏ដូចជាសិក្សាអំពីតម្រូវការរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យទឹក។
ព័ត៌មានពីស្ថានទូតបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅ ថ្ងៃច័ន្ទទី១៧ វិច្ឆិកា គណ:ប្រតិភូនឹងធ្វើទស្សនកិច្ចស្ថានីយចម្រោះទឹកស្អាតនិរោធ ហើយនៅព្រឹកថ្ងៃអង្គារ៍ទី១៨ វិច្ឆិកា នឹងចូលរួមកិច្ចពិភាក្សាមួយនៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ ជាមួយនោះដែរ លោកអាឡាំង ហ្វកតាំង ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា នឹងឡើងធ្វើសុន្ទរកថាស្វាគមន៍ បន្ទាប់មកនឹងមានការធ្វើបទបង្ហាញ និងការពិភាក្សាអំពីស្ថានភាពនៃវិស័យទឹកស្អាត និងទិសដៅអភិវឌ្ឍន៍នៅពេលអនាគត ក្រោមវត្តមានរបស់ឯកឧត្តម ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ចំណែកពេលរសៀលនឹងមានការជជែកពិភាក្សាតុមូលជាមួយមន្ត្រីរដ្ឋាករទឹកមកពីខេត្តនានានៃប្រទេសកម្ពុជា។
សមាជិកគណ:ប្រតិភូបារាំងនេះរួមមានក្រុមហ៊ុន SAINT-GOBAINPAM (ជំនាញផលិតបំពង់បង្ហូរទឹកស្អាត) ក្រុមហ៊ុនSERPOL (ជំនាញខាងចម្រោះជាតិពុល ការកម្ចាត់មេរោគ ការច្រោះទឹកកខ្វក់ និងផលិតទឹកស្អាតសម្រាប់តំបន់ដាច់ស្រយាល) ក្រុមហ៊ុន TECOFI (ឯកទេសច្នៃនិងផលិតបំពង់បង្ហូរទឹក ការភ្ជាប់បណ្តាញចម្រោះនិងចែកចាយទឹកស្អាត ចម្រោះទឹកកខ្វក់នៅតាមគេហដ្ឋាន និងនៅរោងចក្រឧស្សាហកម្ម) ហើយនិងក្រុមហ៊ុន VINCI CONSTRUCTION GRANDS PROJETS ដែលមាមានសហការីបំពេញការងារ១ ៤០០នាក់ ដែលមានភារកិច្ចជ្រោមជ្រែងក្រុងក្រុមហ៊ុនបារាំងពង្រីកអាជីវកម្មនៅ៨០ប្រទេស៕